លោកឃួង ស្រេង ប្រជុំតាមរយៈ Video Conference ពិនិត្យ ពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស ដើម្បីរិះរកវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស វិស័យឯកជននានា ក្នុងគោលបំណងទប់ស្កាត់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺមិនមានការថមថយនៅឡើយ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ កិច្ចប្រជុំបានពិភាក្សាគ្នា លើសំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (cAMFEBA), សមាគម ស្បែកជើងកម្ពុជា (CFA), និងសមាគមពាណិជ្ជកម្មជប៉ុននៅកម្ពុជា (JBAC)។

ជាមួយគ្នានោះ ក៏បានពិភាក្សាគ្នាអំពីការដាក់ឲ្យដំណើរការការ ព្យាបាលតាមផ្ទះ និងយន្តការឆ្លើយតបចំពោះកាេងារនេះផងដែរ។
សំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC),បានលើកឡើងថា វិស័យឯកជន បើបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ចំនួន២ដូសហើយ គួរ កាត់បន្ថយពីការធ្វើចត្តាឡីស័ក ពី១៤ថ្ងៃមកនៅ៧ថ្ងៃវិញ ហើយវិស័យឯកជនពេលនេះក៏ឧបករណ៍សំរាប់ធ្វើតេស្តរហ័សរកកូវិដ-១៩ ចំនួន៧០ម៉ឺនតេស្តហើយដែរ ដែលការចំណាយ ជាបន្ទុករបស់រោងចក្រឬក្រុមហ៊ុន ។ពួកគាត់ជឿជាក់ថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩បានចំនួន២ដូសហើយ បើឆ្លងកូវីដ-១៩ក៏វាមានលក្ខណៈស្រាលដែរ មិនធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនោះទេ ។

អង្គប្រជុំក៏បានលើកឡើងថា ការអនុវត្តនៃការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ត្រូវតែប្រែលប្រួលមិនត្រូវអនុវត្តដូចពេលដែលយើងមិនទាន់បានចាក់វ៉ាក់សាំងនោះទេ។ ជាក់ស្តែងនៅពេលនេះភ្នំពេញបានចាក់វ៉ាក់សាំងដូសទី២បញ្ចប់ហើយ។ដូច្នេះយើងគួរតែកែប្រែការអនុវត្តវិធានមួយចំនួន មិនគួរនៅរក្សាដដែលនោះទេ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner