អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានលើអ្នកបើកបរនិងព្រូឡាន ចំនួន ៣៣នាក់ដែលបើកបរចេញ-ចូលតាមច្រកព្រំដែនបាត់ដំបងពីថ្ងៃចាប់ផ្តើមធ្វើតេស្តរហ័សដល់ថ្ងៃទី០៩ខែកក្កដា២០២១
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជម្រុញឲ្យអាជ្ញាធរដែនដី មន្ត្រីសុខាភិបាលប្រចាំការនិងកងកម្លាំងទាំងអស់ត្រូវតែបន្តរឹតត្បិតក្នុងការធ្វើតេស្តរហ័សបន្ថែមទៀត ទៅលើអ្នកបើកបររថយន្តតាក់ស៊ីនិងដឹកទំនិញផ្សេងៗដែលចេញ-ចូលនិងកំពុងរកស៊ីនៅក្នុងមូលដ្ឋានខ្លួនឲ្យបានម៉ត់ចត់បន្ថែមទៀត ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពនិងកាត់ផ្តាច់ពីការឆ្លងនិងការចម្លងពីជម្ងឺរាត្បាតកូវីដ-19។ ជាពិសេសកូវីដ-19 បំប្លែងថ្មី (DELTA)ទាំងអ្នកបើកបរនិងដល់អ្នកដំណើរ ដែលអាចបន្តឆ្លងចូលទៅក្នុងសហគមន៍ របស់ខ្លួនបាន។
ការថ្លែងបែបនេះ ខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីចុះទៅពិនិត្យមើលស្ថានភាពទីតាំងកន្លែងស្នាក់នៅនិងព្យាបាលដល់អ្នកជំងឺកូវីដ-19 ស្រាលៗ និងចង់ស្វែងយល់បន្ថែមអំពីស្ថានភាពប្រឈមនិងពីការលំបាករបស់ក្រុមគ្រូពេទ្យដែលនៅតាមមណ្ឌលព្យាបាល ស្ថិតនៅស្រុកភាគខាងលិចតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្ត កាលពីថ្ងៃទី០៩ខែកក្កដា ២០២១នេះ។ ព្រមទាំងទទួលយកនូវសំណូមពរចាំបាច់មួយចំនួនពីក្រុមគ្រូពេទ្យពីប្រធានច្រកទ្វារព្រំដែន និងពីអាជ្ញាធររដ្ឋបាលស្រុកទាំងនោះដើម្បីរិះរកនូវដំណោះស្រាយក្នុងការឆ្លើយតបសមស្របបានទាន់ពេលវេលាក្នុងការព្យាបាលដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងជម្ងឺកូវីដ-19និងពីវិធានការទប់ស្កាត់ការរីករាលឆ្លងចូលសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
តាមការឲ្យដឹងពីអ្នកនាំពាក្យ នៃ រដ្ឋបាលខេត្តបាត់ដំបង និងយោងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន គិតចាប់តាំងពីចាប់ផ្តើមរហូតដល់ថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២១សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជួរមុខតាមបន្ទាត់ពនរំដែន បានកំណត់យកវត្ថុសំណាកនិងធ្វើតេស្តរហ័សទៅលើអ្នកបើកបរនិងព្រូរថយន្តឆ្លងកាត់ចេញចូលនៅតាមច្រកទ្វារព្រំដែន ខ្មែរ-ថៃ ជាប់និងខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ-19 ចំនួន៣៣នាក់។ ក្រោយពីថ្ងៃចាប់ផ្តើមធ្វើតេស្តរហ័សទៅលើអ្នកបើកបរនិងព្រូឡានទាំងជនជាតិខ្មែរនិងថៃ ចាប់ពីថ្ងៃទី៣០ខែមិថុនារហូតដល់ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១ថ្មិៗនេះ។ ហើយជនជាតិខ្មែរ ដែលរកឃើញវិជ្ជមានកូវីដ-19 ទាំង៣៣នាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាលជាបន្តបន្ទាប់ រួចហើយផងដែរ។
ក្នុងការចុះទៅពិនិត្យមើលនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា ថ្មីៗនេះនៅក្នុងខេត្តកំពុងមានការឆ្លងច្រើនពីជំងឺកូវីដ19ទាំងពលករទើបត្រឡប់មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយក្នុងនោះ រួមទាំងមន្ត្រីនិងបុគ្គលិកសុខាភិបាល ដែលប្រចាំការនៅតាមច្រកព្រំដែន និងនៅតាមស្រុកមួយចំនួន ក៏មានឆ្លងទៀតផង។
តាមការគូសបញ្ជាក់ពីលោក សុខ គឹមខុន អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងបន្ថែមថា៖ពាក់ព័ន្ធស្ថានភាពនៃលំហូរពីការឆ្លងដែនរបស់បងប្អូនប្រជាពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ គឺកំពុងតែមានការថយចុះច្រើន។តែចំពោះលំហូរអ្នកបើកបររថយន្តដឹកទំនិញ ទាំងខាងជនជាតិខ្មែរនិងជនជាតិថៃ ឆ្លងកាត់ចេញចូលតាមច្រកអន្តរជាតិ (ច្រកអន្តរជាតិដូង-បានឡែម) នៅ បន្តមានជារៀងរាល់ថ្ងៃ តាមស្ថានភាពជាក់ស្តែង។
លោកអភិបាលស្រុកកំរៀង ក៏បានបន្តទៀតថាចំពោះការធ្វើតេស្តរហ័សដើម្បីត្រួតពិនិត្យសុខភាពយកវត្ថុសំណាក រកមេរោគកូវីដ-19 ទៅលើអ្នកបើកបររថយន្តនិងអាជីវករ រួមទាំងព្រូឡានផងនោះគឺពួកគេបានចូលរួមសហការបានយ៉ាងល្អប្រសើរទាំងអស់គ្នា ដោយពុំមានករណីក្នុងការគេចវេសនោះទេ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏ធ្វើការណែនាំនិងក្រើនរំលឹកដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បន្ថែមទៀត ដោយកន្លងមកថ្មីៗនេះ នៅក្នុងប្រទេសថៃ កំពុងមានការឆ្លងច្រើនពីមេរោគកូវីដ-19 និងប្រភេទកូវីដបម្លែងថ្មីDelta។ដូចនេះគ្រប់កងកម្លាំងសមត្ថកិច្ចការពារព្រំដែន និងក្រុមគ្រូពេទ្យ ក៏ត្រូវពង្រឹងនូវការត្រួតពិនិត្យឲ្យបានតឹងរឹង ចៀសវាងក្នុងការទប់ស្កាត់កុំឲ្យមានការធ្លាយចេញបងប្អូនពលករណា ដែលមិនឆ្លងកាត់ការធ្វើតេស្តរហ័សយកវត្ថុសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានណែនាំរបស់ក្រសួងសុខាភិបាលកន្លងមក គេចវេសចូលទៅដល់មូលដ្ឋានភូមិ-ឃុំរបស់ពួកគេរស់នៅដោយមិនបានធ្វើសំណាកនិងធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់នោះឡើយ។ ឯកឧត្តមអភិបាលខេត្តបាង់ដំបង ក៏បានសង្កត់ធ្ងន់ទៀតថា៖ ដោយឡែកចំពោះអ្នកបើកបររថយន្តដឹកទំនិញឆ្លងចេញចូលតាមច្រកព្រំដែននិងអ្នកបើកបររថយន្តតាក់ស៊ីស្ថិតក្នុងភូមិសាស្ត្រស្រុកប្រឈម រួមនិងមន្ត្រីសុខាភិបាលក៏ត្រូវធ្វើសំណាកឲ្យបានច្បាស់លាស់ជាមុនផងដែរ ចៀសវាងការឆ្លងនិងចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )






