ប្រទេសចំនួន ២១ សម្ដែងការព្រួយបារម្ភខ្ពស់លើសេរីភាពសារព័ត៌មាននៅហុងកុង

ឡុងដ៍​៖​ ​ជប៉ុន​ អង់គ្លេស ​និង​ប្រទេស​ចំនួន​ ១៩​ ផ្សេង​ទៀត​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​​ ​ទី​០៩​ កក្កដា​​ រិះគន់​សកម្មភាព​ថ្មីៗ​​ប្រឆាំង​នឹង​បណ្តាញ​សារព័ត៌មាន​ហុងកុង​ ហើយ​និយាយ​ថា​ខ្លួន​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ច្បាប់​ថ្មី​ដែល​អាច​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដើម្បី​កាត់​បន្ថយ​កា​ររិះគន់​​រដ្ឋាភិបាល​។​

​សេចក្ដី​ថ្លែងការណ៍​ដែល​រៀបចំ​​ដោយ​ប្រទេស​ធំ​ៗ​ផ្សេង​ទៀត​ រួម​មាន​អូស្រ្តាលី​ កាណាដា ​បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី​ និង​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ពី​កង្វល់​នៃ​ការ​បិទ​កាសែត​ហុងកុងឈ្មោះ​​ Apple​ Daily ​និង​ការ​ចាប់​ខ្លួន​បុគ្គលិក​របស់​ស្ថាប័ន​នេះ​តាម​វិធានការ​ផ្លូវ​ច្បាប់​ថ្មីៗ​​ពី​សំណាក់​អាជ្ញាធរ​ហុងកុង​ ដោយ​​ហៅ​ថា​ជា​ការ​ឆ្លើយ​តប​​នៃ​ការ​កើន​ឡើង​ការ​«​ប្រឆាំង​នឹង​​ការ​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។​

​ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​ចិន​ដី​គោក​ក៏​ដូច​ជា​ហុងកុង​ គោរព​ និង​​លើក​ស្ទួយ​សិទ្ធិ​ដ៏​សំខាន់​​ៗ​ស្រប​តាម​កាតព្វកិច្ច​ច្បាប់​អន្តរជាតិ​ផង​នោះ ​សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​និយាយ​ថា​៖​ «​ការ​ប្រើប្រាស់​ច្បាប់​សន្តិ​សុខជាតិ​ ក្នុង​ការ​បង្ក្រាប​សារ​ព័ត៌មាន​ជា​ជំហាន​ធ្ងន់ធ្ងរ​ និង​អវិជ្ជមាន​ ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កម្រិត​ស្វ័យភាព​ខ្ពស់​​ ​សិទ្ធិ ​និង​សេរីភាព​របស់​ប្រជាជន​នៅ​ហុងកុង​»​។​

កាល​ពី​ឆ្នាំ ​២០២០ ​រដ្ឋាភិបាល​ចិន​​បាន​ណែនាំ​​ច្បាប់​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ច្បាប់​សន្តិសុខ​ជាតិ​  បង្កើត​ឡើង​ដើម្បី​បង្ក្រាប​នូវ​អ្វី​ដែល​ខ្លួន​យល់​ថា​ជា​សកម្មភាព​វិទ្ធង្សនា​។​ យ៉ាង​ណា​មិញ​ ក្រោម​គោល​នយោបាយ​ «​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​»​ របស់​​ចិន​ អតីត​ដែនដី​អាណានិគម​អង់គ្លេស​កោះ​​ហុងកុង​​ ធ្លាប់​ត្រូវ​បាន​គេ​សន្យា​ថា​​ នឹង​ទទួល​បាន​សិទ្ធិ​​ សេរីភាព​ពាក់​កណ្តាល​ស្វ័យភាព​តំបន់​​រយៈ​ពេល​ ៥០​ ឆ្នាំ ​បន្ទាប់​ពី​ត្រូវ​បាន​ប្រគល់​ឱ្យ​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ​​ក្នុង​ឆ្នាំ ​១៩៩៧​។

ប្រភព៖ Kyodo News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner