អាជ្ញាធរខេត្តបាត់ដំបងតេស្តរហ័សរកឃើញករណីវិជ្ជមានលើអ្នកបើកបរ-ព្រូឡាន និង ពលករ ចំនួន៦៤នាក់ ក្នុងចំណោម៤.៩០៧នាក់ចេញ-ចូលតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី០១ដល់ថ្ងៃទី១១ខែកក្កដានេះ

អត្ថបទដោយ៖
Kien Sereyvuth

   ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជម្រុញឲ្យអាជ្ញាធរដែនដី មន្ត្រីសុខាភិបាលប្រចាំការនិងកងកម្លាំងទាំងអស់ត្រូវតែបន្តរឹតត្បិតក្នុងការធ្វើតេស្តរហ័សបន្ថែមទៀត ទៅលើអ្នកបើកបររថយន្តតាក់ស៊ីនិងដឹកទំនិញផ្សេងៗដែលចេញ-ចូលនិងកំពុងរកស៊ីនៅក្នុងមូលដ្ឋានខ្លួនឲ្យបានម៉ត់ចត់បន្ថែមទៀត ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពនិងកាត់ផ្តាច់ពីការឆ្លងនិងការចម្លងពីជម្ងឺរាត្បាតកូវីដ-19។ ជាពិសេសកូវីដ-19 បំប្លែងថ្មី (DELTA)ទាំងអ្នកបើកបរនិងដល់អ្នកដំណើរ ដែលអាចបន្តឆ្លងចូលទៅក្នុងសហគមន៍ របស់ខ្លួនបាន។

       ការថ្លែងបែបនេះ ខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីចុះទៅពិនិត្យមើលស្ថានភាពទីតាំងកន្លែងស្នាក់នៅនិងព្យាបាលដល់អ្នកជំងឺកូវីដ-19 ស្រាលៗ និងចង់ស្វែងយល់បន្ថែមអំពីស្ថានភាពប្រឈមនិងពីការលំបាករបស់ក្រុមគ្រូពេទ្យដែលនៅតាមមណ្ឌលព្យាបាល ស្ថិតនៅស្រុកភាគខាងលិចតាមបន្ទាត់ព្រំដែនខ្មែរ-ថៃក្នុងភូមិសាស្ត្រខេត្ត កាលពីចុងសប្តាហ៍នេះ។

     តាមការឲ្យដឹងពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង និងយោងរបាយការណ៍ប្រចាំថ្ងៃ គិតចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១១ ខែកក្កដា២០២១ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជួរមុខតាមបន្ទាត់ព្រំដែន បានកំណត់យកវត្ថុសំណាកនិងធ្វើតេស្តរហ័សទៅលើអ្នកបើកបរ-ព្រូរថយន្តឆ្លងកាត់ចេញ-ចូល នៅតាមច្រកទ្វារព្រំដែន ខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងបងប្អូនពលករ ដែលបានវិលត្រឡប់ ពីប្រទេសថៃ និងបានធ្វើតេស្តរហ័សរកឃើញអ្នកវិជ្ជមានកូវីដ-19 សរុបចំនួន ៦៤នាក់ ក្នុងចំណោម ធ្វើការត្រួតពិនិត្យសុខភាព និងតេស្តរហ័ស លើវត្ថុសំណាកសរុប ចំនួន៤.៩០៧នាក់ រកឃើញវិជ្ជមាន៦៤នាក់។ ក្នុងនោះ អ្នកបើកបររថយន្ត – ព្រូឡានសរុប៤.៥៧៧នាក់ គឺ៖ស្មើនិងរថយន្តសរុបចំនួន២.៤៩៥គ្រឿង និងធ្វើតេស្តរហ័ស្តរកឃើញករណីវិជ្ជមាន ចំនួន៤០នាក់។ និងពលករចំនួន ៣៣០នាក់ រកឃើញវិជ្ជមាន ចំនួន ២៤នាក់។ ហើយត្រូវបានបញ្ជូនទៅព្យាបាលជាបន្តបន្ទាប់ រួចហើយផងដែរ។

      ក្នុងការចុះទៅពិនិត្យមើលនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា ថ្មីៗនេះនៅក្នុងខេត្តកំពុងមានការឆ្លងច្រើនពីជំងឺកូវីដ19ទាំងពលករទើបត្រឡប់មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយក្នុងនោះ រួមទាំងមន្ត្រីនិងបុគ្គលិកសុខាភិបាល ដែលប្រចាំការនៅតាមច្រកព្រំដែន និងនៅតាមស្រុកមួយចំនួន ក៏មានឆ្លងទៀតផង។

     តាមការគូសបញ្ជាក់ពីលោក សុខ គឹមខុន អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងបន្ថែមថា៖ពាក់ព័ន្ធស្ថានភាពនៃលំហូរពីការឆ្លងដែនរបស់បងប្អូនប្រជាពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ គឺកំពុងតែមានការថយចុះច្រើន។តែចំពោះលំហូរអ្នកបើកបររថយន្តដឹកទំនិញ ទាំងខាងជនជាតិខ្មែរនិងជនជាតិថៃ ឆ្លងកាត់ចេញចូលតាមច្រកអន្តរជាតិ (ច្រកអន្តរជាតិដូង-បានឡែម) នៅ បន្តមានជារៀងរាល់ថ្ងៃ តាមស្ថានភាពជាក់ស្តែង។

          ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏ធ្វើការណែនាំនិងក្រើនរំលឹកដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បន្ថែមទៀត ដោយកន្លងមកថ្មីៗនេះ នៅក្នុងប្រទេសថៃ កំពុងមានការឆ្លងច្រើនពីមេរោគកូវីដ-19 និងប្រភេទកូវីដបម្លែងថ្មីDelta។ដូចនេះគ្រប់កងកម្លាំងសមត្ថកិច្ចការពារព្រំដែន និងក្រុមគ្រូពេទ្យ ក៏ត្រូវពង្រឹងនូវការត្រួតពិនិត្យឲ្យបានតឹងរឹង ចៀសវាងក្នុងការទប់ស្កាត់កុំឲ្យមានការធ្លាយចេញបងប្អូនពលករណា ដែលមិនឆ្លងកាត់ការធ្វើតេស្តរហ័សយកវត្ថុសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានណែនាំរបស់ក្រសួងសុខាភិបាលកន្លងមក គេចវេសចូលទៅដល់មូលដ្ឋានភូមិ-ឃុំរបស់ពួកគេរស់នៅដោយមិនបានធ្វើសំណាកនិងធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់នោះឡើយ។ ឯកឧត្តមអភិបាលខេត្តបាង់ដំបង ក៏បានសង្កត់ធ្ងន់ទៀតថា៖ ដោយឡែកចំពោះអ្នកបើកបររថយន្តដឹកទំនិញឆ្លងចេញចូលតាមច្រកព្រំដែននិងអ្នកបើកបររថយន្តតាក់ស៊ីស្ថិតក្នុងភូមិសាស្ត្រស្រុកប្រឈម រួមនិងមន្ត្រីសុខាភិបាលក៏ត្រូវធ្វើសំណាកឲ្យបានច្បាស់លាស់ជាមុនផងដែរ ចៀសវាងការឆ្លងនិងចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner