អាមេរិកដាក់ក្រុមហ៊ុនចិនចំនួន ១៤ ចូលបញ្ជីខ្មៅ ជុំវិញបញ្ហាសិទ្ធមនុស្សនៅតំបន់ស៊ីនជាំង

កាល​ពី​ថ្ងៃ​សុក្រ ទី​៩ កក្កដា ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន បាន​ដាក់​ក្រុមហ៊ុន​ និង​នីតិបុគ្គល​ចិន​ចំនួន​ ១៤ រូប​ ចូល​បញ្ជី​ខ្មៅ​សេដ្ឋកិច្ច​ ជុំវិញ​ការ​ចោទ​ប្រកាន់​រំលោភ​សិទ្ធ​មនុស្ស​ និង​ការ​ឃ្លាំមើល​នៅ​តំបន់​ស៊ីនជាំង​។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​និយាយ​ថា​ក្រុមហ៊ុន​ទាំង​នោះ «មាន​ជាប់​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​បំពាន​នានា​ក្នុង​ការ​អនុវត្ត​យុទ្ធនា​របស់​ចិន​ដែល​រួមមាន​ការ​បង្ក្រាប ការ​ឃុំឃាំង​មនុស្ស​ទ្រង់​ទ្រាយ​ធំ និង​ការ​ឃ្លាំមើល​ទំនើប​ ប្រឆាំង​នឹង​ជនជាតិ​អ៊ុយហ្គ័រ កាហ្សាក់ និង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​ជនជាតិ​ភាគតិច​មូស្លីម នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​អ៊ុយហ្គ័រ​»។ កាល​ពី​ខែ​មុន​ អាមេរិក​បាន​ដាក់​ក្រុមហ៊ុន​ និង​នីតិបុគ្គល​ចិនចំនួន​​ ៥រូប​ ផ្សេង​ទៀត​ក្នុង​បញ្ជី​ខ្មៅ​ជុំវិញ​ការ​ចោទ​ប្រកាន់​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​។

ប្រទេស​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ការ​រំលោភ​សិទ្ធ​មនុស្ស និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​តំបន់​ស៊ីនជាំង ហើយ​បាន​និយាយ​ថា​គោលនយោបាយ​របស់​ខ្លួន គឺ​ចាំបាច់​ដើម្បី​លុប​បំបាត់​ក្រុម​បំបែក​ខ្លួន និង​ក្រុម​ជ្រុល​និយម​សាសនា ដែល​បាន​ឃុបឃិត​ធ្វើ​ការ​វាយ​ប្រហារ និង​បង្ក​ភាព​តាន​តឹង​រវាង​ជនជាតិ​ភាគតិច​ និង​រដ្ឋាភិបាល​ចិន​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក​ Wang Wenbin បាន​និយាយ​ថា​៖ «ភាគី​ចិន​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់​ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ចិន និង​ច្រាន​ចោល​រាល់​ការ​ប៉ុនប៉ង​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​»​។

រួម​ជា​មួយ​ក្រុមហ៊ុន​ទាំង​១៤​នេះ​ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​ថា​ពួកគេ​នឹង​ដាក់​នីតិបុគ្គល​សរុបចំនួន​​ ៣៤នាក់​ ទៅ​ក្នុង​បញ្ជី​ខ្មៅ​នេះ​ ដែល​រួម​មាន​ស្ថាប័ន​អ៊ីរ៉ង់​ និង​រុស្សី​មួយ​ចំនួន​ ហើយ​នីតិបុគ្គល​ចំនួន​៥​ នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ទំនើប​កម្ម​យោធា​ចិន​ ក្នុង​វិស័យ​អាវុធ​កាំរស្មី​ឡាស៊ែរ​ និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ប្រយុទ្ធ​។ នីតិបុគ្គល​ចំនួន ៨ ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​សម្រប​សម្រួល​ដល់​ការ​នាំ​ចេញ​ទំនិញ​របស់​អាមេរិក​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ និង​នីតិបុគ្គល​ ៥នាក់​ទៀត​ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​ទិញ​គ្រឿង​អេឡិចត្រូនិក​អាមេរិក​ ដើម្បី​ជួយ​ដល់​ទំនើបកម្ម​យោធា​រុស្សី​។

ជាទូទៅ​ក្រុមហ៊ុន ឬ​នីតិ​បុគ្គល​ ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​សេដ្ឋកិច្ច ត្រូវ​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ និង​ប្រឈម​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ នៅ​ពេល​ដែល​ពួក​គេ​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ក្រុមហ៊ុន ឬ​នីតិ​បុគ្គល​អាមេរិក​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner