មេ​ដឹក​នាំ​ស្ដីទី​​ហៃទី​ស្នើ​សុំ​​ទ័ព​ពី​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពីអតីត​​ប្រធានាធិបតី​​ខ្លួន​ត្រូវ​​គេ​ធ្វើ​ឃាត​

ហួន​ ឌីណា

​ផត-អូ-ព្រីនស៍៖​ ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​ប្រទេស​ហៃទី​ ​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហ​​ប្រជា​ជាតិ​ដាក់​ពង្រាយ​កង​ទ័ព​ដើម្បី​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​ ខណៈ​ដែល​ខ្លួន​ព្យាយាម​ធ្វើ​ឱ្យ​ប្រទេស​មាន​ស្ថេរភាព​ និង​ត្រៀម​រៀប​ចំ​​ការ​បោះឆ្នោត​ បន្ទាប់​ពី​ប្រធានាធិបតី​​លោក ​Jovenel Moïse វ័យ ៥៣​ ឆ្នាំ​ ​ត្រូវ​បាន​ធ្វើ​ឃាត​កាល​ពី​សប្ដាហ៍​មុន​។​

​​សំណើ​រ​សុំ​ការ​គាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​បាន​រំ​ឭក​​ពី​រឿង​ដែល​​កើត​ឡើង​នៅ​​ប្រទេស​ហៃទី​ក្នុង​ឆ្នាំ ​១៩១៥ ​នៅ​ពេល​​ហ្វូង​មនុស្ស​​បាន​អូស​ប្រធានាធិបតី​លោក ​Vilbrun ​Guillaume ​Sam​ ដោយ​កំហឹង​ចេញ​ពី​ស្ថាន​ទូត​បារាំង​ហើយ​វាយ​លោក​រហូត​ដល់​ស្លាប់​។​ ជា​ការ​ឆ្លើយ​តប​ ​ប្រធានាធិបតី​អាមេរិក​លោក ​Woodrow ​Wilson​ នៅ​ពេល​នោះ​បាន​បញ្ជូន​កង​ម៉ារីន​ទៅ​ប្រទេស​នេះ​​ ដើម្បី​ផ្តល់​យុត្តិកម្ម​ដល់​យោធា​អាមេរិក​​កាន់​កាប់​ជិត​ពីរ​ទសវត្ស​ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​បញ្ចៀស​ភាព​អនាធិបតេយ្យ​។​

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Associated Press ​​លោក​ Mathias​ Pierre​ ​រដ្ឋ​មន្រ្តី​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​​ហៃទី​ បាន​​និយាយ​​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ​១០ ​កក្កដា​ ថា​កម្លាំង​ប៉ូលីស​ក្នុង​តំបន់​ខ្សោយ​ និង​ខ្វះ​ធន​ធាន​។

​លោក​និយាយ​ថា​៖​ «​យើង​មិន​សុំ​ឱ្យ​(អាមេរិក)​​​ មក​គ្រប់​គ្រង​លើ​ប្រទេសនោះ​​ទេ​។​ យើង​គ្រាន់​តែ​ស្នើ​សុំ​ជំនួយ​ទ័ព​តូច​មួយ​ដើម្បី​ជួយ​យើង​ប៉ុណ្ណោះ​។​ ខ្ញុំ​គិត​ថា​ដោយ​សារ​តែ​យើង​ខ្សោយ​ ទើប​យើង​ត្រូវ​ការ​អ្នក​ជិត​ខាង​​ជួយ​»​។​

​កាល​ពី​ថ្ងៃ​សៅរ៍​ មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​របស់​លោក ​Biden​ លើក​ឡើង​​ថា​ សហរដ្ឋ​អាមេរិក​មិន​មាន​ផែនការ​ផ្តល់​ជំនួយ​យោធា​នៅ​ពេល​នេះ​ទេ​ ។​ មន្ត្រី​​ដែល​​សុំ​អត្ថាធិប្បាយ​​​ជា​អនាមិក​ដដែល ​បាន​និយាយ​ថា​ រដ្ឋបាល​របស់​ខ្លួន​នឹង​បញ្ជូន​ភ្នាក់ងារ​ជាន់​ខ្ពស់​របស់ ​FBI ​និង​មន្រ្តី​ក្រសួង​សន្តិសុខមាតុភូមិ​ទៅ​ក្រុង​ផត-អូ-ព្រីនស៍ ​(Port-au-Prince)​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​វាយ​តម្លៃ​ស្ថានភាព​​និង​របៀប​ដែល​សហរដ្ឋ​អាមេរិក​អាច​ជួយ​បាន​។​ ​

​ជាមួយ​គ្នា​នេះ​ ហៃទី​ក៏​បាន​ផ្ញើ​លិខិត​មួយ​ទៅ​អង្គការ​សហ​ប្រជាជាតិ​ស្នើ​សុំ​ជំនួយ​កងទ័ព​ និង​កង​សន្តិសុខ​ផង​ដែរ​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រង​អង្គការ​សហប្រជាជាតិ​លោក ​Farhan ​Haq​ ​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​​។​ ​

​​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​នាយក​រដ្ឋមន្រ្តី​ហៃទី​បណ្តោះអាសន្ន​លោក ​​Claude ​Joseph ​បាន​និយាយ​ថា​៖​ «​យើង​ពិត​ជា​ត្រូវ​ការ​ជំនួយ​ ហើយ​យើង​បាន​ក៏​ស្នើ​សុំ​ដៃ​គូអន្តរជាតិ​របស់​យើង​ឲ្យ​ជួយ​​ ដោយ​ជឿ​ថា​ ដៃគូ​របស់​យើង​អាច​ជួយ​នគរបាលជាតិ​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​នេះ​»​។​

​កាល​ពី​ថ្ងៃ​សុក្រ​ដូច​គ្នា ​សមាជិក​សភា​មួយ​ក្រុម​បាន​ប្រកាស​ថា​ ខ្លួន​បាន​ទទួល​ស្គាល់​លោក​​Joseph ​Lambert ​ជា​ប្រធាន​ព្រឹទ្ធ​សភា​ ក្នុង​នាម​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ ​ក្នុង​ការ​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ចំពោះ​សិទ្ធិ​អំណាច​របស់​រដ្ឋា​ភិបាល​បណ្តោះ​អាសន្ន​។ ​ប៉ុន្តែ​អ្នក​នយោបាយ​រូប​នេះ​ បាន​និយាយ​ថា​លោក​មិន​ចាប់​អារម្មណ៍​នឹង​​អំណាច​នេះ​ទេ​។​

​លោក​បាន​និយាយ​ថា​៖​ «​មាន​តែ​ផ្លូវ​មួយ​គត់​ដែល​អាច​ឱ្យ​ពលរដ្ឋ​ហៃទី​ ក្លាយ​ជា​ប្រធានាធិបតី​បាន​ គឺ​ការ​បោះឆ្នោត​»​។​

ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​ហៃទី​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ ​២០១៩ ​ប៉ុន្តែ​​ជម្លោះ​នានា​បាន​ពន្យាពេល​ការ​ជ្រើស​តាំង​នេះ ​​ដោយ​​ឱ្យ​លោក ​Moïse ​បន្ត​កាន់​ដំណែង​ទៀត​តាម​រយៈ​ក្រឹត្យ​។ ​អតីត​ប្រធានាធិបតី​រូប​នេះ ​បាន​គ្រោង​ធ្វើ​ប្រជាមតិ​មួយ​នៅខែ​កញ្ញា​ខាង​មុខ​នេះ ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​ស្នើ​ឡើង​។​

កាល​ពី​ខែ​កុម្ភៈ​ លោក ​Moïse​ បាន​និយាយ​ថា​ ការ​​ប៉ុន​ប៉ង​សម្លាប់​ ​និង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​​​គឺ​ជា​រឿង​ខក​ជើង​។​ លោក​ថ្លែង​បែប​នេះ​ នៅ​ថ្ងៃ​ដែល​ក្រុម​ប្រឆាំង​បាន​ទាមទារ​ឱ្យ​លោក​ចុះ​ចេញ​ពី​ដំណែង​។​ មិន​ទាន់បាន​ពាក់​កណ្ដាល​ឆ្នាំ​​ស្រួល​បួល​ផង​ លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ផ្ទះ​របស់​លោក​ ដែល​ធ្វើ​ឱ្យ​លោក​ស្រី ​Martine ​Moïse ​ដែល​ជា​ភរិយា​​រង​របួស​ដូច​គ្នា​។​

ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ដោយ​លើ​ទាហាន​ស៊ីឈ្នួល​បរទេស​ចំនួន ​២៨ ​នាក់​។​

លោក​ស្រី ​Moïse​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ថា​ ស្វាមី​របស់​លោក​ស្រី​ត្រូវ​បាន​គេ​សម្លាប់​ដោយ​សារ​តែ​ការ​ព្យាយាម​អភិវឌ្ឍ​ប្រទេស​។ ​លោក​ស្រី​បាន​និយាយ​ថា​៖​ «​ទាហាន​ស៊ីឈ្នួល​ដែល​បាន​ធ្វើ​ឃាត​ប្រធានាធិបតី​ បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​គុក​នៅ​ឡើយ ​ប៉ុន្តែ​ទាហាន​ស៊ីឈ្នួល​ដទៃ​ទៀត​កំពុង​ចង់​សម្លាប់​ក្តី​សុបិន្ត​ ចក្ខុ​វិស័យ ​និង​មនោគម​វិជ្ជា​របស់​លោក​»​។​

​មក​ទល់​នឹង​ពេល​នេះ​ គេ​មិន​ដឹង​ថា​អ្នក​ណា​ជា​មេក្លោង​ក្រោយ​ការ​វាយ​ប្រហារ​នេះ​នោះ​ទេ​​ ​ហើយ​សំណួរ​ជា​ច្រើន​នៅ​តែមាន​ អំពី​របៀប​ដែល​ជនល្មើស​អាច​វាយ​លុក​គេហដ្ឋាន​របស់​ប្រធានាធិបតី​រូប​នេះ​បាន​​។ ​លោក ​Joseph ​បាន​បដិសេធ​បញ្ជាក់​ពី​រឿង​នេះ​ ប៉ុន្តែ​លោក​និយាយ​ថា​ លោក ​Moïse ​ចាប់​ផ្ដើម​មាន​សត្រូវ​កាន់​តែ​​ច្រើន​ឡើង​ នៅ​ពេល​ដែល​លោក​វាយ​ប្រហារ​ទៅ​លើ​ពួក​អាលីហ្គិច​​​។​

​ក្រុម​អ្នក​វិភាគ​លើក​ឡើង​​ថា​ អ្នក​ដែល​ធ្វើ​ផែនការ​វាយប្រហារ​​ទំនង​ជា​មាន​ទំនាក់ទំនង​ជាមួយ​ឧក្រិដ្ឋជន​ដែល​បាន​រីកដុះ​ដាល​នៅ​ចំពេល​មាន​អំពើ​ពុក​រលួយ​ និង​ការ​ជួញដូរ​គ្រឿង​ញៀន​។​ ការ​កើន​ឡើង​អំណាច​នៃ​ក្រុម​​ទំនើង​ ដែល​ធ្វើសកម្មភាព​ប្រយុទ្ធ ​ដុត​ផ្ទះ​ និង​ប្លន់​ប្រជាជន​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ​១៤ ៧០០ ​នាក់​​ផ្លាស់​ទី​លំនៅ​​ក្នុង​ប្រទេស​ហៃ​ទី​កាល​ពី​ខែ​មុន​។​

​ប្រជាជន​ហៃទី​រាប់​រយ​នាក់​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ស្ថាន​ទូត​អាមេរិត​ប្រចាំ​ក្រុង​ផត-អូ-ព្រីនស៍​ ដើម្បី​ស្នើ​សុំសិទ្ធិ​​ជ្រក​កោន​ ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​។​

កាសែត​ AP ​បាន​ស្រង់​សម្ដី​របស់​ពលរដ្ឋហៃទី​​អាយុ ​៣៦​ ឆ្នាំ​ម្នាក់​ ​ឈ្មោះ​​ Thermidor​ Joam ​ដែល​បាន​និយាយ​ថា​៖ «​ប្រទេស​នេះ​គ្មាន​អ្វី​ដែល​ផ្ដល់​ឱ្យ​នោះ​ទេ​ សូម្បី​តែ​ប្រធានាធិបតី​មាន​កង​កម្លាំង​ឆ្វេង​ស្ដាំ​នៅ​ត្រូវ​បាន​គេ​សម្លាប់​ ចុះ​ទម្រាំ​ខ្ញុំ​ដែល​គ្មាន​អ្វីការពារនោះ​»​។ ​

ប្រភព៖

  1. ‘We need help’: Haiti’s interim leader requests US troops https://apnews.com/article/business-caribbean-haiti-election-2020-011ce271fe57211c29ffb0e5eef9c506
  2. Jovenel Moïse: President’s widow speaks for first time https://www.bbc.com/news/world-latin-america-57791618
  3. Haiti in upheaval: President Moïse assassinated at home https://apnews.com/article/haiti-president-jovenel-moise-killed-b56a0f8fec0832028bdc51e8d59c6af2

​​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner