វ៉ារ្យ៉ង់ Delta និង ​វិសមភាព​​វ៉ាក់សាំងនឹង​ប៉ះ​ពាល់​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញនៃ​សេដ្ឋ​កិច្ច​​ទូទាំង​ពិភពលោក ​

សៅ សម្ភស្ស

បណ្តាប្រទេសទាំងអស់​នៅទូទាំងពិភពលោក ត្រូវ​ប្រឈម​នឹង​​​រលក​ថ្មី​នៃ​វិបត្តិកូវីដ ១៩ ដោយ​បាន​និង​កំពុង​​ដាក់​ចេញនូ​វការរឹតប​ន្តឹង​ថ្មី​ការពារ​នូវ​ការ​រីករាល​ដាល​នៃ​វ៉ារ៉្យង់ Delta ថ្មី​ បន្ទាប់​​ពី​រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​ G20 ព្រមានថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច​ ត្រូវបានគំរាមកំហែង​ដោយ វ៉ារ្យ៉ង់ថ្មី និង​វិសមភាព​នៃ​ការ​ចែក​ចាយ​​វ៉ាក់សាំងទូទាំង​ពិភពលោក​។​

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃ​ក្រុមប្រទេស​ G20 រៀបរាប់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ចុងក្រោយថា៖ «ការ​ស្ទុះ​ឡើង​នៃ​សេដ្ឋកិច្ច និង​ការវិល​ត្រឡប់​ទៅ​ភាព​ប្រក្រតីវិញ ត្រូវបានកំណត់កម្រិត​នៃ​ការ​ប្រឈម​នឹង​ហានិភ័យ​នៃ​ស្ថានភាព​ឆ្លង​នៅ​ក្នុង​​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក​ ជា​ពិសេសការរីករាលដាល​នៃវ៉ារ្យ៉ង់ថ្មី​ និង​ការ​ចាក់វ៉ាក់សាំងរៀងៗខ្លួន​»​។

ប្រធានគណៈកម្មាធិការសហគមន៍អ៊ឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ថា៖ «វ៉ាក់សាំង​ប្រហែល ៥០០ លានដូស នឹង​ត្រូវបានចែកចាយទៅ​គ្រប់តំបន់ទាំងអស់នៅអឺរ៉ុបក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ»​។

យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអ៊ឺរ៉ុប សមា​មាត្រ​នៃ​អ្នក​ទទួល​បាន​វ៉ាក់សាំង​ទៅតាម​ក្រុម​មនុស្ស​ពេញវ័​យ(មាន​អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប និងនៅអឺរ៉ុប​ មាន​ត្រឹមតែ ៤៤,១ ភាគរយ​ប៉ុណ្ណោះ។

ដោយឡែក បើក្រឡេក​មើល​ប្រជាជា​តិជាច្រើនទូទាំង ទ្វីបអាហ្រ្វិក និងអាស៊ី កំពុង​ប្រឈម​នឹង​វិបត្តិ​កង្វះ​វ៉ាក់សាំង​ ជាច្រើន​ខែ ​ក្រោយ​ទទួល​បាន​វ៉ាក់សាំង​មួយ​ចំនួន​ពី​​កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​សកល (COVAX) កន្លងមក​។

តួរយ៉ាង ទ្វីប​អាហ្រ្វិក​ គឺ​ជា​តំបន់​ងាយ​រងគ្រោះបំផុត​ ដោយ​ក្នុង​ចំណោម​ប្រជាជន​ចំនួន ១,៣ ពាន់​លាន​នាក់(ឬស្មើនឹង​ ​​១៨% ​​នៃចំនួនប្រជាជនពិភពលោក) ​ប្រមាណ​​​ ២% ​ប៉ុណ្ណោះ ​នៃ​​ចំនួន​វ៉ាក់សាំង​សម្រាប់​ចែក​ចាយ​នៅ​លើ​ពិភព​លោក​​ ​​ត្រូវបាន​​ចែ​ក​ចាយ​នៅ​ទ្វីប​នេះ​ ខណៈ​បណ្តាប្រទេសអាហ្វ្រិកមួយចំនួន ​នៅ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​មួយ​ដូស​នៅឡើយ​។​

ទីប្រឹក្សារបស់អង្គការសុខភាពពិភពលោក  កាលពីខែ មិថុនា បាន​និយាយថា ក្នុងចំណោមប្រទេស ដែល​មាន​ប្រាក់ចំ​ណូលទាប​ចំនួន ៨០ នៅទូទាំងពិភពលោក ដែលបានទទួលវ៉ាក់សាំង តាមរយៈ​កម្មវិធី​វ៉ាក់សាំង​សកលនេះ ប្រមាណជា ៤០ ប្រទេសត្រូវ​ទទួល​រង​វិបត្តិ​ខ្វះ​វ៉ាក់សាំង ឬ ជិត​នឹង​អស់​វ៉ាក់សាំង​។

អ្នកជំនាញផ្នែកសុខភាព និងអ្នកដឹកនាំពិភពលោក តែង​ព្រមានម្តងហើយម្តងទៀតថា ទោះបី​ប្រទេស​អ្នក​មាន​ចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេក៏ដោយ ក៏​មិន​អាច​បង្រ្កាប​ជំងឺរាតត្បាត​នេះ​បាន​ដែរ ប្រសិន​បើ​ វីរុសនេះ​នៅ​តែ​​រីករាលដា​លនៅក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​។

លោក John Nkengasong អ្នកជំនាញខាងរោគសាស្ត្រ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ និងបង្ការ​ជំងឺ​អាហ្វ្រិក​ បានមា​នប្រសាសន៍ថា៖ « យើងតែង​និយាយ​ថា យើងរួម​គ្នា​បញ្ឍប់​ជំងឺ​រាតត្បាត​ទាំង​អស់​គ្នា​ អញ្ចឹង​យើង​នៅ​មិន​ទាន់​ឆ្លង​ផុត​វា​នៅឡើយ​ទេ ប្រសិន​បើ​បណ្ដាប្រទេស​នានា​នៅ​ប្រឈ​ម​នឹង​គ្រោះ​ថ្នាក់​នៅ​ឡើយ​»។

ការធ្លាក់ចុះ​នៃ​កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​  អាចបណ្តាលឱ្យមានវ៉ារ្យ៉ង់ថ្មី ចម្លង​ដល់​មនុស្ស​ ដែល​ចាក់​វ៉ាក់សាំង​រួច​ហើយ​ទៀត​ផង។ បណ្តាប្រទេស ដែលគ្មានថវិកា​សម្រាប់ទិញ​វ៉ាក់សាំង​ ក៏​ត្រូវ​ប្រឈម​នឹង​វិបត្តិ​កង្វះ​ហរិញ្ញវត្ថុក្នុង​កា​រ​ទិញ​វ៉ាក់សាំង​ពី​ទីផ្សារ​ឯក​ជន​ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​វ៉ាក់សាំង​ទូទៅ​។​ ហើយ​ប្រសិន​បើ នៅ​ផលិត​មិនទាន់​វិញ​ទៀត​ ប្រជាជន​ដែលងាយរងគ្រោះ​រួមមាន​ មនុស្សវ័យចំណាស់ និង​បុគ្គលិក​សុខា​​ភិបា​ល​ ក្រោយ​ទទួល​បាន​ដូស​ទី ១ ហើយ​ ត្រូវ​រង​ចាំ​ទម្រាំ​បាន​វ៉ាក់សាំង​ដូស​ទី ២ ទៀត​។

ជាមួយគ្នានេះ​ ប្រទេស​ដែល​មាន​ប្រជាជន​ទទួល​បាន​វ៉ាក់សាំអ​ច្រើន​ហើយ​រួមមាន​ ចក្រភព​អង់គ្លេស​ជា​ដើម​ ក៏​បាន​ប្រកាស​បន្ថយ​ការ​ររឹតត្បិត​​ក្នុងរយៈពេល ២ សប្តាហ៍ទៀត បង្ក​ជា​ការ​ព្រួ​យ​បារម្ភ​ពី​សំណាក់​បណ្ដា​ប្រទេស​នានា​ ក៏​ដូច​ជា​អង្គការ​សុខ​ភាពពិភព​លោក​ផងដែរ​។

ទោះយ៉ាងណា សមាគមវេជ្ជសាស្រ្តអង់គ្លេស (BMA) បានសម្តែងការព្រួយបារម្ភ​អំពី​ការសម្រេច​របស់​ប្រទេស​នេះថា រដ្ឋាភិបាលគួរតែបន្ត វិធានការណ៍ប្រឆាំងនឹងមេរោគឆ្លង ដែលអាចទទួលយកបាន ហើយ​ចាត់​វិធានការតាម​ទិន្នន័យឆ្លង មិន​មែន​តាម​​កាលបរិច្ឆេទទេ​  នៅពេលធ្វើការ​សម្រេចចិត្ត​លើការ ការពារ​អាយុ​ជីវិតប្រជាជន​។

អង្គការសុខភាពពិភពលោក (WHO) បាន ព្រមានរដ្ឋាភិបាលនានាជុំវិ​ញពិភពលោកកុំឱ្យ​ បន្ធូរ​បន្ថយ​ការ​រឹត​បណ្តឹង​ឆាប់ៗ​ពេក​  ដោយនិយាយថា ប្រទេសដែលប្រថុយ​ប្រថាន​នឹង​រឿង​នេះ នឹង​ត្រូវ​ទទួល​នូវ​បញ្ហា​ប្រឈម​ទៅ​តាម​សកម្មភាព​របស់​ខ្លួន​។

ប្រភព៖

In poorest countries, surges worsen shortages of vaccines

https://apnews.com/article/africa-coronavirus-pandemic-health-a4e722e082aa06a2c25f59f24b0a8eaf

COVID-19 Delta variant puts brakes on return to normalityឮ

https://www.channelnewsasia.com/news/world/covid-19-delta-variant-puts-brakes-on-return-to-normality-15194534

‘It isn’t over’: WHO warns against easing COVID curbs too soon

https://www.aljazeera.com/news/2021/7/6/who-warns-against-easing-covid-curbs-too-soon

Vaccine Shortages Hit Global Supply Program, Halting Rollouts

Will There Be Enough Vaccines? Covax Is Running Out – Bloomberg

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner