អ៊ុយក្រែន​ និង​ណាតូ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ខ្មៅ បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុស្សី​-អង់គ្លេស

សុខ វេងឈាង

កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១០ កក្កដា​ ប្រទេស​អ៊ុយក្រែន​ និង​អង្គការ​ណាតូ​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​រយៈ​ពេល​ពី​សប្ដាហ៍​នៅ​សមុទ្រ​ខ្មៅ​ ដែល​មាន​ការ​ចូល​រួម​ពី​នាវា​ចម្បាំង​រាប់​សិប​គ្រឿង​ នៅ​ក្នុង​ការ​បង្ហាញ​ពី​ទំនាក់ទំនង​និង​សមត្ថភាព​ការពារ​របស់​ពួក​គេ បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្សី​ និង​នាវា​ចម្បាំង​ចក្រភព​អង់គ្លេស​នៅ​ដែន​សមុទ្រ​នេះ​កាល​ពី​ខែ​មុន​។

ការ​ធ្វើ​សមយុទ្ធ Sea Breeze 2021 មាន​ការ​ចូល​រួម​ពី​នាវា​ចម្បាំងចំនួន​​ជាង​ ៣០ គ្រឿង​និង​យន្តហោះ​ជាង​ ៤០​ មក​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ​ និង​ប្រទេស​អ៊ុយក្រែន​។ មេបញ្ជាការ​នាវា​អាមេរិក​ដែល​បាន​ចូល​រួម​ក្នុង​សមយុទ្ធ USS Ross លើក​ឡើង​​ថា​សមយុទ្ធ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​នៃ​ឧបករណ៍​ និង​បុគ្គលិក​របស់​ប្រទេស​ដែល​បាន​ចូល​រួម​ កាន់់​តែ​ប្រសើរ​ឡើង​។

«យើង​ចង់​បង្ហាញ​ដល់​មនុស្ស​គ្រប់​គ្នា សហគមន៍​អន្តរជាតិ​ថា​គ្មាន​ប្រទេស​ណា​មួយ​អាច​ទាមទារ​​ផ្ដាច់​មុខ​សមុទ្រ​ខ្មៅតែឯង​បាន​ ឬ​ដែន​ទឹក​អន្តរជាតិ​ណា​មួយ​បាន​ទេ​» ឧត្ដមនាវីត្រី​កង​ទ័ព​ជើង​ទឹក​អាមេរិក​លោក​ John D. John បាន​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «ដែន​ទឹក​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​សហគមន៍​អន្តរជាតិ ហើយ​យើង​ប្ដេជ្ញា​ធានា​ថា​ប្រទេស​ទាំង​អស់​មាន​សិទ្ធ​ចេញ​ចូល​ផ្លូវ​ទឹក​អន្តរជាតិ​»​។

ក្រសួងការពារជាតិ​រុស្ស៊ី​អោយ​ដឹង​​ថា​ខ្លួន​បាន​តាម​ដាន​សមយុទ្ធ​ Sea Breeze យ៉ាង​ដិតដល់​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ យោធា​រុស្សី​ក៏​បាន​ធ្វើ​សមយុទ្ធ​ជា​ច្រើន​នៅ​សមុទ្រ​ខ្មៅ និង​ភាគ​និរតី​នៃ​ប្រទេស​រុស្ស៊ី​ ដោយ​មាន​យន្តហោះ​ចម្បាំង​ធ្វើ​ការ​សម​ទម្លាក់​គ្រាប់​បែក​ និង​ការ​ដាក់​ពង្រាយ​មីស៊ីល​ការពារ​ដែន​សមុទ្រ​ចម្ងាយ​ឆ្ងាយ​។

កាល​ពី​ខែ​មុន​ រុស្សី​ អះអាង​​ថា​យោធា​របស់​ខ្លួន​បាន​ធ្វើ​ការ​បាញ់​ និង​ទម្លាក់​គ្រាប់​បែក​ព្រមាន​នាវា​ចម្បាំង​អង់គ្លេស​ HMS Defender ដើម្បី​ដេញ​នាវា​នេះ​ចេញ​ឆ្ងាយ​ពី​តំបន់​ក្បែរ​ឧបទ្វីប​គ្រីមៀ ដែល​មូស្គូ​អះអាង​ថា​ជា​ដែនទឹក​របស់​ខ្លួន​។ រុស្សី​បាន​ថ្កោល​ទោស​សកម្មភាព​របស់​នាវា​អង់គ្លេស​ថា​ជា​ការ​ញុះញង់​ឱ្យ​មាន​រឿង​ ហើយ​លើក​ក្រោយ​រុស្សី​អាច​នឹង​ពន្លិច​នាវា​​នឹង​ហ៊ាន​​ធ្វើ​បែប​នេះ​។យ៉ាងណាមិញ​ អង់គ្លេស​ ដែល​មិន​ទទួល​ស្គាល់​ថា​ការ​កាត់​យក​គ្រីមៀ​ដោយ​រុស្សី​កាល​ពី​ឆ្នាំ​ ២០១៤ បាន​និយាយ​ថា​នាវា​ខ្លួន​មិន​បាន​រង​ការ​បាញ់​ព្រមាន​ទេ ហើយ​សកម្មភាព​បាន​ធ្វើ​ការ​ឆ្លង​កាត់​ដែន​ទឹក​អ៊ុយក្រែន​ដោយ​ស្រប​ច្បាប់​៕

Source: https://apnews.com/article/europe-business-government-and-politics-ukraine-black-sea-712d83cca31c464a8ae766669ec7f272

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner