អ្នកជំនាញជប៉ុន៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta រ៉ាប់រងជាង៣០%នៃករណីឆ្លងនៅក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងគ្នា
ជប៉ុន៖ ក្រុមអ្នកស្រាវជ្រាវជប៉ុនបានសន្និដ្ឋានថា ច្រើនជាង៣០% នៃការចម្លងវីរុសកូរ៉ូណានៅក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងគ្នានោះ បង្កឡើងដោយសារការរីករាតត្បាតនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ។
ក្រុមអ្នកវិទ្យាសាស្រ្តនៅឯវិទ្យាសា្ថនជាតិផ្នែកជំងឺឆ្លង បាននិយាយនៅកំឡុងកិច្ចប្រជុំមួយនៃក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាលជប៉ុនកាលពីសប្តាហ៍មុនថា ពួកគេបានប៉ាន់ប្រមាណពីតួលេខខាងលើនេះ ដោយផ្អែកលើលទ្ធផលបានមកពីធ្វើតេស្តមនុស្សដែលរកឃើញមានផ្ទុកវីរុសបម្លែងខ្លួនថ្មី ។ ក្រុមអ្នកស្រាវជ្រាវនិយាយទៀតថា ចំនួនអ្នកឆ្លងវីរុសបម្លែងខ្លួនថ្មី Delta បានចាប់ផ្តើមកើនឡើងនៅពាក់កណ្តាលខែមិថុនាក្នុងទីក្រុងតូក្យូ និងនៅតំបន់ព័ទ្ធជុំវិញខេត្ត Saitama , Chiba និង Kanagawa ហើយថា វីរុសបម្លែងខ្លួនថ្មីត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់៣៤%នៃករណីឆ្លងទាំងអស់នៅក្នុងតំបន់ទាំងនោះ ។
អ្នកវិទ្យាសាស្រ្តថែមទាំងបានព្យាករណ៍ដែរថា ករណីឆ្លងថ្មីៗនឹងកើនឡើងប្រហែល៧៥ភាគរយនៅចុងខែកក្កដា ហើយថា វីរុសបម្លែងខ្លួនថ្មីនឹងរ៉ាប់រងស្ទើរទាំងអស់នៃករណីឆ្លងនៅក្នុងខែសីហាខាងមុខនេះ ៕ ប្រភព៖ NHK

