ការនាំចេញរបស់កម្ពុជាទៅថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារ ធ្លាក់ចុះចំនួន៣៦.៦១ភាគរយក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្ថានទូតថៃប្រចាំប្រទេសកម្ពុជាបានអោយដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ថៃមានទឹកប្រាក់ជាង៤៥៩លានដុល្លារ ដោយតួលេខនេះ បានធ្លាក់ចុះចំនួន៣៦.៦១% ស្របពេលដែលការនាំចូលពីថៃវិញ មានទឹកប្រាក់រហូតដល់ជាង២,៩០៥លានដុល្លារក្នុងរយៈពេល០៥ដំបូងឆ្នាំ២០២១នេះ ។

ទន្ទឹមនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះ សម្រេចបានសរុបចំនួនជាង៣,៣៦៥លានដុល្លារ ធ្លាក់ចុះ៥.២៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួនជាង៣,៥៥២លានដុល្លារ ។ ចំពោះមុខទំនិញដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃមកកម្ពុជាវិញ មានដូចជា៖ រថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការធ្លាក់ចុះនៃការនាំចេញរបស់កម្ពុជាទៅប្រទេសថៃនេះ គឺដោយ សារតែបញ្ហាការរាលត្បាតនៃជំងឺកូវីដ-១៩ ។

គួរកត់សម្គាល់ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃក្នុងឆ្នាំ២០២០ សម្រេចបានទឹកប្រាក់៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារ ។ ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% បើធៀបនឹងឆ្នាំ២០១៩ មានតម្លៃ២.២៧ពាន់លានដុល្លារ ។ ចំណែកការនាំចូលពីថៃវិញ មានតម្លៃ៦.១ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% បើធៀបនឹងឆ្នាំ២០១៩ មានតម្លៃ៧.១៥ពាន់លានដុល្លារ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner