ប្រមុខការទូតកម្ពុជានឹងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ នៅថ្ងៃទី១៣-១៤ ខែកក្កដា
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមព្រមទាំងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ តាមការអញ្ជើញរបស់ឯកឧត្តម Jeyhun Bayramov រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ។
ឯកឧត្ដម ប្រាក់ សុខុន
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធស្ថិតនៅចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែង ពហុភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល»។ សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្តល់ឱកាសដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូ ឆ្នាំ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហាប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាព។
ប្រភពដដែលបន្តថា សេចក្តីថ្លែងការណ៍របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងផ្តោតលើមធ្យោបាយ និងរបៀប ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានាតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី ពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងជំហររបស់កម្ពុជាចំពោះពហុភាគីនិយមសម្រាប់សន្តិភាព៕
ដោយៈ ពលជ័យ
