ទីបំផុត! យន្តហោះរ៉ុក្កែតរបស់មហាសេដ្ឋីអង់គ្លេសលោក Richard Branson ទទួលជោគជ័យក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូង (មានវីដេអូ)
អាមេរិក៖ ក្រុមហ៊ុនទេសចរអវកាស Virgin Galactic បានបញ្ចប់ការហោះហើរសាកល្បងដោយមានក្រុមនាវិកជិះនៅលើយានអវកាសរបស់ខ្លួន នៅថ្ងៃអាទិត្យម្សិលមិញ ដែលនេះជាការបោះជំហានទៅមុខដ៏ធំមួយ ឆ្ពោះទៅរកជើងហោះហើរអវកាសពាណិជ្ជកម្ម ។
មហាសេដ្ឋីអង់គ្លេសលោក រីឆាត ប្រ៊ែនសុន បានឡើងលើមេឃកម្ពស់៨០គីឡូ ម៉ែត្រពីលើវាលខ្សាច់នៅរដ្ឋញូវម៉ិកស៊ីកូ ដោយជិះលើយន្តហោះរ៉ុក្កែតនៃក្រុមហ៊ុន Virgin Galactic របស់លោក ហើយបានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាពក្នុងការហោះហើរសាកល្បងលើកដំបូង ដោយមានមនុស្សជិះរបស់យាននេះទៅទីអវកាស ដែលជានិមិត្តរូបដ៏សំខាន់សម្រាប់ការវិនិយោគរបស់លោក ដែលបានចាប់ផ្តើមកាលពី១៧ឆ្នាំមុន ។ លោក ប្រ៊ែនសុន ដែលស្ថិតក្នុងចំណោមបុគ្គលិក ៦នាក់របស់ក្រុមហ៊ុន Virgin Galactic ជិះក្នុងយាននេះ បានកោតសរសើរបេស កកម្មនេះថា ជាអ្នកឈានមុខគេឆ្ពោះទៅកាន់យុគសម័យថ្មី នៃវិស័យទេសចរណ៍អវកាស ដោយក្រុមហ៊ុនដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ត្រៀមខ្លួនចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំក្រោយ ។ គួរកត់សម្គាល់ ជោគជ័យនៃការហោះហើរនេះ បានផ្តល់ឱ្យសហគ្រិនរូបនេះនូវសិទ្ធិអួតអាងនៅក្នុងការប្រជែងជាសាធារណៈ ជាមួយមហាសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស ដែលសង្ឃឹមហោះហើរទៅទីអវកាសលើកដំបូង តាមយានរ៉ុក្កែតរបស់ក្រុមហ៊ុនអវកាសផ្ទាល់ខ្លួនរបស់លោកផងដែរ គឺ Blue Origin នៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ៕ ប្រភព៖ CGTN



