ចិនថ្កោលទោសចំពោះការគាបសង្កត់មិនសមហេតុផល ក្រោយអាមេរិកពង្រីកបញ្ជីខ្មៅ
សៀងហៃ៖ រដ្ឋភិបាលចិនរៀបរាប់កាលពីថ្ងៃអាទិត្យទី ១១ កក្កដា ថាខ្លួនជំទាស់យ៉ាងដាច់អហង្ការចំពោះការបន្ថែមអង្គភាពចំនួន២៣របស់ចិនទៅក្នុងបញ្ជីខ្មៅផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងជម្លោះទំនាក់ទំនងយោធា។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីថ្លែងការណ៍មួយថា ការដាក់បញ្ចូលអង្គភាពចិនគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលជាការគៀបសង្កត់ដោយមិនសមហេតុផលលើក្រុមហ៊ុនរបស់ចិន។ ក្រសួងដដែលបន្ថែមថា ក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិករៀបរាប់ថា ខ្លួនបានបន្ថែមក្រុមហ៊ុនចំនួន ១៤ និងអង្គភាពផ្សេងទៀតទៅក្នុងបញ្ជីខ្មៅនៃសេដ្ឋកិច្ច ព្រោះក្រុមហ៊ុន និងអង្គភាពទាំងនេះ ជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ការរំលោភបំពានក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបរបស់ចិន និងការឃុំខ្លួនទ្រង់ទ្រាយធំ ហើយការលួចតាមដានមើលតាមបែបបច្ចេកវិទ្យាខ្ពស់ប្រឆាំងនឹងជនជាតិ អ៊ុយហ្គួរ កាហ្សាក់ស្ថាន និងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិចមូស្លីមនៅតំបន់ស្វ័យយ័ត Xinjiang ។ យ៉ាងណាមិញ រដ្ឋាភិបាលកុម្មុយនីស្តចិនបានបដិសេធនូវការចោទប្រកាន់ទាំងអស់នេះ។
អង្គភាពដែលមាននៅក្នុងបញ្ជីខ្មៅនៃសេដ្ឋកិច្ច ជាទូទៅត្រូវបានគេតម្រូវឱ្យដាក់ពាក្យសុំអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មអាមេរិក ហើយប្រឈមនឹងការត្រួតពិនិត្យយ៉ាងតឹងរឹងនៅពេលស្វែងរកការអនុញ្ញាតឱ្យទទួលបានទំនិញពីអ្នកផ្គត់ផ្គង់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានបន្ថែមអង្គភាពចំនួន ៥ ទៀតដែលខ្លួនបាននិយាយថា បានគាំទ្រដោយផ្ទាល់ដល់កម្មវិធីទំនើបកម្មយោធារបស់ចិន ទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងឡាស៊ែរ និងការប្រយុទ្ធ។ ក្រៅពីនោះផ្សេងទៀត រដ្ឋាភិបាលដដែលក៏បានកំណត់អង្គភាពចំនួនបួនបន្ថែមទៀតសម្រាប់ «ការនាំចេញ និងប៉ុនប៉ងនាំចេញទំនិញ» ទៅអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក។
ទោះយ៉ាងនេះក្ដី ក្រុមហ៊ុន Wuhan Raycus Fiber Laser Technologies Co ដែលជាក្រុមហ៊ុនត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីខ្មៅមួយ ចាត់ទុកចំណាត់ការនេះថានឹងមិនមានផលប៉ះពាល់ច្រើនដល់ការស្រាវជ្រាវនិងផលិតកម្មរបស់ខ្លួននោះទេ។
ប្រភព៖ Reuters