ប្រទេសកាណាដា ចេញវិធានការណ៍ទប់ស្កាត់ភ្លើងឆេះព្រៃ
ប្រទេសកាណាដាបានប្រកាសពីវិធានការណ៍ថ្មីៗដើម្បីការពារភ្លើងឆេះព្រៃក្រោយពីមានការកើនឡើងកម្តៅខ្លាំងកាលពីខែមុនបណ្តាលឱ្យមានអគ្គិភ័យកើតឡើងជាច្រើននៅតំបន់ភាគខាងលិចរបស់ប្រទេស។
កាលពីថ្ងៃអាទិត្យនេះ នាយកដ្ឋានដឹកជញ្ជូនបានចេញសេចក្តីថ្លែងការណ៍រៀបរាប់ថា ការធ្វើសំណើរតាមផ្លូវដែកនឹងត្រូវកាត់បន្ថយល្បឿនរថភ្លើងនៅពេលសីតុណ្ហភាពឡើងដល់ ៣០ អង្សាសេហើយអ្នកត្រួតពិនិត្យរថភ្លើងត្រូវធានាថា រថភ្លើងមិនមានផ្ទុកវត្ថុធាតុដើមដែលអាចឆេះបាន។
អ្នកត្រួតពិនិត្យនឹងត្រូវតម្រូវឱ្យចុះផ្សាយ និងរាយការណ៍អំពីអគ្គិភ័យដែលមាននៅតាមបណ្តោយផ្លូវរបស់ពួកគេផងដែរ។ វិធានការណ៍នេះបានចូលជាធរមាននៅពាក់កណ្តាលអធ្រាតយប់ថ្ងៃទី ១១ កក្កដា។
តាមការស្រង់សម្តីរបស់សារព័ត៌មាន Aljazeera រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Omar Alghabra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពអាកាសធាតុបែបនេះគែមិនធ្លាប់មានពីមុនឡើយ ហើយស្ថានភាពអាកាសធាតុនេះបន្តបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការសុវត្ថិភាពសាធារណៈ និងផ្លូវដែក។
លោក Alghabra បានបន្តថា រដ្ឋាភិបាលប្រទេសកាណាដានៅតែប្តេជ្ញាចិត្តជួយដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពចាំបាច់ដើម្បីកាត់បន្ថយហានិភ័យទាំងនេះចំពោះសុវត្ថិភាពសាធារណៈនៃផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធឡើយ។
ក្រុមអ្នកជំនាញបានចង្អុលបង្ហាញអំពីការប្រែប្រួលអាកាសធាតុដែលជាកត្តាមួយដែលបានធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ឡើងដែលបណ្តាលអោយមានភ្លើងឆេះព្រៃ រលកកំដៅ និងព្យុះត្រូពិក។
នាយកគ្រប់គ្រងផ្នែកភ្លើងឆេះព្រៃនៅប្រទេសកាណាដា លោក Brian Wiens ដែលជាក្រុមស្រាវជ្រាវបាននិយាយថា កំដៅនាពេលថ្មីៗនេះនៅឆ្នេរសមុទ្រភាគខាងលិចប្រទេសកាណាដាត្រូវបានផ្សារភ្ជាប់ទៅនឹង រលកកម្តៅដែលមានលក្ខណៈខ្យល់ក្តៅស្ងួតគ្របដណ្តប់លើផ្ទៃដីធំ និងធ្វើអោយសីតុណ្ហភាពឡើងខ្ពស់។
លោក Wiens បាននិយាយថា រលកកម្តៅបានធ្វើអោយមិនមានទឹកភ្លៀង មានសីតុណ្ហភាពខ្ពស់ មានសំណើមទាបនៅលើផែនដី។
គួរបញ្ចាក់ផងដែរថា ប្រទេសកាណាដាកាលពីខែមុនបានបំបែកកំណត់ត្រាកម្តៅអាកាសធាតុនៅក្នុងប្រទេសរបស់ខ្លួនដោយរយៈពេលបីថ្ងៃជាប់ៗអាកាសធាតុមានកម្តៅរហូតដល់ ៤៩.៦ អង្សាសេ ក្នុងទីក្រុង Lytton ខេត្ត British Columbia ។ ក្រុមអ្នកជំនាញបាននិយាយថា សត្វសមុទ្រជាង ១ ពាន់លានក្បាលនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់កាណាដាទំនងជាបានស្លាប់ដោយសារការកើនឡើងកម្តៅផែនដីកាលពីសប្តាហ៍មុន។ រលកកម្តៅនេះត្រូវបានគេជឿថា បានសម្លាប់មនុស្សអស់ ៥០០ នាក់នៅក្នុងរដ្ឋ British Columbia ហើយអ្នកជំនាញបារម្ភពីការជះឥទ្ធិពលដែលអាចប៉ះពាល់ដល់ជីវិតសមុទ្រផងដែរ។
ប្រភព៖ Aljazeera