ហេតុអ្វីបានជា ចិនខ្ទាស់ជើងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ខ្លួន?

នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​រដ្ឋាភិបាលចិន បាន​ចាត់​វិធាន​​ការប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ចិន​ ដែលចង់ចុះបញ្ជីនៅក្នុងទីផ្សារសហរដ្ឋអាមេរិក​ ជាក់ស្ដែង​ដូច​ករណី​ថ្មីៗ​លើ​ក្រុមហ៊ុន​ DiDi ដែល​វិធាន​ទាំង​នេះ​បង្កឱ្យ​មាន​ការព្រួយបារម្ភយ៉ាងខ្លាំង​អំពីអនាគត​នៃការចុះបញ្ជីរបស់​ក្រុមហ៊ុន​ចិន​នៅអាមេរិក​ និង​ភាគ​ហ៊ុន​ចិន​ជា​ទូទៅ។​

រយៈ​ពេល​តែ ២ ថ្ងៃ បន្ទា​ប់ពី​រដ្ឋញូវយ៉ក​បាន​ព្រមព្រៀង​​ឱ្យ​ក្រុមហ៊ុន​នេះ​ចុះ​បញ្ជីជា​សាធារណៈ​ ការិយា​ល័យ​​ត្រួត​ពិនិត្យសន្តិសុខ​នៃប្រព័ន្ធ​អ៊ីន​ធឺណិត ​ដែល​ជាអង្គភាពឃ្លាំមើលមួយ​នៃ​រដ្ឋបាល​​ Cyberspace ចិន (CAC) បាន​បញ្ជាឱ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ការចុះឈ្មោះ​អ្នកប្រើ​ប្រាស់​ថ្មីជា​បន្ទាន់​។ ៤ ថ្ងៃ បន្ទាប់​ពី​ការ​ចុះ​បញ្ជី​ អង្គភាព​ដដែល​នេះ​ក៏​បាន​បញ្ជ​ឱ្យ​បិទការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន​ ដោយសារ​អង្គភាព​នេះ​បាន​រក​ឃើញ​អំពី​​​បទ​​ល្មើសប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន​។

ក្រោយ​មក​គេ​សង្កេត​ឃើញ​តម្លៃ​ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ធ្លាក់ចុះជាលំដាប់​ ពោលគឺ​ ធ្លាក់​ចុះ​ ៥ ភាគរ​យនៅថ្ងៃ សុក្រ ទី ២ ខែកក្កដា និង​ធ្លាក់ចុះ ២៥ ភាគរយបន្ថែមទៀត នៅថ្ងៃអង្គារទី ៦ ខែកក្កដា និង​ ៤,៦ ភាគរយនៅ​ថ្ងៃ ពុធ​ ទី ៧ ខែកក្កដា។ នេះ​បើ​តាម​ឱ្យដឹងពី​អត្ថបទ​ចេញ​ពីវ៉េបសាយ​ទីផ្សារ​ហិរញ្ញវត្ថុ​ Seeking Alpha។

ទោះយ៉ាងណា រដ្ឋាភិបាលចិន​បានអះអាងថា​ សកម្មភាពនេះត្រូវបានធ្វើឡើង ដោយសារតែក្រុមហ៊ុន​បាន​រំលោភ​ច្បាប់​ស្តីពី​ការប្រមូល និងការប្រើប្រាស់ទិន្នន័យឯកជន​របស់​អ្នកប្រើប្រាស់ ទោះបីជា សកម្មភាព​នេះ​ ផ្ដល់​ផលប៉ះ​ពាល់អវិជ្ជមានដល់វិនិយោគិនអាមេរិកក៏​ដោយ។

ទីផ្សារ​​បច្ចេកវិទ្យា​កាន់តែ​ចាប់​ផ្ដើម​​ព្រួយបារម្ភ​បន្ថែមទៀត ក្រោយ​​ក្រុមប្រឹក្សារដ្ឋ​របស់​ប្រទេស​ចិន​ បាន​ប្រកាស​ថា ខ្លួន​នឹងពិនិត្យមើល​លើ «ទំនួលខុសត្រូវខាងព័ត៌មានវិទ្យា» របស់​ក្រុមហ៊ុន​ ដែល​ចុះ​បញ្ជី​នៅ​ក្រៅប្រ​ទេស ហើយ​ខ្លួនកំពុងបង្កើត« ប្រព័ន្ធនៃការអនុវត្តន៍កម្មវិធីសិក្សា​បន្ថែម​នៃ​ច្បាប់​ទីផ្សារ​មូល​ធន​របស់​ប្រទេស​ចិន​»ថែមទៀត​ផង​។

ខណៈ​ពេល​ដែល ក្រុមហ៊ុនយក្សបច្ចេកវិទ្យារបស់ចិន​ គ្រប់​គ្រង​ទិន្ន័យ​ឯក​ជន​អ្នក​ប្រើប្រាស់​ស្ទើ គ្រប់​ផ្នែក​ពោល​ពី​ទម្លាប់​នៃ​ការប្រើប្រាស់​សេវា​ដឹកជញ្ជូ​នរហូតដល់ការបង់ប្រាក់ បាន​ផ្ដល់​ភាព​មិន​ងាយ​ស្រួល​ដល់​រដ្ឋាភិ​បាល​ចិន​ ជាពិសេស​ លោក Xi Jinping​​។ ការព្រួយបារម្ភ​មួយ​ផ្នែក​គឺ ថា​តើ​ទិន្នន័យសំខាន់ៗ អាច​លេច​ធ្លាយ​ហួសព្រំ​ដែនប្រទេស​ដែរ​ឬយ៉ាង​ណា​។

យ៉ាងណាមិញ វ៉េបសាយ​ដដែល​នេះ​បាន​ឱ្យ​ដឹង​ដែរថា វាជារឿង​ធម្មតា​ហើយ​នៅ​ពេល​អាជ្ញាធរ​ក្នុង​ស្រុក​ព្រួយ​បារម្ភពី​ទិន្នន័យសន្តិសុខជាតិ និងកា​រ​ការពារ​ទិន្នន័យ​ឯក​ជន​ និង​​គោលន​យោបាយ​ប្រកួត​ប្រជែង​​​​រវាង​​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ សកម្មភាពនេះរបស់ចិន​ ហាក់ដូចជា ឆ្លើយតបទៅនឹងច្បាប់​អាមេរិក​ ដែល​បាន​អនុម័តកាលពីខែ ធ្នូ ដែល​តម្រូវឱ្យក្រុមហ៊ុនចិន​ចុះ​បញ្ជី​ជាមួយ​សហរដ្ឋអាមេរិក ឱ្យ​មាន​ការ​​ធ្វើ​សវនកម្ម​​ពី​សំណាក់​ក្រុមហ៊ុន​​សវន​កម្ម​អាមេរិក។

ដោយ​ឡែក​ ក្រុម​អ្នកវិភាគ ក៏​បាន​និយាយថា ក្រៅ​ពី​ក្ដី​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ នៅ​មាន​កត្តា​​ស៊ី​ជម្រៅ​​ផ្សេង​ទៀត​នៅ​ពី​ក្រោយ​វិធាន​ការទាំង​នេះ​។

«គ្មានអ្វី​ ដែលគណបក្សកុម្មុយនិស្ត​ស្អប់​ជាង​ពេល​ ដែល​ស្ថាន​ភាពមិន​ស្ថិត​នៅក្រោម​ការគ្រប់គ្រងរបស់ខ្លួន​នោះទេ​»។ លោក Kendra Schaefer ទីប្រឹក្សា​ត្រីសិល្ប៍វិ​ទ្យា​ចិន (Trivium China) (សំដៅ​លើ​គណ​បក្សកុម្មុយនិស្ត​ចិន កំពុងកាន់អំណាច) បាន​ឱ្យដឹង​យ៉ាងដូច្នេះ​។

គោលបំណងរបស់​គណបក្ស​នេះ  ហាក់ដូចជា បង្កើតយន្តការត្រួតពិនិត្យមួយ ហើយ​លទ្ធផល​ ដែលអាច​ទៅ​រួច​នោះ​គឺ​ ការត្រួតពិនិត្យសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ​អាចអនុញ្ញាតឱ្យអាជ្ញាធរ​ដាក់ហ្វ្រាំង​លើ​ ការ​ចុះ​បញ្ជី​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ខ្លះ​។

បើទោះជា ទីក្រុងប៉េកាំង បានលើកទឹកចិត្តដល់ក្រុមហ៊ុននានាឱ្យ​ចុះ​បញ្ជីជាសកល​  ប៉ុន្តែ​ការ​ប្រញាប់​ប្រញាល់​របស់ក្រុមហ៊ុនបច្ចេកវិទ្យា ដែលចុះបញ្ជីនៅបរទេសទំនង​ ជាទាក់ទា​ញចំណាប់​អារម្មណ៍​របស់​ក្រុម​និយតករនៅចិន​។

លោក Schaefer បានប្រាប់សារព័ត៌មាន​ AFP ថា៖ «ការចុះ​បញ្ជី​នៅ​បរទេស​ទាំងនេះ​ កំពុង​កើតឡើង ដោយ​គ្មាន​​បទប្ប​ញ្ញត្តិគ្រប់គ្រាន់។ វាគួរ​តែ​ មាន​និយតករចិនយ៉ាងហោច​ម្នាក់ ​ដើម្បី​ត្រួតពិនិត្យ​»។

វ៉េបសាយ​ដដែល​ បាន​បន្តថា សកម្មភាព​ដដែល​នេះ ក៏​អា​ច​ជាប្រតិកម្ម​ពី​ប្រទេស​ចិន​ ចំពោះកា​រ​កើនឡើង​នៃកា​រចុះ​បញ្ជីនៃ​ក្រុមហ៊ុន​ចិន​នៅ​អាមេរិក ដែលមាន​​​​មូលធននីយកម្មទីផ្សារកើន​ឡើង​ជាង​ ២៤ ពាន់​លាន​ដុល្លារ​​ក្នុង​រយៈពេ​ល ​១៨ ខែចុងក្រោយនេះ រួម​ទាំងចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ ដែល​ស្មើ​​ប្រមាណ ១២,៤ ពាន់​លាន​ដុល្លារ​​នៅ​​ឆមាស​ទី​មួយនៃ​ឆ្នាំ​ ២០២១ ផងដែរ​។

ការ​ប្រកាស​ ដែល​ថា​ចិនមានគោលបំណងរឹតបន្តឹងការរឹតត្បិតលើការចុះបញ្ជីនៅបរទេស ​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដ​ល់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភព​លោក ជាពិសេស​ទី​ក្រុង​ញូវយ៉ក ដែលមានក្រុមហ៊ុនចិនជិត ២៥០ ក្រុមហ៊ុន​ និង​មាន​​មូលធននីយកម្មទីផ្សារជាង​ ២ ទ្រី​លា​នដុល្លារ​ ដែល​​បានចុះបញ្ជី។

ក្រៅ​ពី​នេះ​ អាជ្ញាធរ​ក៏​បានខិត​ខំ​ប្រឹង​ប្រែង​ទប់ស្កាត់ភាពផ្តាច់មុខ​នៃ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ក្នុង​នោះ​ ក៏​មាន​ការ​​បង្ក្រាប​លើ​ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន​យក្សបច្ចេកវិទ្យា Tencent ដែ​ល​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ពី​រដ្ឋា​ភិបាល​ក្នុង​​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ផងដែរ​។

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner