ឥណ្ឌាអះអាងថា បានចាប់ខ្លួនបុរស ២នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអាល់កៃដា
បុរស ២នាក់ដែលជាប់សង្ស័យនឹងក្រុមឧទ្ទាម Ansar Ghazwat-ul-Hind ដែលជាសាខាមួយនៃក្រុមភេរវកម្មអាល់កៃដា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ នៅតំបន់មួយនៃទីក្រុង Lucknow រដ្ឋ Uttar Pradesh ដែលមានទីតាំងនៅភាគខាងជើងប្រទេសឥណ្ឌា នេះបើតាមការលើកឡើងរបស់ លោក Prashant Kumar មន្ត្រីនគរបាលជាន់ខ្ពស់របស់រដ្ឋនេះ។
លោក Kumar បានឲ្យដឹងថា បុរស ២នាក់ខាងលើនេះបានរៀបចំផែនការក្នុងការបំផ្ទុះគ្រាប់បែក និងគ្រាប់បែកអត្តឃាត ដោយបានដាក់គោលដៅលើកន្លែងមានមនុស្សច្រើននៅទីក្រុង Lucknow ។ ការបំផ្ទុះនេះគ្រោងនឹងធ្វើឡើងនៅមុនថ្ងៃទី១៥ ខែសីហាខាងមុខនេះ ដែលជាថ្ងៃបុណ្យឯករាជ្យឥណ្ឌា។ ជាមួយគ្នានេះដែរ នគរបាលឥណ្ឌាក៏បានរកឃើញគ្រឿងបំផ្ទុះរបស់បុរសទាំងពីរខាងលើផងដែរ។
ក្រុម Ansar Ghazwat-ul-Hind ជាក្រុមភេរវកម្មខ្នាតតូចមួយ មានទីតាំងនៅតំបន់ហិមាល័យ-កាស្មៀ ដែលជាទីតាំងជម្លោះដ៏រ៉ាំរ៉ៃរវាងឥណ្ឌា និងប៉ាគីស្ថាន។ ក្រុមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយសកម្មប្រយុទ្ធកំពូលមួយរូបឈ្មោះ Zakir Musa ហើយបានចូលជាសម្ព័ន្ធមិត្តរបស់អាល់កៃដា។ ក្រុមនេះដែរមានបំណងក្នុងការបង្កើតទឹកដីឥស្លាមនៅតំបន់កាស្មៀ។
នគរបាលឥណ្ឌាបានអះអាងថា ក្រុមមួយនេះត្រូវបានកម្ទេចចោលទាំងស្រុងកាលពីឆ្នាំ២០២០កន្លងទៅ៕
ប្រភព៖ straitstimes