ឥណ្ឌា​អះអាង​ថា បាន​ចាប់​ខ្លួន​បុរស​ ២នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​អាល់កៃដា

ហ៊ីម រដ្ឋា

បុរស​ ២នាក់​ដែល​ជាប់​សង្ស័យ​នឹង​ក្រុម​ឧទ្ទាម Ansar Ghazwat-ul-Hind ដែល​ជា​សាខា​មួយ​នៃ​ក្រុម​ភេរវកម្ម​អាល់កៃដា ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​អាទិត្យ នៅ​តំបន់​មួយ​នៃ​ទីក្រុង Lucknow ​រដ្ឋ Uttar Pradesh ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា នេះ​បើ​តាម​ការ​លើកឡើង​របស់​ លោក Prashant Kumarមន្ត្រី​នគរបាល​ជាន់​ខ្ពស់​របស់​រដ្ឋ​នេះ។

លោក Kumar បាន​ឲ្យ​ដឹង​ថា បុរស​ ២នាក់​ខាង​លើ​នេះ​បាន​រៀប​ចំ​ផែនការ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក និង​គ្រាប់​បែក​អត្តឃាត ដោយ​បាន​ដាក់​គោលដៅ​លើ​កន្លែង​មាន​មនុស្ស​ច្រើន​នៅ​ទីក្រុង Lucknow។ ការ​បំផ្ទុះ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​ទី១៥ ខែ​សីហា​ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ឥណ្ឌា។ ជាមួយ​គ្នា​នេះ​ដែរ នគរបាល​ឥណ្ឌា​ក៏​បាន​រក​ឃើញ​គ្រឿង​បំផ្ទុះ​របស់​បុរស​ទាំង​ពីរ​ខាង​លើ​ផង​ដែរ។

ក្រុម Ansar Ghazwat-ul-Hind ជា​ក្រុម​ភេរវកម្ម​ខ្នាត​តូច​មួយ ​មាន​ទីតាំង​នៅ​តំបន់​ហិមាល័យ-កាស្មៀ ដែល​ជា​ទីតាំង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៧ ដោយ​សកម្ម​ប្រយុទ្ធ​កំពូល​មួយ​រូប​ឈ្មោះ Zakir Musa ហើយ​បាន​ចូល​ជា​សម្ព័ន្ធមិត្ត​របស់​អាល់កៃដា។ ក្រុម​នេះ​ដែរ​មាន​បំណង​ក្នុង​ការ​បង្កើត​ទឹកដី​ឥស្លាម​នៅ​តំបន់​កាស្មៀ។

នគរបាល​ឥណ្ឌា​បាន​អះអាង​ថា ក្រុម​មួយ​នេះ​ត្រូវ​បាន​កម្ទេច​ចោល​ទាំង​ស្រុង​កាល​ពី​ឆ្នាំ​​២០២០​កន្លង​ទៅ៕

ប្រភព៖

India claims arrest of two Al-Qaeda-linked operatives

https://www.straitstimes.com/asia/south-asia/india-claims-arrest-of-two-al-qaeda-linked-operatives

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner