គម្រោង COVAX នឹងទទួលបានវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនចិន Sinopharm និង Sinovac ចំនួន១១០លានដូស
ចិន៖ ក្រុមហ៊ុនចិន Sinopharm និង Sinovac បានស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតឱសថ ដែលទទួលការបញ្ជាទិញពីកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX បន្ទាប់ពីត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើប្រាស់សម្រាប់ករណីបន្ទាន់ ។
ជាក់ស្តែង កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនជាង១០០លានដូសមកពីក្រុមហ៊ុនចិន Sinopharm និង Sinovac នេះបើតាមប្រភពពីសម្ព័ន្ធវ៉ាក់សាំង GAVI របស់អន្តរជាតិ ។ លោក សេត បឺគ្លី ជាប្រធានសម្ព័ន្ធភាព Gavi ដែលជាដៃគូមួយនៅពីក្រោយគំនិតផ្តួចផ្តើមរបស់ Covax ដើម្បីឱ្យវ៉ាក់សាំងបានទៅដល់បណ្តាប្រទេសក្រីក្រ បានសាទរចំពោះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Sinovac និង Sinopharm សម្រាប់វ៉ាក់សាំងចំនួន១១០លានដូស ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អរគុណចំពោះកិច្ចព្រមព្រៀងនេះ ហើយដោយសារតែវ៉ាក់សាំងទាំងនេះបានទទួលការចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោករួចហើយនោះ យើងអាចចាប់ផ្តើមផ្គត់ផ្គង់ដូសទាំងនោះទៅបណ្តាប្រទេសនានាភ្លាមៗ ។
កិច្ចព្រមព្រៀងខាងលើនេះ បានកើតមានឡើងចំពេលដែលវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា បាននិងកំពុងបង្កហានិភ័យដល់ប្រព័ន្ធសុខាភិបាល ៕ ប្រភព៖ CGTN


