WHO៖ បណ្តាប្រទេសនានាមិនគួរទិញវ៉ាក់សាំង Covid-19 បន្ថែម ដើម្បីចាក់ដូសទី៣ ខណៈដែលប្រទេសក្រីក្រជាច្រើនកំពុងត្រូវការវ៉ាក់សាំង

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទនេះបញ្ជាក់ថា បណ្តាប្រទេសអ្នកមានមិនគួរបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែមទៀត ដើម្បីចាក់ដូសទី៣ដល់ប្រជាជនរបស់ខ្លួន ស្របពេលដែលប្រទេសផ្សេងទៀតនៅមិនទាន់ទទួលបានវ៉ាក់សាំងបង្ការនៅឡើយទេ ។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ករណីស្លាប់កំពុងកើនឡើងសាជាថ្មីម្តងទៀតដោយ សារតែជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌាកំពុងក្លាយជាការព្រួយបារម្ភខ្លាំង ហើយប្រទេសជាច្រើនមិនទាន់ទទួលបាននូវវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីការពារបុគ្គលិកសុខាភិបាល និងជនងាយរងគ្រោះបំផុតរបស់ពួកគេនៅឡើយទេ ។

លោក ថេដ្រូស បានលើកឡើងចំៗទៅលើក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និង Moderna ជាក្រុមហ៊ុនដែលមានបំណងស្នើសុំការចាក់វ៉ាក់សាំងដូសទី៣ (Booster Shot) នៅក្នុងប្រទេសដែលមានការចាក់វ៉ាក់សាំងខ្ពស់រួចទៅហើយ ។ ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ថា ពួកគេ (ក្រុមហ៊ុនផលិតវ៉ាក់សាំង) គួរតែជំនួសមកវិញនូវវ៉ាក់សាំងរបស់ខ្លួនទៅអោយ COVAX ដែលជាកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិដ៏សំខាន់ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និងក្រីក្រ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner