លោក បូរីស ចនសុន៖ អង់គ្លេសនឹងបិទបញ្ចប់ការរឹតត្បិតទប់ស្កាត់ Covid-19 នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានអះអាងថា ស្ទើរតែទាំងស្រុងនៃវិធានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងចក្រភពអង់គ្លេស នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ។
លោក ចនសុន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្តាហ៍នេះថា ការផ្លាស់ប្តូរខាងលើនេះ នឹងលុបចោលនូវកាតព្វកិច្ចម៉ាសនៅតាមទីសាធារណៈ ច្បាប់រក្សាគម្លាត ហើយនឹងការណែនាំអោយធ្វើការពីផ្ទះជាដើម ។ លោកបានកត់សម្គាល់ថា វ៉ាក់សាំងបានជួយការពារអ្នកដែលវិជ្ជមានជំងឺកូវីដ១៩ ពីការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ ។ ទន្ទឹមនេះ លោក ចនសុន បានជំរុញអោយប្រជាជនធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងការទទួលខុសត្រូវផ្ទាល់ខ្លួន ដោយលោកបន្ថែមថា ជំងឺរាតត្បាតនេះមិនទាន់ចប់ទេ ។
ទោះជាយ៉ាងណា មន្រ្តីអង់គ្លេសបាននិយាយថា រដ្ឋាភិបាលបានណែនាំថា ប្រជាជនគួរតែពាក់ម៉ាសនៅតាមតំបន់ដែលមានមនុស្សច្រើនកុះករ ខណៈដែលអ្នកជំនាញមួយចំនួនក៏បានព្រមានផងដែរថា ការលុបចោលវិធានការណ៍រឹតត្បិត នៅពេលវីរុសកូវីដ១៩បាននិងកំពុងរីករាលដាលនោះ នឹងប្រឈមនូវហានិភ័យ ៕ ប្រភព៖ NHK


