រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ពីឯកឧត្តម ស សុខា​ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

អត្ថបទដោយ៖
Kien Sereyvuth

      នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួននៃរដ្ឋបាលខេត្តបានទទួលនូវអំណោយជាសម្ភារៈការពារកូវីដ-19 និង គ្រឿងឧបភោគ បរិភោគមួយចំនួន ពីឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា  និងលោកជំទាវ នៅបរិវេណខាងមុខអគារថ្មីសាលាខេត្តបាត់ដំបង។ អំណោយទាំងនោះរួមមាន៖មីចំនួន២០០កេសតូច, ត្រីខ ៥០កេស,អាល់កុលចំណុះ៣០លីត្រ ចំនួន ៣០កាន, ជែលលាងដៃ ដបតូចចំនួន២០០ដប និងម៉ាស់ ចំនួន ២០កេសធំ។

        ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា៖អំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ការពារកូវីដ-19 និងគ្រឿងឧបភោគបន្តិចបន្តួចដែលបានឧបត្ថម្ភនៅថ្ងៃនេះ គឺដើម្បីជួយសម្រាលដល់ការលំបាកខ្វះខាតជាមួយរដ្ឋបាលខេត្តបាត់ដំបងក្នុងការប្រយុទ្ធប្រឆាំងការពារជម្ងឺកូវីដ19ដែលកំពុងតែឆ្លងរាតត្បាតចូលក្នុងសហគមន៍កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនិងគួរឲ្យបារម្ភ។

       ក្នុងឱកាសទទួលអំណោយទាំងនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ ពីឯកឧត្តមនិងលោកជំទាវ ព្រមទាំងសហការី ដែលបានពាំនាំមកជាមួយនូវអំណោយខាងលើដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតជាសកលពីជម្ងឺកូវីដ-19នៅក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសន្យាថា៖សម្ភារៈនិងអំណោយជាគ្រឿងឧបភោគបរិភោគទាំងនេះ និងផ្តល់ជូនទៅកន្លែងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-19 បានប្រើប្រាស់ និងចែកដល់ប្រជាជនដែលជួបការលំបាកនិងខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសបងប្អូន ដែលរស់នៅតំបន់បិទខ្ទប់និងមានការខ្វះខាតខ្លាំង។

       ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអញ្ជើញចុះទៅពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងសង្កាត់រតនៈមួយកន្លែង ស្ថិតនៅក្នុងបុរីរំចេក ក្នុងសង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។

        យោងតាមរបាយការណ៍ របស់រដ្ឋបាលក្រុងបាត់ដំបង នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ ជាថ្ងៃផ្តល់ការចាក់វ៉ាក់សាំងលើកដំបូងនៅទូទាំង១០សង្កាត់ក្នុងក្រុងបាត់ដំបងម្សឹលម៉ិញនេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថា៖ ក្នុងសកម្មភាពការចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីដ-19 នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមមណ្ឌលទីតាំងទាំង៨កន្លែងក្នុងសង្កាត់១០ របស់ក្រុងបានធ្វើការចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥.៩៨៧ នាក់ ក្នុងនោះស្រី ៣.២៧២នាក់ ចំនួនវ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១០ម៉ឺនដូស និងជា (ដូសទី១) ដែលរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ជំហានដំបូង មុនគេ នៅក្នុងខេត្ត៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner