ឯកឧត្តម ថោង ខុន និងលោកជំទាវ ភឿង សកុណា ជួបពិភាក្សាគ្នា ផ្តោតសំខាន់លើការងារ៣ធំៗត្រៀម SEA Games 2023

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន CAMSOC បានចូលរួមកិច្ចប្រជុំចង្អៀតពិសេសមួយ ដើម្បីសម្រេចលើគ្រោងឆ្អឹងធំៗមួយចំនួន នៃកម្មវិធីបើក-បិទផ្លូវការសម្រាប់ព្រឹត្តិការណ៍ SEA Games 2023 ដែលជាកំណត់ត្រាប្រវត្តិសម្រាប់កម្ពុជា ក្នុងសុបិន្ដ ៦៤ឆ្នាំមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។


ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ការរៀបចំស៊ីហ្គេមនេះ ការងារអ្វីៗសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ឲ្យបានខ្លាំងលើកការងារធំៗ ៣សំខាន់ ទី១-ពិធីបើក-បិទ ទី២-ការងារ Logistic និងបដិសណ្ឋារកិច្ច និងទី៣-ការងារហ្វឹកហាត់កីឡា ដើម្បីចូលរួមកការប្រកួតកីឡា ។ លោកជំទាវ ភឿង សកុណា បានលើកឡើងពីក្តីបារម្មណ៍មួយចំនួនថា បើពិនិត្យមើលគំរូទស្សនីយភាពដ៏ធំសម្បើម គេធ្លាប់ធ្វើរួចមកហើយ យើងហាក់នៅខ្វះចន្លោះ ដូចនេះត្រូវរៀបចំផែនការកម្មវិធីលម្អិត ពិនិត្យជាក់ស្តែងលើតម្រូវការធនធានមនុស្សសម្តែង ឧបករណ៍សម្ភារៈ សំលៀកបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ទើបយើងដាក់ផែនការភាគីពាក់ព័ន្ធបំពេញតាមសេចក្តីត្រូវការហាត់សម្តែងបាន ។

បើទោះបី វប្បធម៌យើងសំបូរបែបមិនចាញ់គេមែន តែយើងត្រូវចេះចម្រាញ់យកខ្លឹម នៃវប្បធម៌យើង បូកជាមួយជំនួយបច្ចេកវិទ្យា ទើបអាចក្លាយជាឈុតឆាកដ៏ធំ និងអស្ចារ្យទៅបាន» ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន័បន្ថែមថា «ផែនទស្សនិយភាពរបស់យើង គប្បីតម្រង់ឆ្ពោះទៅរកប្រធានបទរបស់យើង គឺ “កីឡារស់ក្នុងសន្តិភាព” គឺដំណើរជាតិខ្មែរមួយ ដែលបានធ្វើដំណើរលើផ្លួវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ តស៊ូលំបាកលំបិន គ្រប់បែបយ៉ាង ឆ្លងកាត់សង្គ្រាម វាលពិឃាដ ការរំដោះជាតិ រហូតដល់មានថ្ងៃនេះ បើគ្មាននយោបាយ ឈ្នះឈ្នះ ប្រជាជនយើង មិនអាចរស់បានក្នុងសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះឡើយ ។ នេះជាសច្ចធម៌ ប្រវត្តិសាស្ត្រនៃប្រជាជាតិយើង» ។

សម្រាប់លទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានសម្រេចលើគ្រោងឆ្អឹងកម្មវិធីបើក មានដូចជាទស្សនីយភាព “ស្គរជ័យអរិយធម៌ខ្មែរ” “កម្មវិធីកីឡា” “ទស្សនីយភាពដំណើរជាតិកម្ពុជា” “របាំ ចម្រៀងប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីសន្តិភាព” ។ល។ ក្នុងនោះទស្សនីយភាពធំ និងសំខាន់ជាងគេ គឺ “ដំណើរជាតិកម្ពុជា” ដែលត្រូវបង្ហាញពីការកកើតទឹកដីផង ការកសាងអង្គរ និងសម័យរុងរឿងចក្រភពអង្គរផង និងសក្តានុពលសម័យតេជោសែនផង ។ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ ខែឧសភា និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner