ប្រធានាធិបតីបារាំង៖ បុគ្គលិកសុខាភិបាលទាំងអស់ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)
បារាំង៖ បុគ្គលិកសុខាភិបាលទាំងអស់នៅប្រទេសបារាំង ត្រូវតែទទួលការចាក់វ៉ាក់សាំង Covid-19 ហើយអ្នកណាដែលចង់ទៅមើលខ្សែភាពយន្តនៅរោងកុន ឬជិះរថភ្លើង នឹងត្រូវទាមទារអោយបង្ហាញភស្តុតាងពីការចាក់វ៉ាក់សាំង ឬធ្វើតេស្តអវិជ្ជមាន Covid-19ជាមុនសិន ស្ថិតក្រោមច្បាប់ថ្មីដែលត្រូវបានប្រកាសដោយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្តាហ៍នេះ ។
លោក ម៉ាក្រុង បានប្រកាសពីច្បាប់ថ្មីនេះនៅក្នុងសន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទម្សិលមិញ ស្របពេលមានការកើនឡើងករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេឃើញដំបូងនៅប្រទេសឥណ្ឌា ។ បច្ចុប្បន្ននេះ វីរុសបម្លែងខ្លួនថ្មីបានរ៉ាប់រងរហូតជិត៦០ភាគរយឯណោះ នៃករណីឆ្លងថ្មីៗនៅក្នុងប្រទេសបារាំង ។ បន្ថែមលើនេះ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងនឹងមិនមែនជាកាតព្វកិច្ចសម្រាប់មនុស្សទូទៅសម្រាប់ពេលនេះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងនឹងផ្តោតលើអ្នកដែលមិនទាន់ទៅទទួលការថ្នាំបង្ការនៅឡើយ ។ លោក ម៉ាក្រុង បាននិយាយដូច្នេះថា យើងត្រូវតែឆ្ពោះទៅរកការចាក់វ៉ាក់សាំងដល់ប្រជាជនបារាំងទាំងអស់… វាគឺជាមធ្យោបាយតែមួយគត់ ដើម្បីវិលទៅរកជីវិតធម្មតាវិញបាន ។ បើតាមរដ្ឋមន្រ្តីសុខាភិបាលបារាំង លោក អូលីវីយ៉េ វ៉េរ៉ង់ (Olivier Veran) បុគ្គលិកសុខាភិបាលនឹងមិនត្រូវបានអនុញ្ញាតអោយទៅធ្វើការឡើយ ហើយក៏មិនទទួលបានប្រាក់ខែដែរ ប្រសិនបើពួកគេមិនចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ CNA

