ជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម មេទ័ពអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន

កាល​ពី​ថ្ងៃ​ចន្ទ ទី​១២ កក្កដា នាយ​ឧត្ដមសេនីយ៍​អាមេរិក ដែល​ដឹក​នាំ​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​លោក​ Austin Miller បាន​ចុះ​ចេញ​ពី​តំណែង​ជា​មេបញ្ជាការ​កងទ័ព​អាមេរិក​នៅ​ប្រទេស​នេះ ហើយ​ធ្វើ​ការ​ចាកចេញ​ដោយ​ស្ងាត់ស្ងៀម​ ដែល​នេះ​ជា​និមិត្តរូប​នៃ​ការ​បញ្ចប់​សង្គ្រាម​វែង​បំផុត​របស់​អាមេរិក​ ខណៈ​ពេល​ក្រុម​ឧទ្ទាម​បង្កើន​សំទុះ​ការ​វាយ​លុក​។

លោក Miller ដែល​ជា​មេបញ្ជាការ​ផ្កាយ​បួន​ចុង​ក្រោយ​របស់​អាមេរិក​បម្រើ​ការ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ឡើង​លើ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ហើយ​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​យោធា​នៅ​រដ្ឋធានី​កាប៊ុល ដែល​ជា​មជ្ឈមណ្ឌល​សរសៃ​ប្រសាទ​សម្រាប់​ប្រតិបត្តិការ​សង្គ្រាម ដែល​មាន​អាយុ​កាល​ពីរ​ទសវត្សរ៍​នេះ​។

ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​បាន កំណត់​កាលបរិច្ឆេទ​បញ្ចប់​បេសកកម្ម​យោធា​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា ខណៈ​ពេល​ដែល​លោក​ចង់​ផ្ដាច់​ខ្លួន​អាមេរិក​ចេញ​ពី​សង្គ្រាម​ ដែល​បង្ក​ដោយ​ការ​វាយ​ប្រហារ​អគារ​ភ្លោះ​ដោយ​ក្រុម​ភេរវកម្ម​អាល់កៃដា​កាល​ពី​ថ្ងៃ​ទី ១១ កញ្ញា​ ២០០១​។

ថ្លែង​ទៅ​កាន់​ទាហាន​អាមេរិក​ និង​មន្ត្រី​អាហ្វហ្គានីស្ថាន​មួយ​ចំនួន​តូច​លោក​ Miller បាន​ប្ដេជ្ញា​ចងចាំ​អំពី​ជីវិត​មនុស្សី​ដែល​បាន​បាត់បង់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ ហើយ​បាន​ទាមទារ​ឱ្យ​តាលីបង់​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​ពួកគេ ដែល​ដណ្ដើម​ការ​គ្រប់​គ្រង​ដែន​ដី​ជា​ច្រើន​ពី​រដ្ឋាភិបាល​គាំទ្រ​ដោយ​អន្តជាតិ​។

លោក​ Miller បាន​និយាយ​ថា​៖ «អ្វី​ដែល​ខ្ញុំ​ប្រាប់​តាលីបង់ គឺ​ពួកគេ​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ផង​ដែរ​។ អំពើ​ហិង្សា ដែល​កំពុង​កើត​ឡើង គឺ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន ហើយ​វា​ចាំ​បាច់​ត្រូវ​បញ្ឈប់​»​។

កិច្ចការ​ទាក់ទង​ជា​មួយ​នឹង​អាហ្វហ្គានីស្ថាន​ទាំង​អស់​ ត្រូវ​ផ្ទេរ​ពី​លោក​ Miller ទៅ​ឱ្យ​អគ្គបញ្ជាការដ្ឋាន​មជ្ឈិមបូព៌ា​របស់​អាមេរិក​ ដែល​ជា​បញ្ជា​ការដ្ឋាន​កង​កម្លាំង​អាមេរិក​នៅ​តំបន់​ក្ដៅ​រួមមាន​អ៊ីរ៉ាក់ និង​ស៊ីរី មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក ហើយ​ដឹក​នាំ​ដោយ​នាយ​ឧត្ដមសេនីយ៍​ Kenneth McKenzie​។ លោក​ McKenzie បាន​បញ្ជាក់​ពី​ជំនួយ​អនាគត​របស់​អាមេរិក​ដល់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ បើ​ទោះ​បី​ជា​ជំនួយ​នេះ​គឺ​ជា​ជំនួយ​ដោយ​ប្រយោល​ក៏​ដោយ​។

លោក McKenzie បាន​និយាយ​ថា​៖ «អ្នក​អាច​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​របស់​យើង​នៅ​ថ្ងៃ​ដ៏​គ្រោះថ្នាក់ និង​លំបាក​ខាង​មុខ។ យើង​នឹង​នៅ​ជា​មួយ​អ្នក​»​។

លោក McKenzie បាន​និយាយ​ថា​បើ​តាម​ទស្សនៈ​របស់​លោក​ ក្រុម​តាលីបង់​កំពុង​ស្វែងរក​ «ដំណោះ​ស្រាយ​យោធា​» ខណៈ​ពេល​ដែល​ការ​ចរចា​រក​មធ្យោបាយ​នយោបាយ​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ដោយ​សន្តិភាព​គឺ​កំពុង​ជាប់​គាំង​រវាង​មេដឹកនាំ​តាលីបង់​ និង​រដ្ឋាភិបាល​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani​។

លោក​បាន​និយាយ​ថា​៖ «យើង​ត្រូវ​មើល​ឃើញ​កាយ​វិការ​ខ្លះ​ពី​ពួក​តាលីបង់​នៅ​ទី​នេះ ដែល​ពួក​គេ​មិន​មែន​គ្រាន់​តែ​មាន​ចេតនា​ទាំង​ស្រុង​ក្នុង​ការ​ឈ្នះ​ជ័យ​ជម្នះ​ខាង​យោធា​នោះ​ទេ​។ ឥឡូវ​យើង​ស្ថិត​ក្នុង​ផ្លូវ​បំបែក​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាហ្វហ្គានីស្ថាន​»​។

លោក​បាន​និយាយ​ថា​ទី​រួម​ខេត្ត​នានា​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់ ហើយ​លោក​បាន​បន្ថែម​ថា​តាលីបង់​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ក្នុង​ការ​ដណ្ដើម​យក​ទីក្រុង​កាន់ដាហា ដែល​ជា​ទីក្រុង​ធំ​ទី ២ របស់​អាហ្វហ្គានីស្ថាន និង​ជា​កន្លែង​កំណើត​របស់​តាលីបង់។ ទន្ទឹម​នឹង​ការ​បង្ហាញ​ពី​ទំនុក​ចិត្ត​លើ​កង​កម្លាំង​អាហ្វហ្គានីស្ថាន លោក​ក៏​បាន​និយាយ​អំពី​ផល​វិបាក​ដែល​ជ័យជម្នះ​របស់​តាលីបង់​អាច​មាន​សម្រាប់​ប្រជាជន​អាហ្វហ្គានីស្ថាន​។

លោក​បាន​និយាយ​ថា​៖ «ប្រសិន​បើ​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​ផ្ដួល​រំលំ​ប្រសិន​បើ​តាលីបង់​ទទួល​ជោគជ័យ ខ្ញុំ​គិត​ថា​នឹង​មាន​ការ​វិល​ត្រឡប់​ទៅ​រក​ស្តង់​ដារ​មជ្ឈិម​សម័យ​នៅ​ទី​នេះ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជា​ពិសេស នៅ​ក្នុង​បញ្ហា​សិទ្ធិ​ស្ត្រី សិទ្ធិ​មនុស្ស ការ​អប់រំ និង​បញ្ហា​ជា​ច្រើន​ទៀត​»​។

ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ​លោក​ McKenzie នឹង​អាច​ធ្វើ​ការ​បញ្ជា​ការ​វាយ​ប្រហារ​តាម​អាកាស​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​យោធា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​នាយ​ឧត្ដមសេនីយ៍​រូប​នេះ​បាន​បញ្ជាក់​ថា​រាល់​ការ​វាយ​ប្រហារ​តាម​អាកាស​ទាំង​អស់​ គឺ​សម្រាប់​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​អាល់កៃដ និង​រដ្ឋ​អ៊ីស្លាម​ (ISIS)។

បន្ទាប់​ពី​ការ​ចាកចេញ​របស់​ Miller ត្រឡប់​ទៅ​អាមេរិក​វិញ​ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​រៀប​ចំ​ផែន​ការ​អន្តរកាល​មួយ​ ​ដែល​អនុញ្ញាត​ឱ្យ​ឧត្ដមសេនីយ៍​មួយ​ចំនួន​ផ្ដល់​ជំនួយ​ដល់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ ពី​ក្រៅ​ប្រទេស​នេះ​។

ខណៈ​ពេល​ដែល​នាយ​ឧត្ដមសេនីយ៍​ McKenzie ធ្វើ​ការ​បញ្ជា​នានា​ពី​រដ្ឋ​ Florida សហរដ្ឋអាមេរិក​ ឧត្ដមសេនីយ៍​ត្រី​ Curtis Buzzard ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា​នឹង​ផ្តោត​លើ​ការ​គ្រប់គ្រង​ជំនួយ​ថវិកា​សម្រាប់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន រួម​ទាំង​ថវិកា​សម្រាប់​ថែរក្សា និង​ជួសជុល​យន្តហោះ​ចម្បាំង​។

នៅ​ទីក្រុង​កាប៊ុល ឧត្ដមនាវីទោ​ Peter Vasely នឹង​ដឹកនាំ​កម្លាំង​សហរដ្ឋអាមេរិក​ដែល​ទើប​បង្កើត​ថ្មី​ចំនួន ៦៥០ នាក់ ដោយ​ផ្ដោត​លើ​ការ​ការពារ​ស្ថានទូត​អាមេរិក និង​អាកាសយានដ្ឋាន​អន្តរជាតិ​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner