ថៃសម្រេចចាក់វ៉ាក់សាំងលាយគ្នា បើទោះជា WHO ព្រមានអំពីគ្រោះថ្នាក់នៃការលាយក្ដី

រដ្ឋាភិបាល​ថៃ គ្រោង​នឹង​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ លាយ​គ្នា ដោយ​ចាក់​វ៉ាក់សាំង​ចិន Sinovac ជា​ដូស​ទី ១ និង​វ៉ាក់សាំង Astra Zeneca ឬ Pfizer ជា​ដូស​ទី ២ ដើម្បី​បង្កើន​ប្រសិទ្ធិភាពប្រឆាំង​នឹង​វ៉្យារ៉្យង់​ថ្មី​ បើ​ទោះជា​អង្គការ​សុខភាពពិភពលោក​ WHO ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​លាយ​វ៉ាក់សាំង​ក្ដី​។

វិធាននៃការ​លាយវ៉ាក់សាំងចិន និង​វ៉ាក់សាំង​លោក​ខាង​លិច​នេះ គឺ​ជា​លទ្ធផល​ថ្មី​បាន​មក​ពី​ការ​សិក្សា​បឋម​របស់​ថៃ​ ដែល​សិក្សា​អំពី​ការលាយ​វ៉ាក់សាំង​ ដើម្បី​ការពារ​​ក្នុង​រយៈ​ពេល​យូរ​នៃ​វ៉ាក់សាំង​ Sinovac ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានថា៖ ​«ការធ្វើដូចនេះ​ គឺ​ដើម្បី​ធ្វើឱ្យប្រសើរឡើង​នូវ​ភាពស៊ាំ​ក្នុង​រាង​កាយ​ ដើម្បី​ប្រឆាំង​នឹង​វ៉្យារ៉្យង់​ថ្មី​នេះ​។ ហើយគន្លាត​នៃ​ការ​ចាក់​​វ៉ាកសាំង AstraZeneca ដែល​នឹង​ត្រូវ​ចាក់​នៅ​​ដូស​ទី ២ គឺ​មាន​រយៈ​ពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ ពីវ៉ាក់សាំង​ Sinovac»។

យ៉ាងណាមិញ មិនមានការសិក្សាជាក់លាក់ណាមួយ​ស្តីពី​ការលាយ​វ៉ាក់សាំង ចិន Sinovac និង​វ៉ាក់សាំង AstraZeneca នោះ​ទេ ប៉ុន្តែប្រទេសមួយចំនួន​​កំពុង​ក្រឡេក​មក​មើល​លទ្ធភាព​នៃ​​ការ​លាយ​វ៉ាក់សាំង​បញ្ចូលគ្នា​រវាង​វ៉ាក់សាំង​ផ្សេងៗ​គ្នា ឬ ចាក់វ៉ាក់សាំង​ដូស​ទី​៣  ដើម្បី​ទប់​ទល់​នឹង​ក្ដី​បារម្ភ​របស់​វ៉ារ្យ៉ង់​ថ្មី និង​ចំនួន​ឆ្លង​ ដែល​បាន​កើន​ឡើង​ជាលំដាប់។​

ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសថៃ បានប្រកាសថា​ ចាប់តាំង​ពីខែ​មេសា​ ដល់​ខែ កក្កដា បុគ្គលិកសុខាភិបាល​​ចំនួន ៦១៨ នាក់ក្នុងចំណោមបុគ្គលិកសរុបចំនួន​ ៦៧៧.៣៤៨ នាក់ ដែលទ​ទួលវ៉ាក់សាំង Sinovac ​ចំនួន ២ ដូស​នៅតែ​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​មាន​ គិលានុបដ្ឋាយិកា​ម្នាក់​បាន​ស្លាប់ថ្មីៗនេះ​​។​​

ដូច​គ្នា​នេះដែរ ប្រទេសជិតខាង​ដូច​ ឥណ្ឌូនេស៊ីក៏បានរាយការណ៍ពីការឆ្លង ក្នុងចំណោមកម្មករពេទ្យ និងមន្ត្រី​ជួរមុខ​ ដែល​បានទទួលការចាក់វ៉ា​ក់សាំង Sinovac ទាំង ២ ដូស​ផងដែរ​។ ក្រោយ​ពេល ប្រទេស​ថៃ​ គ្រោង​នឹងចាក់វ៉ាក់សាំងការពារដូស​ទី ៣ ដល់​បុគ្គលិកជួរមុខ​របស់​ខ្លួន ហើយ​ប្រទេស​ឥណ្ឌូនេស៊ី​ក៏​កំពុង​ពិចារណា​លើ​ជំហាន​ស្រដៀង​គ្នាដែរ​​។

ការសិក្សាបឋមរបស់ថៃ លើបុគ្គលិកពេទ្យ ៧០០ នាក់​ ចេញ​​កាលពីថ្ងៃ ចន្ទ ​ បានបង្ហាញថា អត្រាកា​រ​ពារ​របស់​​វ៉ាក់សាំង Sinovac បាន​ផលិត​កម្រិ​តអង្គបដិប្រាណ​​ចន្លោះពី ៦០ ទៅ ៧០ ភាគរយ សម្រាប់​ ៦០ ថ្ងៃ​ដំបូង បន្ទាប់​ពីការ​ចាក់លើកទី ​២ ប៉ុ​ន្តែអត្រា​នេះបានថយចុះជាលំដាប់ ហើ​យហាក់ដូចជាថយចុះវិញ រៀងរាល់ ៤០ ថ្ងៃម្ដង។​

អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បាននិយាយថា៖ « បើ​យោងតាម​ការស្រាវជ្រាវរបស់យើង ប្រ​សិនបើបុគ្គលិកពេទ្យរបស់យើងបាន​ទទួលវ៉ាក់សាំង​ Sinovac ចំនួន ២ ដូស ពួក​គេគួរតែ​ចាក់វ៉ាក់សាំង​ដូស​ទី​ ៣ ទៀត​ ពោល​គឺ​ចាក់​វ៉ាក់សាំង​ AstraZeneca ឬ Pfizer បាន​»។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវនេះ នៅ​មិនទាន់បានបង្ហាញទិន្នន័យការ​សិក្សាពេញលេញរបស់​ពួកគេ​នៅ​ឡើយ​ទេ។​ ដោយឡែក អ្នក​តំណាងក្រុមហ៊ុន AstraZeneca បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយ​អះអាង​ថា ​គោលនយោបាយ​នៃ​ការ​ចាក់វ៉ាក់សាំងគឺ​ជាបញ្ហា សម្រេច​ចិត្ត​របស់​ប្រ​ទេស​នីមួយៗ​។​ ឯ​ក្រុមហ៊ុន Sinovac ក៏​មិ​នបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នា​។

ខណៈពេល ដែលការសិក្សាជាច្រើន​បង្ហាញថា វ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ «ដែលតា» (Delta) ថ្មី​ អង្គការ​ W.H.O. និយាយថា ព្រមាន​ពី​ការ​ចាក់​វ៉ាក់សាំងលាយ​គ្នា​ថា​ជា «និន្នាការគ្រោះថ្នាក់» ពីព្រោះ​មាន​ទិន្នន័យ​តិចតួច​ ដែល​បង្ហា​ញ​អំពីប្រសិទ្ធិភាព​នៃ​ការ​លាយ​វ៉ាក់សាំង​នេះ​។

លោកស្រី​ Soumya Swaminathan ប្រធានផ្នែក​វិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក​ ( WHO) បានថ្លែង​ប្រាប់ស​ន្និសីទ​កាសែត​តាមប្រព័ន្ធអ៊ីនធឺណេត កាលពីថ្ងៃ​ ចន្ទ ថា៖ «ការធ្វើ​ដូច​នេះ គឺ​​ជានិន្នាការគ្រោះថ្នាក់​​បន្តិច ដោយសារ​យើងនៅមិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​អំពីប្រសិទ្ធិភាព​នៃ​ការ​លាយ​វ៉ាក់សាំង​នៅឡើយ​»។ ​

«វានឹងក្លាយជាស្ថានភាពវឹកវរនៅក្នុងប្រទេសនានាលើ​ពិភពលោក ប្រសិនបើប្រទេស​នីមួយៗ​ចាប់ផ្តើម​សម្រេច​ចិត្ត​ថា​ តើពេលណា និងនរណា នឹងប្រើ​វ៉ាក់សាំង​ដូស​​ទី ២ ​ទី ៣ និងទី ៤»។

ទោះយ៉ាងណាក្ដី នៅ​កាណាដា អ្នក​វិទ្យាសាស្ត្រភាគច្រើន​មានសុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​ការ​លាយ​វ៉ាក់សាំង​នេះ​។ កាល​ខែ មិថុនា កន្លងទៅ គណៈកម្មាធិការប្រឹក្សាជាតិស្តីពីការចាក់ថ្នាំបង្ការរោគ (NACI) បាននិយាយថា អ្នកដែលបានទទួលវ៉ាក់សាំង AstraZeneca ដូសទី ១ គួរតែទទួល​វ៉ាក់សាំង​ Pfizer-BioNTech ឬ Moderna នៅដូសទី ២។ អ្នក​វិទ្យាសាស្ត្រ​អះអាងថា ការ​លា​យ​គ្នា​នេះ មានសុវត្ថិភាព​និង​ប្រសិទ្ធិភាព​​នៅក្នុងសេណារីយ៉ូភាគច្រើន។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner