ហ្វីលីពីនទាត់ចោលការលើកឡើង ចិនជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនឆ្នាំ២០១៦
កាលពីថ្ងៃចន្ទ ១២ កក្កដា ខុទ្ទកាល័យប្រធានាធិបតីហ្វីលីពីនបានច្រានចោលការអះអាងថាចិនបានជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ២០១៦ នេះបើតាមការលើកឡើងរបស់លោក Harry Rouque អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Rodrigo Duterte។
អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Albert del Rosario បានធ្វើអះអាងថា «ស្ថាប័នអន្តរជាតិគួរឱ្យជឿទុកចិត្តមួយ» បានខ្សឹបប្រាប់លោកថា មន្ត្រីជាន់ខ្ពស់របស់ចិនបានអួតប្រាប់ថា «ពួកគេអាចលូកដៃក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ២០១៦ ដូច្នេះហើយទើប Duterte អាចឡើងកាន់អំណាចបាន»។ អតីតរដ្ឋមន្ត្រីរូបនេះនិយាយបែបនេះក្នុងវេទិកាមួយ កាលពីថ្ងៃទី១២ ខែកក្កដា តែលោកមិនបានបញ្ជាក់លម្អិតពីព័ត៌មានខាងលើនោះទេ។
ទាក់ទិននឹងរឿងនេះដែរ លោក Rouque បាននិយាយក្នុងសន្និសីទកាសែតមួយថា ការលើកឡើងរបស់លោក Rosario គឺមិនបានការនោះឡើយ។ អ្នកនាំពាក្យរូបនេះថែមទាំងបានចោទលោក Rosario ថាជា ជនក្បត់ជាតិមួយរូប ដែលធ្វើឱ្យហ្វីលីពីនបាត់បង់តំបន់ថ្មប៉ប្រះទឹក Scarborough ដែលស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១២ ក្នុងអំឡុងពេលលោកនៅធ្វើរដ្ឋមន្ត្រីការបរទេស។
ស្ថានទូតចិននៅរដ្ឋធានីម៉ានីល និងគណៈកម្មការរៀបចំការបោះឆ្នោតមិនទាន់ធ្វើការអះអាងនេះនៅឡើយទេ។
ហ្វីលីពីននឹងរៀបចំការបោះឆ្នោតប្រធានាធិបតីម្ដងទៀតនៅឆ្នាំ២០២២ តែលោក Duterte មិនមានសិទ្ធិឈរឈ្មោះបានទៀតទេ ដោយសារតែនៅប្រទេសអាស៊ីអាគ្នេយ៍ដីកោះនេះ ប្រធានាធិបតីអាចកាន់បានតែមួយអាណត្តិ ៦ឆ្នាំប៉ុណ្ណោះ៕
ប្រភព៖ CNA