អាមេរិកពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដើម្បីប្រឆាំងមហាអំណាចនៅអាស៊ីគឺចិន

វ៉ាស៊ីនតោន​៖ ​មន្ត្រី​សេតវិមាន​កំពុង​ពិភាក្សា​សំណើ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​ដែល​គ្រប​ដណ្តប់​លើ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ខណៈ​រដ្ឋបាលបៃដិន​​ស្វែង​រក​មធ្យោបាយ​ដើម្បី​ពិនិត្យ​មើល​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​។​ ​

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Bloomberg​ ដែល​បាន​ដក​ស្រង់​សម្ដី​​ប្រភព​ដើម​ផ្សេង​គ្នា​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ សេចក្តី​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​សក្តានុ​ពល​ស្ថិត​នៅ​ជា​សេចក្តី​ព្រាង​នៅ​ឡើយ​ ប៉ុន្តែ​កតិកា​សញ្ញា​អាច​ត្រូវ​បាន​ចូល​រួម​ដោយ​បណ្តា​ប្រទេស​ដូចជា​ កាណាដា ​ឈីលី​ ជប៉ុន​ ម៉ាឡេស៊ី​ អូស្ត្រាលី​​ នូវែលសេឡង់​ និង​សិង្ហបុរី​ជាដើម​។​ ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​ទៀត​សោត​ ក៏​អាច​ដាក់​ចេញ​នូវ​ស្តង់ដារ​សម្រាប់​សេដ្ឋកិច្ច​លើ​ប្រព័ន្ធឌីជីថល (អ៊ីនធឺណែត)​​ រួម​ទាំង​ច្បាប់​ស្តី​ពី​ការ​ប្រើប្រាស់​ទិន្នន័យ​ ការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​ និង​ការ​រៀប​ចំ​គយ​អេឡិចត្រូនិក​។​

គម្រោង​នេះ ​ក៏​នឹង​បង្ហាញ​ថា​ រដ្ឋ​បាល​លោក​ បៃដិន​ ចាប់​អារម្មណ៍​ក្នុង​ការ​ស្វែ​ង​រក​ឱកាស​ពាណិជ្ជកម្ម​ថ្មី​បន្ទាប់​ពី​ចំណាយ​ពេល​ជា​ច្រើន​ខែ​ដំបូង​របស់​ខ្លួន​ផ្តោត​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​ ជា​ជាង​ការចរចា​ជាមួយ​ប្រទេស​អង់គ្លេស​ និង​កេនយ៉ា​ ដែល​បន្សល់​ទុក​ពី​រដ្ឋបាល​របស់​លោក ​ត្រាំ​។​

​ចំណុច​​ចម្បង​​នៃ​គោល​នយោបាយ​នេះ​ ប្រហែល​ជា​នឹង​តំណាង​ឱ្យ​កិច្ចខិត​ខំ​ប្រឹងប្រែង​ដំបូង​របស់​រដ្ឋបាល​លោក​​បៃដិន​ ដើម្បី​បង្ហាញ​ផែនការ​សេដ្ឋកិច្ច​សម្រាប់​តំបន់​ដែល​មាន​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​នៅ​លើ​ពិភពលោក​ ​ក្រោយ​ពី​អតីត​ប្រធានា​ធិបតី​លោក​​ដូណាល់ ​ត្រាំ ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​កាល​ពី​ឆ្នាំ ​២០១៧​។

​មន្រ្តី​សេត​វិមាន​ម្នាក់​បាន​និយាយ​​ថា​ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ណាមួយ​កើត​ឡើង​ទេ​ ប៉ុន្តែ​រដ្ឋបាល​របស់​ខ្លួន​មាន​ចេតនា​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​លើ​ទំនាក់​ទំនង​​ជាមួយ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ក្នុង​វិស័យ​ជា​ច្រើន​រួម​ទាំង​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​។​ ​

អ្នក​តស៊ូ​មតិ​សម្រាប់​កិច្ច​ព្រម​ព្រៀង​បែប​នេះ​ រួម​មាន​ទាំង​អតីត​តំណាង​ពាណិជ្ជកម្ម​ស្តី​ទី​សហរដ្ឋ​អាមេរិក​លោក​ Wendy ​Cutler​ បាន​លើក​ឡើង​ថា​ វា​អាច​ទាញ​យក​ការ​រៀបចំ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​រួម​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​រវាង​សហរដ្ឋ​អាមេរិក​ ​និង​ជប៉ុន​ ក៏​ដូច​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​សិង្ហបុរី-អូស្ត្រាលី ​និង​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ឌីជីថល​សិង្ហបុរី​-​នូវែលសេឡង់​-​ឈីលី​។​

លោក ​Cutler​ បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​វិល​ត្រឡប់​មក​រក​ល្បែង​ពាណិជ្ជកម្ម​នៅ​អាស៊ី​វិញ​ ខណៈ​ពេល​ដែល​ខ្លួន​ពិចារណា​លើ​គុណសម្បត្តិ​នៃ​ការ​ចូលរួម​ឡើង​វិញ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទូលំទូលាយ​ និង​ជឿនលឿន​សម្រាប់​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក​ (CPTPP)។

​ចំណែក​ឯ​លោក ​Charles​ Freeman​ អនុ​ប្រធាន​ជាន់​ខ្ពស់​សម្រាប់កិច្ចការ​​អាស៊ី​នៅ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​​ក្រុង​វ៉ាស៊ីន​តោន​បាន​និយាយ​ថា​៖​ ​«​យើង​ពេញ​ចិត្ត​នឹង​ការ​ចរចា​នៃ​កិច្ច​ព្រមព្រៀង​ឌីជីថល​ជា​ពិសេស​ក្នុង​ករណី​ដែល​មិន​មាន​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូអន្តរ​ប៉ាស៊ីហ្វិក​ (TPP)​។ ​យើង​ចង់​ឃើញ​កិច្ច​ព្រម​ព្រៀង​ដែល​ផ្អែក​លើ​ការ​ឆ្ពោះ​ទៅ​មុខ​ និង​បែប​ណាមួយ​នៅ​ក្នុង​តំបន់​ ជា​ពិសេស​ជា​គំរូ​សម្រាប់​កិច្ច​ព្រម​ព្រៀង​ពិភព​លោក​»​។​ ​

​កិច្ច​ព្រម​ព្រៀង​បែប​នេះ​ អាច​រារាំង​ការ​ជាប់​គាំង​នយោបាយ​​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ចរចា​ពាណិជ្ជកម្ម​ពី​មុន​រួម​ទាំង​ការ​ប្រឆាំង​ពី​សហជីព​កម្មករ​។​ លើស​ពី​នេះ​ វា​ក៏​មិន​ត្រូវ​ការអនុម័តរបស់​សភា​​ ​ ខណៈ​ដែល​សមាជិក​មក​ពី​បក្ស​ប្រជាធិបតេយ្យ​បាន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​សូម្បី​តែ​ក្នុង​ចំណោម​គណបក្ស​សាធារណរដ្ឋ​ ក៏​មាន​ការ​គាំទ្រ​តិច​តួច​ចំពោះ​កតិកា​សញ្ញា​ពាណិជ្ជកម្ម​សេរី​​ទូលំ​ទូលាយ​ដែរ​។​

​លោក ​Nigel ​Cory​ នាយក​រងផ្នែក​គោល​នយោបាយ​ពាណិជ្ជកម្ម​នៃ​មូល​និធិ​បច្ចេក​វិទ្យា​ និង​ការ​បង្កើត​ថ្មី​ បាន​និយាយ​ថា​៖ ​«​បញ្ហា​ប្រឈម​មួយ​ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ជា​ច្រើន​ជាមួយ​គោល​នយោបាយ​ពាណិជ្ជកម្ម​ទំនើប​ គឺ​ស្វែង​យល់​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ថ្លឹង​ថ្លែង​នូវ​ផល​ប្រយោជន៍​ប្រកួត​ប្រជែង​ផ្សេង​ៗ​គ្នា ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដ៏​ទូលំ​ទូលាយ​ជាមួយ​ផលិត​កម្ម​ ពល​កម្ម​ កសិកម្ម​ សេវា​កម្ម​ ច្បាប់​ សម្រាប់​បរិស្ថាន​​»​។​ ​

​យ៉ាង​ណា​មិញ​ រដ្ឋបាល​លោក​ បៃដិន​ នឹង​ត្រូវ​បំពេញ​សំណើរ​នេះ​ជាមួយ​នឹង​ «​គោល​នយោបាយ​ពាណិជ្ជកម្ម​​ផ្តោត​លើ​កម្មករ​»​ ដែល​គូស​បញ្ជាក់​ដោយ​តំណាង​ពាណិជ្ជ​កម្ម​អាមេរិក​លោក​ស្រី​ Katherine Tai​ ​។ ​មន្ត្រី​រដ្ឋបាល​ខ្លះ​បាន​បង្ហើប​ជា​សាធារណៈ​ អំពី​កិច្ច​ព្រម​ព្រៀង​សក្តានុពល​មួយ​។​

​លោក​ Kurt​ Campbell​ មន្ត្រី​ជាន់​ខ្ពស់​របស់​សេត​វិមានទទួលបន្ទុក​កិច្ចការ​​តំបន់​អាស៊ី​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​កក្កដា​ ថា​៖​ «​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​មាន​ប្រសិទ្ធិភាព​នៅ​អាស៊ី​ យើង​ចាំ​បាច់​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ យើង​មាន​ផែនការ​សេដ្ឋកិច្ច​មួយ​ដែល​មាន​ការ​ភ្ជាប់​គ្នា​ជា​បន្ត​បន្ទាប់​»​។​

ប្រភព៖ Straitstimes

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner