អឺរ៉ុបចង់ប្រកួតប្រជែងយុទ្ធសាស្ត្រក្រវ៉ាត់ និងផ្លូវរបស់ចិន ជាមួយផែនការហេដ្ឋារចនាសម្ព័ន្ធពិភពលោក

កាលពី​ថ្ងៃច័ន្ទ​នេះ​ រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ឯកភាព​ចាប់​ផ្ដើម​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​សកល​មួយ​ដែល​នឹង​តភ្ជាប់​អឺរ៉ុប​ទៅ​នឹង​ពិភពលោក​ ដែល​នេះ​ជា​ជំហាន​ចុង​ក្រោយ​បង្អស់​របស់​ពួកគេ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ និង​កិច្ច​សន្យា​ប្រហាក់​ប្រហែល​នេះ​ ជា​មួយ​នឹង​ឥណ្ឌា​ ជប៉ុន​ និង​ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧ ឬហៅថា​​ G7​។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក​ Heiko Maas បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​បាន​ជួប​សមភាគី​អឺរ៉ុប​នៅ​ក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក​ថា​៖ «យើង​ឃើញ​ប្រទេស​ចិន​ប្រើប្រាស់​មធ្យោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក។ វា​គ្មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​ស្រែក​ថ្ងូរ​អំពី​បញ្ហា​នេះ​ទេ យើង​ត្រូវ​តែ​ផ្ដល់​ជម្រើស​ផ្សេង​»​។ លោក​បាន​បន្ថែម​ទៀត​ថា​៖ «វា​សំខាន់​ណាស់​ដែល​សហភាព​អឺរ៉ុប​សម្របសម្រួល​វា​(ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ) យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សហរដ្ឋអាមេរិក​»។​

សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ជា​មួយ​ជប៉ុន និង​ឥណ្ឌា​រួច​ហើយ ដើម្បី​សម្រប​សម្រួល​គម្រោង​ដឹក​ជញ្ជូន​ ថាមពល និង​ឌីជីថល​ ដើម្បី​តភ្ជាប់​អឺរ៉ុប​និង​អាស៊ី​។ ​ទីក្រុង​តូក្យូ និង​ញូដេលី​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ដល់​ជំនួយ​ និង​ប្រាក់​កម្ចី​មិន​រើស​មុខ​ដោយ​ចិន ដែល​ពួកគេ​និយាយ​ថា​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​ជាប់​ជំពាក់​ក្រុង​ប៉េកាំង ពី​ព្រោះ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​យក​បំណុល​ដ៏​ច្រើន​បែប​នេះ​។

យុទ្ធសាស្ត្រ​របស់​អឺរ៉ុប​ ដែល​មាន​ឈ្មោះ​ថា​ «អឺរ៉ុប​ដែល​តភ្ជាប់​នឹង​ពិភពលោក​» មិន​បាន​និយាយ​ទាក់ទង​នឹង​ប្រទេស​ចិន​ទេ ហើយ​រដ្ឋមន្ត្រី​ការបរទេស​ជើងចាស់​លុចហ្សំបួរ​លោក​ Jean Asselborn បាន​និយាយ​ថា​អឺរ៉ុប​មិន​គួរ​ធ្វើ​ប្រទេស​ចិន​ឱ្យ​ក្លាយ​ជា​សត្រូវ​ទេ​ ដោយ​កត់​សម្គាល់​ថា​ក្នុង​មួយ​ឆ្នាំ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​លក់​រថយន្ត​នៅ​ចិន​បាន​ច្រើន​ជាង​នៅ​អាល្លឺម៉ង់​ទៅ​ទៀត​។

ចាប់​តាំង​ពី​ឆ្នាំ ២០១៣ ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​គម្រោង​សាងសង់​នៅ​ជាង ៦០ ប្រទេស​ ក្នុង​គោលបំណង​កសាង​បណ្ដាញ​ផ្លូវ​គោក​និង​សមុទ្រ ដើម្បី​តភ្ជាប់​ប្រទេស​ខ្លួន​ជា​មួយ​អាស៊ី​អាគ្នេយ៍ អាស៊ី​កណ្ដាល មជ្ឈិម​បូព៌ា អឺរ៉ុប​និង​អាហ្វ្រិក​។ ក្រុង​ប៉េកាំង​បាន​បដិសេធ​ថា​យុទ្ធសាស្ត្រ​នេះ​គឺ​មិន​មែន​សម្រាប់​បញ្ចាំង​អំណាច និង​ឥទ្ធិពល​របស់​ខ្លួន​ទេ ហើយ​គឺ​គ្រាន់​តែ​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន​សាមញ្ញ​ប៉ុណ្ណោះ​។

ប្រភព៖ Straitstimes

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner