ជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម មេទ័ពអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន
សុខ វេងឈាង
កាលពីថ្ងៃចន្ទ ទី១២ កក្កដា នាយឧត្ដមសេនីយ៍អាមេរិក ដែលដឹកនាំសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថានលោក Austin Miller បានចុះចេញពីតំណែងជាមេបញ្ជាការកងទ័ពអាមេរិកនៅប្រទេសនេះ ហើយធ្វើការចាកចេញដោយស្ងាត់ស្ងៀម ដែលនេះជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមវែងបំផុតរបស់អាមេរិក ខណៈពេលក្រុមឧទ្ទាមបង្កើនសំទុះការវាយលុក។
លោក Miller ដែលជាមេបញ្ជាការផ្កាយបួនចុងក្រោយរបស់អាមេរិកបម្រើការនៅលើទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន បានឡើងលើឧទ្ធម្ភាគចក្រមួយគ្រឿងហើយបានហោះចេញពីមូលដ្ឋានយោធានៅរដ្ឋធានីកាប៊ុល ដែលជាមជ្ឈមណ្ឌលសរសៃប្រសាទសម្រាប់ប្រតិបត្តិការសង្គ្រាម ដែលមានអាយុកាលពីរទសវត្សរ៍នេះ។
ប្រធានាធិបតីអាមេរិកចូ បៃដិនបាន កំណត់កាលបរិច្ឆេទបញ្ចប់បេសកកម្មយោធារបស់សហរដ្ឋអាមេរិកជាផ្លូវការនៅថ្ងៃទី ៣១ ខែសីហា ខណៈពេលដែលលោកចង់ផ្ដាច់ខ្លួនអាមេរិកចេញពីសង្គ្រាម ដែលបង្កដោយការវាយប្រហារអគារភ្លោះដោយក្រុមភេរវកម្មអាល់កៃដាកាលពីថ្ងៃទី ១១ កញ្ញា ២០០១។
ថ្លែងទៅកាន់ទាហានអាមេរិក និងមន្ត្រីអាហ្វហ្គានីស្ថានមួយចំនួនតូចលោក Miller បានប្ដេជ្ញាចងចាំអំពីជីវិតមនុស្សីដែលបានបាត់បង់នៅក្នុងការប្រយុទ្ធគ្នា ហើយបានទាមទារឱ្យតាលីបង់បញ្ឈប់ការវាយប្រហាររបស់ពួកគេ ដែលដណ្ដើមការគ្រប់គ្រងដែនដីជាច្រើនពីរដ្ឋាភិបាលគាំទ្រដោយអន្តជាតិ។
លោក Miller បាននិយាយថា៖ «អ្វីដែលខ្ញុំប្រាប់តាលីបង់ គឺពួកគេក៏ត្រូវទទួលខុសត្រូវផងដែរ។ អំពើហិង្សា ដែលកំពុងកើតឡើង គឺប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនអាហ្វហ្គានីស្ថាន ហើយវាចាំបាច់ត្រូវបញ្ឈប់»។
កិច្ចការទាក់ទងជាមួយនឹងអាហ្វហ្គានីស្ថានទាំងអស់ ត្រូវផ្ទេរពីលោក Miller ទៅឱ្យអគ្គបញ្ជាការដ្ឋានមជ្ឈិមបូព៌ារបស់អាមេរិក ដែលជាបញ្ជាការដ្ឋានកងកម្លាំងអាមេរិកនៅតំបន់ក្ដៅរួមមានអ៊ីរ៉ាក់ និងស៊ីរី មានមូលដ្ឋាននៅរដ្ឋ Florida សហរដ្ឋអាមេរិក ហើយដឹកនាំដោយនាយឧត្ដមសេនីយ៍ Kenneth McKenzie។ លោក McKenzie បានបញ្ជាក់ពីជំនួយអនាគតរបស់អាមេរិកដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បើទោះបីជាជំនួយនេះគឺជាជំនួយដោយប្រយោលក៏ដោយ។
លោក McKenzie បាននិយាយថា៖ «អ្នកអាចពឹងផ្អែកលើការគាំទ្ររបស់យើងនៅថ្ងៃដ៏គ្រោះថ្នាក់ និងលំបាកខាងមុខ។ យើងនឹងនៅជាមួយអ្នក»។
លោក McKenzie បាននិយាយថាបើតាមទស្សនៈរបស់លោក ក្រុមតាលីបង់កំពុងស្វែងរក «ដំណោះស្រាយយោធា» ខណៈពេលដែលការចរចារកមធ្យោបាយនយោបាយដើម្បីបញ្ចប់សង្គ្រាមនេះដោយសន្តិភាពគឺកំពុងជាប់គាំងរវាងមេដឹកនាំតាលីបង់ និងរដ្ឋាភិបាលប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani។
លោកបាននិយាយថា៖ «យើងត្រូវមើលឃើញកាយវិការខ្លះពីពួកតាលីបង់នៅទីនេះ ដែលពួកគេមិនមែនគ្រាន់តែមានចេតនាទាំងស្រុងក្នុងការឈ្នះជ័យជម្នះខាងយោធានោះទេ។ ឥឡូវយើងស្ថិតក្នុងផ្លូវបំបែកមួយក្នុងប្រវត្តិសាស្ត្រអាហ្វហ្គានីស្ថាន»។
លោកបាននិយាយថាទីរួមខេត្តនានាកំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយលោកបានបន្ថែមថាតាលីបង់ហាក់ដូចជាចាប់អារម្មណ៍ក្នុងការដណ្ដើមយកទីក្រុងកាន់ដាហា ដែលជាទីក្រុងធំទី ២ របស់អាហ្វហ្គានីស្ថាន និងជាកន្លែងកំណើតរបស់តាលីបង់។ ទន្ទឹមនឹងការបង្ហាញពីទំនុកចិត្តលើកងកម្លាំងអាហ្វហ្គានីស្ថាន លោកក៏បាននិយាយអំពីផលវិបាកដែលជ័យជម្នះរបស់តាលីបង់អាចមានសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។
លោកបាននិយាយថា៖ «ប្រសិនបើរដ្ឋាភិបាលនេះត្រូវបានផ្ដួលរំលំប្រសិនបើតាលីបង់ទទួលជោគជ័យ ខ្ញុំគិតថានឹងមានការវិលត្រឡប់ទៅរកស្តង់ដារមជ្ឈិមសម័យនៅទីនេះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាពិសេស នៅក្នុងបញ្ហាសិទ្ធិស្ត្រី សិទ្ធិមនុស្ស ការអប់រំ និងបញ្ហាជាច្រើនទៀត»។
ចាប់ពីថ្ងៃទី៣១ ខែសីហា លោក McKenzie នឹងអាចធ្វើការបញ្ជាការវាយប្រហារតាមអាកាសដើម្បីគាំទ្រប្រតិបត្តិការយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថាន ប៉ុន្តែនាយឧត្ដមសេនីយ៍រូបនេះបានបញ្ជាក់ថារាល់ការវាយប្រហារតាមអាកាសទាំងអស់ គឺសម្រាប់ប្រឆាំងនឹងក្រុមភេរវកម្មអាល់កៃដ និងរដ្ឋអ៊ីស្លាម (ISIS)។
បន្ទាប់ពីការចាកចេញរបស់ Miller ត្រឡប់ទៅអាមេរិកវិញ ក្រសួងការពារជាតិអាមេរិកបានរៀបចំផែនការអន្តរកាលមួយ ដែលអនុញ្ញាតដែលអនុញ្ញាតឱ្យឧត្ដមសេនីយ៍មួយចំនួនផ្ដល់ជំនួយដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ពីក្រៅប្រទេសនេះ។
ខណៈពេលដែលនាយឧត្ដមសេនីយ៍ McKenzie ធ្វើការបញ្ជានានាពីរដ្ឋ Florida សហរដ្ឋអាមេរិក ឧត្ដមសេនីយ៍ត្រី Curtis Buzzard ដែលមានមូលដ្ឋាននៅប្រទេសកាតានឹងផ្តោតលើការគ្រប់គ្រងជំនួយថវិកាសម្រាប់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន រួមទាំងថវិកាសម្រាប់ថែរក្សា និងជួសជុលយន្តហោះចម្បាំង។
នៅទីក្រុងកាប៊ុល ឧត្ដមនាវីទោ Peter Vasely នឹងដឹកនាំកម្លាំងសហរដ្ឋអាមេរិកដែលទើបបង្កើតថ្មីចំនួន ៦៥០ នាក់ ដោយផ្ដោតលើការការពារស្ថានទូតអាមេរិក និងអាកាសយានដ្ឋានអន្តរជាតិ។
Source:
https://www.aljazeera.com/news/2021/7/12/top-us-general-in-afghanistan-relinquishes-command




