សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាសនៃចលនាមិនចូលបក្សសម្ព័ន្ធ

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងមូល របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី “ចលនាមិនចូលបក្សសម្ព័ន្ធនៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក” នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១៖

១. នាពេលបច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញនៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចនឹងកើតមានឡើងនាពេល បន្ទាប់។

២. កម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទាំងនេះ ការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាន នៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយ ស្របតាមគោលការណ៍បានឌុង សេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

៣. ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍ អាចនឹងទទួលបរាជ័យដោយខ្លួនឯង ។

៤. ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ ការប្រឈមនានា ដែលយើងកំពុងជួបប្រទះ ត្រូវការចាំបាច់នូវវិធីសាស្រ្តរួមមួយ ដែលកើតចេញពីការសាមគ្គីភាព ការប្តេជ្ញាចិត្តដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្មារតីមនុស្សធម៌។ នៅក្នុងបរិបទនេះ កិច្ចការនៃចលនាមិនចូលបក្សសម្ព័ន្ធ មានសារៈសំខាន់បំផុតក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ មនុស្សទាំងពួង។ ឧទាហរណ៍៖ ការអនុវត្តនៃគោលដៅសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានលើកទឹកចិត្តតាមរយៈការអនុម័តប្រភពថាមពលកកើតឡើងវិញ ដែល ជួយទប់ស្កាត់ការបំភាយកាបូន នឹងមានផលប្រយោជន៍ដល់ពិភពលោកទាំងមូល។

៥. ការប្រឈមជាសកល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមកដល់នៃបដិវត្តឧស្សាហកម្មទី៤ នឹងតម្រូវឱ្យយើងសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យានិងការចែករំលែកបច្ចេកវិទ្យា មិនមែនគ្រាន់តែរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ។ ការផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាបែបនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ធនីមួយៗ ក្នុងអំឡុងពេលផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលពិភពលោក។

៦. ការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យានៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងសុខាភិបាល នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច។

៧. ចំពោះកម្ពុជា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍ អន្តរជាតិនឹងអាចដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។ ការគ្រាន់តែរៀបរាប់ពីពហុភាគី និយមដើម្បីផលប្រយោជន៍ខ្លួនឯង ដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោក  នោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ។ ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធី និងភាពស្មោះត្រង់។ បើសិនជាគ្មានចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទេ យើងនឹងមិនអាចបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៊ី ក៏ដូចជាយើងនឹងមិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី នៅក្នុងបរិបទនៃគូប្រកួតប្រជែង ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះទេ។

៨. តាមប្រវត្ដិសាស្ដ្រ ចលនាមិនចូលបក្សសម្ព័ន្ធបានផ្តួចផ្តើមគំនិតនៃទំនាក់ទំនងអន្តរជាតិ ដែលជួយទប់ស្កាត់សង្គ្រាមលោកថ្មី។ ខ្ញុំជឿជាក់ថា សព្វថ្ងៃនេះ នៅក្នុងពិភពពហុភាគីនៃការក្រកួតប្រជែងប្រកប ដោយគ្រោះថ្នាក់ គំនិតនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ដូចដែលបានបង្កើតឡើងដោយសហស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ គឺនៅតែមានភាពសមស្របជាងពេលណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងការលើកកម្ពស់គំនិតនេះ ម្តងទៀតនោះទេ៕សួង  ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner