ថៃសម្រេចចាក់វ៉ាក់សាំងលាយគ្នា បើទោះជា WHO ព្រមានអំពីគ្រោះថ្នាក់នៃការលាយក្ដី
សៅ សម្ភស្ស
រដ្ឋាភិបាលថៃ គ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ លាយគ្នា ដោយចាក់វ៉ាក់សាំងចិន Sinovac ជាដូសទី ១ និងវ៉ាក់សាំង Astra Zeneca ឬ Pfizer ជាដូសទី ២ ដើម្បីបង្កើនប្រសិទ្ធិភាពប្រឆាំងនឹងវ៉្យារ៉្យង់ថ្មី បើទោះជាអង្គការសុខភាពពិភពលោក WHO ព្រមានពីគ្រោះថ្នាក់នៃការលាយវ៉ាក់សាំងក្ដី។
វិធាននៃការលាយវ៉ាក់សាំងចិន និងវ៉ាក់សាំងលោកខាងលិចនេះ គឺជាលទ្ធផលថ្មីបានមកពីការសិក្សាបឋមរបស់ថៃ ដែលសិក្សាអំពីការលាយវ៉ាក់សាំង ដើម្បីការពារក្នុងរយៈពេលយូរនៃវ៉ាក់សាំង Sinovac ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានថា៖ «ការធ្វើដូចនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំក្នុងរាងកាយ ដើម្បីប្រឆាំងនឹងវ៉្យារ៉្យង់ថ្មីនេះ។ ហើយគន្លាតនៃការចាក់វ៉ាកសាំង AstraZeneca ដែលនឹងត្រូវចាក់នៅដូសទី ២ គឺមានរយៈពេលពី ៣ ទៅ ៤ សប្ដាហ៍ ពីវ៉ាក់សាំង Sinovac»។
យ៉ាងណាមិញ មិនមានការសិក្សាជាក់លាក់ណាមួយស្តីពីការលាយវ៉ាក់សាំង ចិន Sinovac និងវ៉ាក់សាំង AstraZeneca នោះទេ ប៉ុន្តែប្រទេសមួយចំនួនកំពុងក្រឡេកមកមើលលទ្ធភាពនៃការលាយវ៉ាក់សាំងបញ្ចូលគ្នារវាងវ៉ាក់សាំងផ្សេងៗគ្នា ឬ ចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់ទល់នឹងក្ដីបារម្ភរបស់វ៉ារ្យ៉ង់ថ្មី និងចំនួនឆ្លង ដែលបានកើនឡើងជាលំដាប់។
ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសថៃ បានប្រកាសថា ចាប់តាំងពីខែមេសា ដល់ខែ កក្កដា បុគ្គលិកសុខាភិបាលចំនួន ៦១៨ នាក់ក្នុងចំណោមបុគ្គលិកសរុបចំនួន ៦៧៧.៣៤៨ នាក់ ដែលទទួលវ៉ាក់សាំង Sinovac ចំនួន ២ ដូសនៅតែឆ្លងកូវីដ-១៩ ក្នុងនោះមាន គិលានុបដ្ឋាយិកាម្នាក់បានស្លាប់ថ្មីៗនេះ។
ដូចគ្នានេះដែរ ប្រទេសជិតខាងដូច ឥណ្ឌូនេស៊ីក៏បានរាយការណ៍ពីការឆ្លង ក្នុងចំណោមកម្មករពេទ្យ និងមន្ត្រីជួរមុខ ដែលបានទទួលការចាក់វ៉ាក់សាំង Sinovac ទាំង ២ ដូសផងដែរ។ ក្រោយពេល ប្រទេសថៃ គ្រោងនឹងចាក់វ៉ាក់សាំងការពារដូសទី ៣ ដល់បុគ្គលិកជួរមុខរបស់ខ្លួន ហើយប្រទេសឥណ្ឌូនេស៊ីក៏កំពុងពិចារណាលើជំហានស្រដៀងគ្នាដែរ។
ការសិក្សាបឋមរបស់ថៃ លើបុគ្គលិកពេទ្យ ៧០០ នាក់ ចេញកាលពីថ្ងៃ ចន្ទ បានបង្ហាញថា អត្រាការពាររបស់វ៉ាក់សាំង Sinovac បានផលិតកម្រិតអង្គបដិប្រាណចន្លោះពី ៦០ ទៅ ៧០ ភាគរយ សម្រាប់ ៦០ ថ្ងៃដំបូង បន្ទាប់ពីការចាក់លើកទី ២ ប៉ុន្តែអត្រានេះបានថយចុះជាលំដាប់ ហើយហាក់ដូចជាថយចុះវិញ រៀងរាល់ ៤០ ថ្ងៃម្ដង។
អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បាននិយាយថា៖ « បើយោងតាមការស្រាវជ្រាវរបស់យើង ប្រសិនបើបុគ្គលិកពេទ្យរបស់យើងបានទទួលវ៉ាក់សាំង Sinovac ចំនួន ២ ដូស ពួកគេគួរតែចាក់វ៉ាក់សាំងដូសទី ៣ ទៀត ពោលគឺចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer បាន»។
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវនេះ នៅមិនទាន់បានបង្ហាញទិន្នន័យការសិក្សាពេញលេញរបស់ពួកគេនៅឡើយទេ។ ដោយឡែក អ្នកតំណាងក្រុមហ៊ុន AstraZeneca បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយអះអាងថា គោលនយោបាយនៃការចាក់វ៉ាក់សាំងគឺជាបញ្ហា សម្រេចចិត្តរបស់ប្រទេសនីមួយៗ។ ឯក្រុមហ៊ុន Sinovac ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នា។
ខណៈពេល ដែលការសិក្សាជាច្រើនបង្ហាញថា វ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ «ដែលតា» (Delta) ថ្មី អង្គការ W.H.O. និយាយថា ព្រមានពីការចាក់វ៉ាក់សាំងលាយគ្នាថាជា «និន្នាការគ្រោះថ្នាក់» ពីព្រោះមានទិន្នន័យតិចតួច ដែលបង្ហាញអំពីប្រសិទ្ធិភាពនៃការលាយវ៉ាក់សាំងនេះ។
លោកស្រី Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក ( WHO) បានថ្លែងប្រាប់សន្និសីទកាសែតតាមប្រព័ន្ធអ៊ីនធឺណេត កាលពីថ្ងៃ ចន្ទ ថា៖ «ការធ្វើដូចនេះ គឺជានិន្នាការគ្រោះថ្នាក់បន្តិច ដោយសារយើងនៅមិនទាន់មានទិន្នន័យច្បាស់អំពីប្រសិទ្ធិភាពនៃការលាយវ៉ាក់សាំងនៅឡើយ»។
«វានឹងក្លាយជាស្ថានភាពវឹកវរនៅក្នុងប្រទេសនានាលើពិភពលោក ប្រសិនបើប្រទេសនីមួយៗចាប់ផ្តើមសម្រេចចិត្តថា តើពេលណា និងនរណា នឹងប្រើវ៉ាក់សាំងដូសទី ២ ទី ៣ និងទី ៤»។
ទោះយ៉ាងណាក្ដី នៅកាណាដា អ្នកវិទ្យាសាស្ត្រភាគច្រើនមានសុទិដ្ឋិនិយមខ្លាំងចំពោះការលាយវ៉ាក់សាំងនេះ។ កាលខែ មិថុនា កន្លងទៅ គណៈកម្មាធិការប្រឹក្សាជាតិស្តីពីការចាក់ថ្នាំបង្ការរោគ (NACI) បាននិយាយថា អ្នកដែលបានទទួលវ៉ាក់សាំង AstraZeneca ដូសទី ១ គួរតែទទួលវ៉ាក់សាំង Pfizer-BioNTech ឬ Moderna នៅដូសទី ២។ អ្នកវិទ្យាសាស្ត្រអះអាងថា ការលាយគ្នានេះ មានសុវត្ថិភាពនិងប្រសិទ្ធិភាពនៅក្នុងសេណារីយ៉ូភាគច្រើន។

ប្រភព៖
In first, Thailand to mix Sinovac, AstraZeneca vaccine doses
Mixing COVID-19 vaccines a ‘dangerous trend,’ WHO chief scientist says
WHO warns against mixing and matching COVID vaccines
Thailand will give health workers a mix of Chinese and Western vaccines.
https://www.nytimes.com/2021/07/12/world/asia/thailand-chinese-sinovac-vaccine.html

