ជប៉ុនប្រកាសជំនួយវ៉ាក់សាំងបង្កាកូវីដ១៩ចំនួនមួយលានដូស (Video Inside)
រដ្ឋាភិបាលនៃប្រទេសជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសដល់កម្ពុជា។ ឯកអគ្គរាជ ទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ជុំវិញជំនួយវ៉ាក់សាំងដល់កម្ពុជានេះតាមរយៈសេចក្តី ជួនដំណឹងមួយនៅថ្ងៃទី១៣កក្កដានេះ។
ស្ថានទូតបានសរសេរថា ជំនួយវ៉ាក់សាំងមួយលានដូសនោះធ្វើឡើង ស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន ។ ស្ថានទូតបញ្ជាក់ថាវ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមក ដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខ នៅពេលដែលការរៀបចំភ័ស្តុភារដោយមជ្ឈមណ្ឌលកូវ៉ាក់ បាន បញ្ចប់។ ការប្រកាសជំនួយវ៉ាក់សាំងមួយលានដូសនេះ បានធ្វើឡើងទន្ទឹមនឹងស្ថានភាពឆ្លងកូវីដ១៩ក្នុងប្រទេស កម្ពុជាកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ ដែលមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានចាត់ទុកការឆ្លងវេលាច្រើនថ្ងៃជាបន្ត បន្ទាប់មកនេះ គឺជាការឆ្លងហួសចូលក្នុងគំនូសក្រហមហាមឃាត់។
ឯកអគ្គរាជទូតជប៉ុនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងបង្ហាញក្តីសង្ឃឹមក្នុងសេចក្តីជួនដំណឹងថា ជំនួយវ៉ាក់សាំងមួយលានដូសរបស់ជប៉ុននោះនឹង ជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់ បន្ថយការ ព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជាផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងបញ្ជាក់ទៀត ថា រដ្ឋាភិបាលក្រុងតូក្យូ នឹងបន្តសហការនិងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ប្រទេសជប៉ុន។