ក្រុមហ៊ុន Voyage India សន្យាឈប់ប្រើឈ្មោះអង្គរវត្តកម្ពុជា (Video Inside)
ក្រុមហ៊ុនឥណ្ឌាមួយដែលបានបន្លំយករួបភាពប្រាសាទអង្គររបស់កម្ពុជាដាក់លើផលិតផលរបស់ខ្លួនក្នុងការធ្វើ ចរាចរណ៍លក់អង្ករតាមទីផ្សារបរទេសបានសន្យាបញ្ឈប់នូវអំពើខុសច្បាប់របស់ខ្លួន ក្រោយការតវ៉ាពីអាជ្ញាធរ កម្ពុជា។
ក្រុមហ៊ុនឥណ្ឌាឈ្មោះ Voyage India ត្រូវកម្ពុជាបានរកឃើញធ្វើចរាចរលក់អង្ករ Online ដោយប្រើ ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ឡើយ។ ក្រុមហ៊ុនVoyage India នោះ មានទីតាំងនៅរដ្ឋ មហារ៉ាស្ហត្រា Maharashtra នៃប្រទេសឥណ្ឌា។
ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងនៅថ្ងៃទី១២កក្កដាថាក្រោមការស្រាវជ្រាវរបស់អាជ្ញាធរខ្មែរដោយ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធពីប្រទេសថៃផងដែរនោះ គេបានរកឃើញក្រុមហ៊ុនឥណ្ឌាដែលប្រើឈ្មោះក្លែង បន្លំនោះស្ថិតនៅក្នុងរដ្ឋមហារ៉ាស្ហត្រា Maharashtra នៃប្រទេសឥណ្ឌា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានធ្វើការតវ៉ាទៅភាគីឥណ្ឌា ដើម្បីឲ្យក្រុមហ៊ុន Voyage India នោះត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តរបស់ខ្មែរ លើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនោះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជ នាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្ម សិទ្ធិឧស្សាហកម្មថែមទៀត។ ក្រុមហ៊ុនឥណ្ឌានោះ ត្រូវគេរាយការណ៍ថាបានសន្យាបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តខ្មែរដាក់លើសំបកវេចខ្ចប់អង្កររបស់ខ្លួនហើយ ក្រោយការតវ៉ាពីភាគីកម្ពុជាមកនោះ។