ថៃចេញមុខការពារការចាក់វ៉ាក់សាំង Covid-19 ពីរប្រភេទផ្សេងគ្នា បើទោះជាអង្គការសុខភាពពិភពលោក (WHO) ទើបព្រមានពីហានិភ័យ
ថៃ៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសថៃបានចេញមុខការពារការចាក់វ៉ាក់សាំងចម្រុះ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងកំណើនករណីឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រកំពូលរបស់អង្គការសុខភាពពិភពលោក (WHO) ទើបបានព្រមានថា វាជានិន្នាការគ្រោះថ្នាក់មួយ ដែលមិនមានការគាំទ្រដោយភស្តុងតាង ។
ប្រធានផ្នែកវីរុសរបស់ថៃ លោក យ៉ុង ពូវ៉ូរ៉ាវ៉ាន (Yong Poovorawan) បញ្ជាក់ថា វិធីនេះ (ការចាក់វ៉ាក់សាំងចម្រុះ) អាចជាការបញ្ចូលគ្នារវាងវ៉ាក់សាំងអសកម្មSinovac ជាមួយវ៉ាក់សាំងប្រើបច្ចេកវិទ្យា viral vector ដូចជាវ៉ាក់សាំងAstraZeneca ។ យើងមិនអាចរង់ចាំដល់ទៅ១២សប្តាហ៍ (សំរាប់ប្រសិទ្ធភាពវ៉ាក់សាំងដូសបន្ថែម) ក្នុងបរិបទផ្ទុះជំងឺកូវីដដូចសព្វថ្ងៃនេះទេ ប៉ុន្តែនៅពេលអនាគត បើមានវ៉ាក់សាំងល្អប្រសើរជាង… យើងនឹងស្វែងរកវិធីគ្រប់គ្រងសភាពការណ៍ល្អជាងនេះ ។ លោក យ៉ុង ពូវ៉ូរ៉ាវ៉ាន បានអះអាងបែបនេះ មួយថ្ងៃបន្ទាប់ពីប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី ស៊ូម្យ៉ា ស្វាមីណាថាន (Soumya Swaminathan) បានហៅយុទ្ធសាស្ត្រនេះថា ជានិន្នាការគ្រោះថ្នាក់មួយ និងថា មិនមានទិន្នន័យ ឬភស្តុងតាងអំពីប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងចម្រុះគ្នានោះទេ ។ ទោះជាយ៉ាងណា អាជ្ញាធរថៃនិយាយថា ពួកគេនឹងចាក់បញ្ចូលគ្នានូវវ៉ាក់សាំងAstraZeneca បន្ថែមលើវ៉ាក់សាំង Sinovac ផលិតនៅចិនសំរាប់ដូសទី២ ដើម្បីសំរេចបានប្រសិទ្ធភាពខ្ពស់ ទប់ទល់នឹងវីរុសតែក្នុងរយៈពេល៦សប្តាហ៍ ជំនួសអោយ១២សប្តាហ៍ ៕ ប្រភព៖ AFP

