កម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្នការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនជាមួយវៀតណាម រយៈពេល១ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
យោងតាមលិខិតរបស់ក្រសួងការបរទេស ផ្ញើជូនឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសវៀតណាមនៅថ្ងៃទី១៣កក្កដាឆ្នាំ២០២១បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ចម្លងចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះងាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម។ ការផ្អាកនោះ មានរយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងទី១៨ កក្កដា ឆ្នាំ២០២១តទៅ។
យោងតាមក្រសួងការបរទេស ការផ្អាកនោះ ត្រូវបាន តែលើកលែងចំពោះករណីមួយចំនួន ដូចជា អ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម, អ្នកការទូត, មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកកំពុងធ្វើចត្តាឡីស័ក ក៏មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញចូលបណ្ដោះអាសន្ននោះនោះ ជាមួយគ្នានោះ ក្រសួងការបរទេសបានណែនាំឲ្យស្ថានទូតខ្មែរ សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលនៃប្រទេសទាំងពីរ។
