ប្រមុខយូអិន៖ ពិភពលោកត្រូវការវ៉ាក់សាំង១១ពាន់លានដូស ដើម្បីចាក់អោយបាន៧០%នៃប្រជាជនលើពិភពលោក ទើបអាចបញ្ចប់ជំងឺ Covid-19 (មានវីដេអូ)
អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស (Antonio Guterres) បានបញ្ជាក់ថា ពិភពលោកត្រូវការវ៉ាក់សាំងចំនួន១១ពាន់លានដូស ដើម្បីចាក់អោយបាន៧០ភាគរយនៃប្រជាជនលើពិភពលោក ដើម្បីបិទបញ្ចប់ជំងឺកូវីដ១៩ ។
លោក ហ្គូដទែរ៉េស បានគូសបញ្ជាក់ថា មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង ត្រូវតែមានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ការធ្វើតេស្ត ការព្យាបាល និងការគាំទ្រផ្សេងទៀតជាដើម ។ ការអភិវឌ្ឍ និងការចាក់វ៉ាក់សាំង តាមរយៈយន្តការ ACT-Accelerator និងគម្រោង COVAX កំពុងផ្តល់ក្តីសង្ឃឹម ។
បើតាមប្រមុខអង្គការសហប្រជាជាតិរូបនេះ ក្នុងពេលបច្ចុប្បន្ន វាចាំបាច់ណាស់ក្នុងការផ្តល់ហិរញ្ញប្បទានពេញលេញដល់យន្តការ ACT-Accelerator និងគាំទ្រផែនទីបង្ហាញផ្លូវវិនិយោគ៥០ពាន់លានដុល្លារ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក, អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាធានាបាននូវការស្ដារពិភពលោកឡើងវិញ ៕ ប្រភព៖ ស៊ីនហួរ

