កម្ពុជាៈការលើកកម្ពស់ ការពារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គ្មាន​បទដ្ឋាន​ណាមួយ​ដែល​អនុវត្តបាន​គ្រប់កាលៈទេសៈ​នោះទេ​

ភ្នំពេញៈ​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា​ បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ប៉ុន្តែ​ទន្ទឹមនេះ ​ឯកឧត្តម​បាន​បញ្ជាក់​អំពី​ភាពចាំបាច់​ក្នុងការ​ទទួលស្គាល់ថា គ្មាន​បទដ្ឋាន​ណាមួយ​ដែល​អនុវត្តបាន​គ្រប់​កាលៈទេសៈ​នោះទេ​។​

​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បានលើកឡើង​ពី​ចំណុច​នេះ​ នៅក្នុង​កិច្ចប្រជុំ​ពិសេសរដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក (​ស​.​រ​.​អា​)​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៤​ ខែកក្កដា ​ឆ្នាំ​២០២១​នេះ​។​

​ក្នុង​កិច្ចប្រជុំ​ពិ​សេ​សនេះ ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ​ក៏បាន​ផ្លាស់ប្តូរ​យោបល់​គ្នាផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដែល​ផ្តល់​សារៈសំខាន់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​-​នយោបាយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន បាន​ចែករំលែក​ការព្រួយបារម្ភជាមួយ​រដ្ឋមន្ត្រី​ផ្សេងៗ​ទៀត​ជុំវិញ​ការកើនឡើង​នូវ​ភាពស្មុគស្មាញ​នៃ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតចេញពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា ការប្រែប្រួល​អាកាសធាតុ​ និង​ការគំរាមកំហែង​ផ្សេងៗ ទៀត​។ ​ឯកឧត្ដម​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ស្របពេលឯកឧត្ដម​គូសបញ្ជាក់​អំពី​ភាពចាំបាច់​ក្នុងការ​ទទួលស្គាល់ថា​ គ្មាន​បទដ្ឋាន​ណាមួយ​ដែលអនុវត្តបាន​គ្រប់​កាលៈទេសៈ​នោះទេ​។ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ឯកឧត្ដម​បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់​ប្រកាន់ខ្ជាប់​ភាព​អត់ធ្មត់​ជា​អតិបរិមា ​ដើម្បី​ចៀសវាង​ការ​បន្តឹង​ស្ថានការណ៍​បន្ថែមទៀត​ និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ​រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់សមុទ្រ​(UNCLOS)​ឆ្នាំ​១៩៨២​ផងដែរ​។ ​ឯកឧត្តម​បញ្ជាក់ថា​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ គួរ​ត្រូវបាន​ផ្តោតការយកចិត្តទុកដាក់លើ​កា​រព​ន្លឿ​ន​ការបញ្ចប់​ក្រម​ប្រតិបត្តិសមុទ្រ​ចិន​ខាងត្បូង ដែល​ប្រកបដោយ​ខ្លឹមសារ​ និង​មាន​ប្រសិទ្ធភាព​ព្រមទាំងការអនុវត្ត​យ៉ាង​ពេញលេញ​នូវ​វិធានការដែល​បាន​ឯកភាពគ្នា​រួច ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។

​ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះដែរ ​ទាក់ទង​នឹង​ប្រទេស​មី​យ៉ាន​ម៉ា ​ឯកឧត្ដម​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ បានបញ្ជាក់​អំពីគោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព សម្រាប់​ស្ថិរភាព​ក្នុង​តំបន់ និង​ការកសាង​សហគមន៍​អាស៊ាន​។ ឯកឧត្ដម​បាន​គូសបញ្ជាក់​អំពី​ការ​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​លើ​ប្រាំ​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ដែល​បានសម្រេច​កាលពី​ថ្ងៃទី ២៤ ខែមេសា​ឆ្នាំ​២០២១ និង​ឆន្ទៈ​នយោបាយ​របស់​អាស៊ាន​ក្នុងការ​គាំទ្រ​ដំណោះស្រាយ​សន្តិភាព​តាមរយៈ​ការសន្ទនា​។​

​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​១៤​ខែកក្កដា​នេះ ​ត្រូវបាន​ធ្វើជា​សហប្រធាន​ដោយ​ឯកឧត្តម សា​ឡឺម​សាយ គុំ​ម៉ា​ស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​ស​.​រ​.​អា និង​ឯកឧត្តម អេ​ន​តូ​នី ប្លី​ន​ខេន​(AntonyBlinken) ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​។​ កិច្ច​ប្រជុំបាន​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​រដ្ឋមន្ត្រីការបរទេសអាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​។​

​មាន​ចំណុច​ជាច្រើន​ត្រូវបាន​លើកយក​និយាយ​នៅក្នុង​កិច្ចប្រជុំ​នេះ​ក្នុងនោះ​មាន​ផ្លាស់ប្តូរ​ទស្សនៈ​ពី​សារៈសំខាន់នៃ​ការពង្រឹង​ឡើងវិញ​នៃ​ទំនាក់​ទ​នង​អាស៊ាន​-​ស​.​រ​.​អា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​និង​ការទប់ស្កាត់​ជំងឺ រាតត្បាត​កូ​វីដ​-១៩ រួមទាំង​បញ្ហា​ផ្សេងៗ​ដែលជា​ការព្រួយបារម្ភ និង​ជា​ផលប្រយោជន៍​រួម ទាំង​ក្នុង​តំបន់​និង​ក្រៅតំបន់​។​

​អាស៊ាន​បាន​អបអរសាទរ​ចំពោះ​ការតាំង​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​ពង្រឹង​ឡើងវិញ​នៃ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន ជាពិសេស​នៅ​ចំពោះ​មុខការ​ប្រឈម​ពហុ​វិស័យ​នៅក្នុង​តំបន់ និង​ពិភពលោក​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ស្វាគមន៍​ការប្តេជ្ញា​ចំពោះ​ពហុភាគី​និយម​របស់​រដ្ឋបាល​ថ្មី​សហរដ្ឋអាមេរិក​ដូចដែល​បាន​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការធ្វើទំនាក់ទំនង​ជាថ្មី​ជាមួយ​អង្គការ​អន្តរជាតិ​ធំៗ ក្នុងការ​ដោះស្រាយ​បញ្ហា​បន្ទាន់​សកល ដូចជា ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​អរគុណ ឯកឧត្តម អេ​ន​តូ​នី ប្លី​ន​ខេន ដែល​បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​ម​ជ្ឈ​ភាព​អាស៊ាន និង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន ស្របតាម​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងអស់​បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ស​.​រ​.​អា​ក្នុងការ​គ្រប់គ្រង​ជំងឺ​រាតត្បាត កូ​វីដ​-១៩ កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ជំងឺ​នេះ ព​ន្លឿ​ន​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​-​សង្គម​ឱ្យបាន​ឆាប់រហ័ស ព្រមទាំង​ការកសាង​ភាពរឹងមាំ​ទប់ទល់​នឹង​វិបត្តិ​សុខាភិបាលនាពេល​អនាគត​។

​អាស៊ាន​បាន​ស្វាគមន៍​ការចូលរួមចំណែក​រប​ស់​សហរដ្ឋអាមេរិក​ចំពោះ​គំនិតផ្តួចផ្តើម​ជំងឺ​កូ​វីដ​-១៩ របស់​អាស៊ាន រួមមាន មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ និង​ក្របខ័ណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​។ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស អេ​ន​តូ​នី ប្លី​ន​ខេន​បាន​រំលេច​អំពី​តួនាទី​របស់​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ប្រទេស​ផ្តល់ជំនួយដ៏​ធំបំផុត​ដល់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) និង​ការគាំទ្រ​ដល់​តំបន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការចូលរួមចំណែក​ជា​ទឹកប្រាក់​ចំនួន១១២​លាន​ដុល្លារ​អាមេរិក ក្នុង​ក្របខ័ណ្ឌ​ជំនួយ​សម្រាប់​សង្គ្រោះបន្ទាន់ ផ្នែក​សុខាភិបាល និង​មនុស្សធម៌ ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​បាន​លើកទឹកចិត្ត​ចំពោះ​សហរដ្ឋអាមេរិក​ឱ្យរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ និង​ងើប​ចេញពី​ផលប៉ះពាល់នៃ​ជំងឺ​នេះ​ដោយ​ភាពរឹងមាំ ស្រប​ពេលដែល ឯកឧត្តម បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​វ៉ាក់សាំង​ពហុភាគី​និយម និង​ការទទួលបាន​ដោយ​ស្មើភាព​នូវ វ៉ាក់សាំង ដែលមាន​តម្លៃ​សមរម្យ​ និង​មាន​ប្រសិទ្ធភាព​។ ឯកឧត្តម​បានបង្ហាញ​នូវ​ការ ជឿជាក់ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ស​.​រ​.​អា ដែល​ត្រូវបាន​លើកកម្ពស់​គឺ​នឹង​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាង ពិសេស​ដល់​ការកសាង​សហគមន៍​អាស៊ាន​៕​
ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner