រុស្ស៊ីដាក់បង្ហាញយន្តហោះចម្បាំងដ៏ទំនើបថ្មីមួយ ដើម្បីប្រកួតប្រជែងនឹងយន្តហោះពិឃាដបំបាំងកាយអាមេរិក F-35s (មានវីដេអូ)
រុស្ស៊ី៖ រុស្ស៊ីបានបង្ហាញគំរូយន្តហោះចម្បាំងដ៏ទំនើបថ្មីមួយរបស់ក្រុមហ៊ុន Sukhoi ដែលត្រូវបានផលិតឡើងដើម្បីប្រកួតប្រជែងជាមួយយន្តហោះពិឃាដបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក ។ យន្តហោះចម្បាំងរបស់រុស្ស៊ីថ្មីនេះ មានសមត្ថភាពបំបាំងកាយ និងវាយប្រហារគោលដៅចំនួន៦ក្នុងពេលតែមួយ ។
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានពិនិត្យមើលយន្តហោះចម្បាំងអនា គត ដែលតាំងបង្ហាញជាមួយនឹងការគាំទ្រយ៉ាងខ្លាំងនៅឯពិព័រណ៍អាកាសចរណ៍ និងលំហអាកាសអន្តរជាតិ MAKS-2021 ដែលបានបើកកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅទីក្រុងហ្សូកូវស្គី នៅក្រៅរដ្ឋធានីមូស្គូ ។ លោក ពូទីន បានថ្លែងក្នុងពិធីបើកពិព័រណ៌យន្តហោះនេះថា អ្វីដែលយើងបានឃើញនៅទីក្រុងហ្សូកូវស្គីថ្ងៃនេះបង្ហាញឱ្យឃើញថា អាកាសចរណ៍រុស្ស៊ីមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍហើយឧស្សាហកម្មផលិតយន្តហោះរបស់យើង បន្តបង្កើតម៉ូតយន្តហោះដែលមានលក្ខណៈប្រកួតប្រជែងថ្មីៗជាច្រើន ។
បើតាមក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី Sukhoi យន្តហោះចម្បាំងថ្មីខាងលើនេះគ្រោងនឹងហោះហើរលើកដំបូងក្នុងឆ្នាំ ២០២៣ ហើយការចែកចាយអាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ខាងមុខនេះ ៕ ប្រភព៖ AFP



