ការបើកអង្គប្រជុំលើកដំបូងរបស់សភាម៉ាឡេស៊ីនៅឆ្នាំនេះដោយទុកចន្លោះតិចតួចសម្រាប់ការតស៊ូមតិ
កាលពីថ្ងៃចន្ទនេះ សភាប្រទេសម៉ាឡេស៊ី បានបើកអង្គប្រជុំជាលើកដំបូងក្នុងឆ្នាំ ខណៈពេលដែលមានការមិនជឿទុកចិត្តថាសម័យប្រជុំពិសេសរយៈពេល៥ថ្ងៃនេះនឹងផ្ដល់នូវការតស៊ូមតិធំដុំទៅលើវិបត្តិសុខភាព ឬសេដ្ឋកិច្ចកំពុងធ្លាក់ចុះរបស់ប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin កាលពីដើមខែនេះ បានឯកភាព បើកអង្គប្រជុំសភាសារជាថ្មី បន្ទាប់ពីមានសម្ពាធពីព្រះមហាក្សត្រស៊ុលតង់ អាប់ឌុលឡាអាម៉ាត់សាហ៍ ខណៈស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេស កាន់តែដុនដាបទៅៗ។
សភាម៉ាឡេស៊ីត្រូវបានព្យួរជាបណ្ដោះអាសន្នចាប់តាំងពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីខែ មករាដើម្បីដោះស្រាយ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ ប៉ុន្តែចំនួនករណីឆ្លងនិងករណីស្លាប់ នៅតែកើនឡើងយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក។
ការប្រជុំរយៈពេល ៥ ថ្ងៃនេះ ត្រូវបានអ្នកវិភាគមើលឃើញថា នឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើការតស៊ូមតិ ឬការសួរសំណួរគណៈរដ្ឋមន្ត្រី ឬសំខាន់ជាងនេះទៅទៀត មិនមានពេលគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតអនុម័តអ្វីមួយ ដូច្នេះមានន័យថាការកាន់អំណាចរបស់លោក Muhyiddin នឹងមិនរងការប្រឆាំងធំដុំណាមួយ។
យោងតាមសេចក្ដីថ្លែងការណ៍ដែល មានពីរទំព័រ ដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រសភាម៉ាឡេស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ការប្រជុំនេះនឹងមានបទបង្ហាញសង្ខេបដោយទេសរដ្ឋមន្ត្រីជាច្រើនដែលទទួលបន្ទុកលើទិដ្ឋភាពសំខាន់ៗនៃការឆ្លើយតបរបស់របស់រដ្ឋាភិបាលទៅនឹងជំងឺកូវីដ១៩។
ការប្រជុំនេះ ក៏ត្រូវបានអមដោយការបង្ហាញអំពីខ្លឹមសារនៃការប្រកាសអាសន្នចំនួន ១២ ចំណុច។ ការប្រកាសទាំងនេះបាន ចូលជាធរមានរួចទៅហើយ ដោយមិនមានការយល់ព្រម ពីសភា ក្នុងពេលដែលប្រទេសស្ថិតក្នុងគ្រាមានអាសន្ន។
សេចក្ដីរាយការណ៍សង្ខេប ដែលនឹងធ្វើឡើងដោយគណៈរដ្ឋមន្ត្រី នឹងចាប់ផ្ដើម ជាមួយលោក Muhyiddin និយាយអំពីផែនការស្ដារប្រទេសជាតិ ហើយអាចរួមមានការបង្ហាញអំពីរបៀបដែលរដ្ឋាភិបាលរៀបចំសម្រាប់ការចាកចេញពីវិបត្តិកូវីដ១៩។ រដ្ឋមន្រ្តីចំនួន ៥ រូប រួមទាំង លោកនាយករដ្ឋមន្ត្រីផងដែរ នឹងធ្វើបទបង្ហាញផ្ដោតលើប្រធានបទដូចជាការផ្ដល់ថវិកាសង្គ្រោះ ការចាក់វ៉ាក់សាំង និងការថែទាំសុខភាព។ គួរឱ្យដឹងផងដែរថា សមាជិកសភានឹងត្រូវបានអនុញ្ញាតឱ្យសួរសំណួរទៅកាន់រដ្ឋមន្ត្រីពាក់ព័ន្ធ។
លោក Shazwan Mustafa Kamal នាយករងនៅក្រុមហ៊ុន Vriens & Partners ដែលជាអ្នកពិគ្រោះយោបល់ផ្នែកហានិភ័យ នៃគោលនយោបាយសាធារណៈ និងជាអ្នកពិគ្រោះយោបល់ របស់រដ្ឋាភិបាល បាននិយាយថា ”នឹងមានការមិនទុកចិត្តកាន់តែច្រើនឡើងៗ នៅក្នុងសម័យប្រជុំនេះចំពេលមានការភ័យខ្លាចថាវានឹងក្លាយជាការបង្ហាញសង្ខេបនៃនីតិវិធី» ។
ពេលវេលាចុងក្រោយដែលលោកនាយករដ្ឋមន្ត្រី Muhyiddin ត្រូវបានគេសាកល្បងសមត្ថភាព និងទទួលបានការបោះឆ្នោតសេចក្ដីទុកចិត្តនៅក្នុងសភា គឺនៅក្នុងខែធ្នូនៅពេលដែលសម្ព័ន្ធភាពកាន់អំណាច Perikatan Nasional របស់លោកអាចអនុម័តថវិកាជាតិឆ្នាំ ២០២១ បានជោគជ័យ ដោយលោកបានប្រមូលសំឡេងគាំទ្រចំនួន ១១១ សំឡេងគ្រប់គ្រាន់ដើម្បីអនុម័តច្បាប់ថវិកា ដោយមាន ១០៨ សំឡេងប្រឆាំងនិងសមាជិកសភាម្នាក់បានអវត្តមាន។ ចាប់តាំងពីពេលនោះមកសម្ព័ន្ធភាពរបស់លោក Muyiddin ជាមួយគណបក្ស UMNO ដែលជាគណបក្សធំជាងគេក្នុងសម្ព័ន្ធភាពកាន់អំណាចបាននិយាយថា ខ្លួនលែងគាំទ្រ Muhyiddin ជានាយករដ្ឋមន្ត្រីទៀតហើយ។

ប្រភព៖ Reuters