អាជីវករក្នុងផ្សារកំពង់ស្ពឺ ចូលលក់ដូរឡើងវិញជាធម្មតា ក្រោយផ្សារបញ្ចប់ចត្តាឡីស័ក១៤ថ្ងៃ
អាជ្ញាធរខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបើកផ្សារឡើងវិញដើម្បីឱ្យអាជីវករចូលលក់ជាធម្មតា ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តែតម្រូវឱ្យអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជូន។
យោងតាមលិខិតរដ្ឋបាលរបស់សាលាខេត្តដែលចេញដោយ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា បានអនុញ្ញាតឱ្យបើកដំណើរការនៅឡើងវិញផ្សារកំពង់ស្ពឺ ដែលស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ដោយគិតពីម៉ោងសូន្យនៃថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង។ នៅក្នុងកំឡុងពេលចាប់ផ្តើមដំណើរការគណៈកម្មការផ្សារកំពង់ស្ពឺត្រូវអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឱ្យម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតដើម្បីជៀសផុតពីការឆ្លងនិងចម្លងមេរោគកូវីដ-១៩។
គ្រប់អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ពន្ធ័ត្រូវចូលខ្លួនទៅយកសំណាកវិភាគជាលើកទី២តាមកាលកំណត់របស់មន្ត្រីជំនាញ កំណត់ឱ្យបានចំនួនអថិជនចេញ-ចូលក្នុងបរិមាណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាគម្លាតឱ្យបានដាច់ខាតគម្លាតសុវត្ថិភាពបុគ្គល-សង្គម ធានាឱ្យមានខ្យល់អាកាសចេញ-ចូលគ្រប់គ្រាន់ និងជៀសវាងការប្រមូលផ្តុំ និងប្រជ្រៀតគ្នា រៀបចំច្រកចេញ-ចូល ដើម្បីងាយស្រួលគ្រប់គ្រង ដាក់ឱ្យមានកន្លែងលាងសំអាតដៃ ដាក់អាល់កុល ឬជែលឱ្យច្រើនទីតាំង ដើម្បីឱ្យអាជីវករនិងអតិថិជនបានប្រើប្រាស់ ពិសេសរៀបចំបន្ទប់អនាម័យដោយមានការបាញ់សម្លាប់មេរោគជាប្រចាំ។ មួយវិញទៀតគ្រប់អាជីវករ សន្តិសុខ បុគ្គលិក-កម្មករនិងអ្នកពាក់ពន្ធ័ត្រូវតែមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។
ជាមួយគ្នានោះដែរអាជ្ញាធរខេត្ត ក៏បានប្រកាសមិនឱ្យមានការប្រមូលផ្តុំទោះក្នុងរូបភាពណាក៏ដោយនៅក្នុងទីតាំងបរិវេណផ្សារ ហើយត្រូវបន្តអនុវត្តវិធានការការពារដ៏មានប្រសិទ្ធិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ”។
សូមបញ្ជាក់ផងដែរផ្សារកំពង់ស្ពឺ ត្រូវបានធ្វើការបិទខ្ទប់បណ្តោះអាសន្ននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានអាជីវករជាច្រើននាក់បានឆ្លងជំងឺកូវីដ-១៩ និងបើកឱ្យលក់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ តាមកាលកំណត់វិធានសុខាភិបាល៕ សំអាត