រថយន្តធុនធំដឹកមេសុីម៉ង បុករថយន្តសុីនទ្រីរបស់សាលាក្រុងចំពីចហៀងពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តធុនធំដឹកមេសុីម៉ងមួយគ្រឿង បានបេីកឆ្លងផ្លូវលឿនពេកមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តសុីនទ្រីរបស់សាលាក្រុងភ្នំពេញ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចស្ទុបផ្សារថ្នល់បត់ តាមបណ្ដោយផ្លូវ២១៧ កែងផ្លូវបេតុងព្រៃសរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តសុីនទ្រី ពណ៌ត្រួយចេក ពាក់ស្លាកលេខ រដ្ឋ07 .3-1025 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនល្មម និងបានឆ្លងស្ទុប ស្របពេលនោះក៏មានរថយន្តធុនធំដឹកមេសុីម៉ង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3F-6152 ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃសរ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន ហេីយឆ្លងស្ទុបដូចគ្នាមិនប្រយ័ត្ន ក៏បុករថយន្តសុីនទ្រីចំពីចហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

 ក្រោយកេីតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយទាក់ទងទៅជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំដោះស្រាយតាមច្បាប់៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner