លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ (Video Inside)
កិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងប្រទេសជាដៃគូក្នុងតំបន់មេគង្គក្នុងនោះរួមមានកម្ពុជាផងដែរ បានអបអរ សា ទរនូវការសន្យារបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយ៥២លានដុល្លារដល់ប្រទេសមេគង្គ។ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសភាពជាដៃគូមេគង្គ អាមេរិកលើកទី២ កាលពីថ្ងៃទី៣សីហា, ក្រៅពីរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់សុខុននិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោកអេន តូនី ប្លីនខេន ធ្វើជាសហប្រធាន ក៏នៅមានការអញ្ជើញ ចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ, វៀតណាម, មីយ៉ាន់ម៉ានិងប្រទេសថៃផងដែរ ។
ប្រទេសនៃតំបន់មេគង្គ គឺមានប្រជាជនសរុបចំនួន២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ។ តំបន់មេគង្កនេះ បានក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារមកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារ។
លោករដ្ឋមន្ត្រីប្រាក់សុខុនបានថ្លែងថា កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការ គាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩នេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំដដែល បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ច សន្ទនាគោលនយោ បាយសមភាពយេនឌ័រដែលផ្តោតលើ៖ ទី១.ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដោយផ្តោតលើការស្តារឡើង វិញក្រោយកូវីដ-១៩ និងវិបត្តិអាកាសធាតុ,ទី២.ស្ត្រី សន្តិភាព និងសន្តិសុខដោយផ្តោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រី និងទី៣.ការការពារ និងឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ។ កិច្ចប្រជុំបានបញ្ចប់ទៅជាមួយនឹងការអនុម័តលើផែនការសកម្មភាពភាពជាដៃគូមេគង្គ-អាមេ រិក សម្រាប់ការអនុវត្តពីឆ្នាំ២០២១ ដល់២០២៣។