អ្វីខ្លះដែលត្រូវបានរំលេចចេញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិក?
ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវបញ្ហាប្រឈមទូទៅ រួមមាន ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀត។ កិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាសហប្រធានជាមួយឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
យោងតាមប្រភពក្រសួងការបរទេសបានបញ្ជាក់ថា ថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើឱ្យតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារមកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារ។ កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសន្ទនាគោលនយោបាយសមភាពយេនឌ័រដែលផ្តោតលើ៖ ទី១.ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដោយផ្តោតលើការស្តារឡើងវិញក្រោយកូវីដ-១៩ និងវិបត្តិអាកាសធាតុ,ទី២.ស្ត្រី សន្តិភាព និងសន្តិសុខដោយផ្តោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រី និងទី៣.ការការពារ និងឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដោយសង្ឃឹមថា កម្មវិធីទាំងនេះនឹងផ្តល់នូវធាតុចូល និងអនុសាសន៍ដែលមានប្រសិទ្ធភាពលើវិធីពង្រឹងសមត្ថភាពស្ត្រី និងចូលរួមវិភាគទានដល់វឌ្ឍនភាពសង្គម។ កម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក ដើម្បីសម្រេចនូវគោលដៅរួមនេះ។
កិច្ចប្រជុំបានបញ្ចប់ទៅជាមួយនឹងការអនុម័តលើផែនការសកម្មភាពភាពជាដៃគូមេគង្គ-អាមេរិក សម្រាប់ការអនុវត្តពីឆ្នាំ២០២១ ដល់២០២៣។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ បានពិនិត្យមើលពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាងមួយទសវត្សរ៍ នៃកិច្ចសហការរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមេគង្គ ដែលផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអនុតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ចំនួន៤ រួមមាន៖ ១.ការតភ្ជាប់សេដ្ឋកិច្ច ២.ការគ្រប់គ្រងធនធានទឹកប្រកប និង៤.ការអភិវឌ្ឍធនធានមនុស្ស។
រដ្ឋមន្ត្រីបរទេសទាំងអស់បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការលុបបំបាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ការការពារចំពោះការផ្ទុះឡើងនៅថ្ងៃអនាគតនិងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសមេគង្គបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយ៥២លានដុល្លារដល់ប្រទេសមេគង្គ៕ ដោយ:ពលជ័យ




