កំពត៖ អង្គការជីអាយហ្សិតផ្តល់សម្ភារៈវេជ្ជសាស្រ្តជាច្រើនដល់រដ្ឋបាលខេត្តកំពតដើម្បីទប់ស្កាត់កូវីដ-១៩

អត្ថបទដោយ៖
ធី ដា

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង ហៅកាត់ថា អង្គការជីអាយហ្សិត(GIZ) បាននាំយកអំណោយសប្បុរសធម៌ជាសម្ភារៈវេជ្ជសាស្ត្រជូនដល់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងគោលបំណង់រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល់ស្ទើរទូទាំងប្រទេសកម្ពុជា។

មន្ត្រីតំណាងអង្គការ GIZ បានលើកឡើងថា អង្គការមានគម្រោងជាច្រើននៅក្នុងខេត្តកំពត ហើយបច្ចុប្បន្នមានគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFU)ដែលត្រូវអនុវត្តទៅលើឃុំគោលដៅចំនួន ២៧ ក្នុងស្រុកចំនួន៤ ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋកាន់តែបានប្រសើរឡើង។ ប៉ុន្តែដោយសារកូវីដ១៩បានធ្វើឲ្យរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង (MUSEFU)។ តែយ៉ាងណាក៏ដោយ ជីអាយហ្សិតនៅតែគិតគូរ ព្រួយបារម្ភពីប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅ ដូច្នេះទើបឈានដល់ការនាំយកអំណោយជាសម្ភារៈវេជ្ជសាស្ត្រមកប្រគល់ជូនរដ្ឋបាលខេត្តពេលនេះ។

ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការ giz ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់គម្រោងអភិវឌ្ឍនានាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ខេត្តកំពតកន្លងមក។ ហើយអំណោយក្នុងថ្ងៃនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋខេត្ត ក៏ដូចជារាជរដ្ឋភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងតែងបានជួយដោះស្រាយទាន់ពេលវេលា។

អំណោយមាន សាប៊ូលាងដៃចំនួន ៤៥០០ដុំ ម៉ាសចំនួន ២២៥០ប្រអប់ របាំងមុខការពារកូវីតចំនួន ២៥០០របាំង ជេលលាងសម្អាតដៃចំនួន ៥០០ដប អាកុលចំនួន ១៨៧៦លីត្រ ដបអាកុលចំនួន ១១០០ដប និងម៉ាស៊ីនវាស់កំដៅចំនួន ៣៥គ្រឿង ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner