ប្រជាពលរដ្ឋជាង ៧លាន ៦សែននាក់ ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៧លាន៦សែន៧ពាន់៨៤៤នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៥លាន៣ម៉ឺន៦ពាន់៣៦៥នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៣ថ្ងៃចាក់បាន១២ម៉ឺន៤ពាន់១៥៧នាក់ ស្មើនឹង៦,៣១នៃអ្នកត្រូវចាក់ជិត២លាននាក់។
ដោយឡែក របាយការណ៍ក្រសួង ការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៧ពាន់១២១នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន៨១ម៉ឺន៩ពាន់៦នាក់។
យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៤៧,៥៥% បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង គឺបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧៤,៨៤%ហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង១០លាននាក់។

