គីម ជុងអ៊ុន ត្រូវប្រទះឃើញថាមានរបួសក្បាល អំឡុងពេលចូលរួមក្នុងពិធីនៅកូរ៉េខាងជើង

លោក គីម ជុង​អ៊ុន​មេដឹកនាំ​កំពូល​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​មាន​របួស​តូច​មួយ នៅ​ផ្នែក​ខាង​ស្ដាំ​ខាង​ក្រោម​ក្បាល​របស់​លោក អំឡុង​ពេល​ដែល​លោក​ចូល​រួម​នៅ​ក្នុង​ពិធី​មួយ​ចំនួន​នៅ​ចុង​ខែ​កក្កដា​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​តាមដាន​អំពី​ការ​វិវត្ត​នៅ​កូរ៉េ​ខាង​ជើង NK News ដែល​ផ្អែក​តាម​រូបភាព​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា អំឡុង​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី២៧ ខែ​កក្កដា នៅ​ពេល​ដែល​លោក​ចូល​រួម​ក្នុង​កម្មវិធី​ពាក់ព័ន្ធ​នឹង​យោធា​កូរ៉េ​ ក្បាល​របស់​លោក​ត្រូវ​បាន​គេ​ឃើញ​ថា មាន​បិទ​បង់​បិទ​ដំបៅ​មួយ​នៅ​ផ្នែក​ខាង​ក្រោយ​ក្បាល។ លុះ​អំឡុង​ថ្ងៃ​ទី២៧ ដល់​ថ្ងៃ​ទី២៩ បង់​នោះ​ត្រូវ​បាន​ដក​ចេញ ហើយ​គេ​សង្កេត​ឃើញ​ថា កន្លែង​បិទ​បង់​នោះ​មាន​សភាព​ពណ៌​បៃតង ដែល​គេ​មិន​ដឹង​ថា​មាន​មូលហេតុ​ពី​អ្វី​នោះ​ទេ។

ខណៈ​គេ​ឃើញ​មាន​ភិនភាគ​ស្រដៀង​នឹង​ស្នាម​របួស​ សារព័ត៌មាន​ Washington Post បាន​ចុះ​ផ្សាយ​ថា អ្នក​តាមដាន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ចំពោះ​សុខភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​គេ​សង្ស័យ​ថា​លោក​មាន​បញ្ហា​សុខភាព​ ដោយ​កាល​ពី​ឆ្នាំ២០២០​កន្លង​ទៅ លោក​បាន​អវត្តមាន​ពី​ «ទិវា​ព្រះអាទិត្យ» ដែល​ជា​ថ្ងៃ​ខួប​កំណើត​របស់​ជីតា​របស់​លោក​គឺ លោក គីម អ៊ីលស៊ុង ហើយ​បង្ក​ឡើង​ជា​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ថា លោក​មាន​បញ្ហា​មិន​ស្រួល​ខ្លួន​នៅ​ពេល​នោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner