ជប៉ុនជាប្រទេសមានម៉ោងធ្វើការវែងបំផុតនៅលើពិភពលោក ខណៈប្រទេសនេះកំពុងព្យាយាមផ្លាស់ប្តូរ

ជប៉ុន៖ ប្រទេសជប៉ុនមានម៉ោងធ្វើការវែងបំផុតនៅលើពិភពលោក ។ សំណួរសួរថាតើហេតុអ្វីបានប្រជាជនជប៉ុនប្រឹងប្រែងធ្វើការខ្លាំងម្ល៉េះ? យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៦បានអោយដឹងថា ជិតមួយភាគបួននៃក្រុមហ៊ុនជប៉ុនតម្រូវអោយនិយោជិតធ្វើការលើសពី៨០ម៉ោងក្នុងមួយខែ ។ ម៉ោងបន្ថែមទាំងនោះគឺច្រើន តែមិនត្រូវបានគិតប្រាក់បញ្ចូលនោះទេ ។ ហើយជនជាតិជប៉ុនក៏មិនមានពេលវេលាសម្រាកគ្រប់គ្រាន់ដែរ ។

ការសិក្សាមួយរបស់ស្ថាប័ន Expedia បានរកឃើញថា ជាមធ្យមពលករជប៉ុនមិនបានប្រើពេល១០ថ្ងៃរបស់ពួកគេដើម្បីឈប់សម្រាកនោះទេ ហើយ៦៣ភាគរយនៃអ្នកឆ្លើយសំណួរជាជនជាតិជប៉ុនមានអារម្មណ៍ថា មានកំហុសចំពោះការឈប់សម្រាកការងារ ។ ទោះយ៉ាងណាម៉ោងធ្វើការវែងមិនមានន័យថា ផលិតភាពខ្ពស់ទេ ។ តាមពិតទៅប្រទេសជប៉ុនមានផលិតភាពទាបបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ដែលហៅថា G-7 នេះបើតាមទិន្នន័យពីសូចនាករបូកសរុបផលិតភាពរបស់ OECD ។ ពាក្យ“ ការ៉ូស៊ី” បកប្រែថា“ ស្លាប់ដោយសារការងារហួសកម្លាំង” ជាភាសាជប៉ុន និងជាពាក្យស្របច្បាប់ដែលត្រូវបានគេទទួលស្គាល់ថា ជាមូលហេតុនៃការស្លាប់ ។ បុគ្គលិកម្នាក់នៃក្រុមហ៊ុនផ្សាយពាណិជ្ជកម្មធំបំផុតរបស់ប្រទេសជប៉ុន ឈ្មោះ ឌិនស៊ូ បានលោតសម្លាប់ខ្លួនកាលពីឆ្នាំ ២០១៥ ។ មូលហេតុត្រូវបានគេនិយាយថា គាត់មានជំងឺបាក់ទឹកចិត្តដែលបណ្តាលមកពីការធ្វើការងារច្រើនពេក ។ សំណុំរឿងនេះ បានបង្កើតការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងការអំពាវនាវជាថ្មីដើម្បីផ្លាស់ប្តូរម៉ោងធ្វើការ និងការធ្វើការងារថែមម៉ោងតែមិនគិតប្រាក់បន្ថែមដែលខុសច្បាប់ ដែលវាជារឿងធម្មតាទៅហើយនៅក្នុងប្រទេសជប៉ុន ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឌិនស៊ូ បានលាលែងពីតំណែងដោយសារភាពចម្រូងចម្រាស ហើយក្រុមហ៊ុនត្រូវបានពិន័យពីបទរំលោភបទដ្ឋានការងារ ដោយសារបុគ្គលិកដែលសម្លាប់ខ្លួននោះ ត្រូវបានគេរាយការណ៍ថាត្រូវបង្ខំឱ្យធ្វើការលើសម៉ោង១០០ម៉ោងក្នុងមួយខែ ។ បន្ទាប់ពីមរណៈភាពនោះ ក្រុមហ៊ុន ឌិនស៊ូ បានធ្វើការផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុន រួមទាំងបិទភ្លើងនៅក្នុងការិយាល័យនៅម៉ោង១០យប់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំអោយបុគ្គលិកចាកចេញ ។

បញ្ហាវប្បធម៌នៅតែកើតមាន!
ទាំងរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនរបស់ខ្លួននិយាយថា ឥឡូវនេះពួកគេកំពុងព្យាយាមយ៉ាងសកម្ម ដើម្បីកាត់បន្ថយម៉ោងធ្វើការនៅទូទាំងប្រទេសជប៉ុន ។ រដ្ឋាភិបាលបានគិតគូរពីគំនិតផ្តួចផ្តើមជាច្រើន ដើម្បីទប់ស្កាត់ចំនួនម៉ោងដែលបានចំណាយនៅការិយាល័យ រួមទាំងការធ្វើអោយមានភាពចាំបាច់ ក្នុងការឈប់សម្រាកយ៉ាងតិច៥ថ្ងៃក្នុងមួយឆ្នាំ និងតម្រូវអោយមាន “ ការឈប់សម្រាក” ទៅតាមថ្ងៃនៃសប្តាហ៍នីមួយៗ ។ នៅឆ្នាំ ២០១៦ ថ្ងៃឈប់សម្រាកថ្មី “ ទិវាភ្នំ” (Mountain Day) ត្រូវបានចាប់ផ្តើម ដែលធ្វើឱ្យចំនួនថ្ងៃឈប់សម្រាកជាសាធារណៈប្រចាំឆ្នាំរបស់ជប៉ុនកើនឡើងដល់ ១៦ ថ្ងៃ ។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយ ដែលមានឈ្មោះថា Premium Fridays ដែលក្នុងនោះ រដ្ឋាភិបាលបានលើកទឹកចិត្តដល់ក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេចាកចេញនៅម៉ោង ៣ រសៀល នៅថ្ងៃសុក្រជាថ្ងៃចុងក្រោយមុនដាច់ខែ ។ ប៉ុន្តែការសិក្សាមួយបានរកឃើញថា មិនមានសូម្បីតែនិយោជិក ៤ភាគរយនៅក្នុងប្រទេសជប៉ុន ជាធម្មតាបានចាកចេញទៅធ្វើការតាំងពីព្រលឹមនៅថ្ងៃដំបូងនៃ Premium Fridays ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner