ស.ស.យ.ក. បន្តដើរតួនាទីសំខាន់លើឆាកអន្តរជាតិ និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
ភ្នំពេញៈសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក.) ក៏បានបន្តដើរតួនាទីក្នុងការពង្រឹងចំណងសាមគ្គីភាព ជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជាក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងឱកាសទទួលការបណ្តុះបណ្តាល និងការងារតាមរយៈ កិច្ចសហប្រតិបត្តិការរវាងស.ស.យ.ក. និងបណ្ដាស្ថានទូត អង្គការយុវជនបរទេស និងក្រុមហ៊ុនជាដើម។ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស.ស.យ.ក. បានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។
ការវាយតម្លៃនេះ បានរំលេចឱ្យឃើញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានាថ្ងៃទី៧ ខែសីហា តាមប្រព័ន្ធអនឡាញ (ZOOM)។
កាលពីព្រឹកថ្ងៃទី៧ ខែសីហាគណៈកម្មាធិការកណ្ដាលស.ស.យ.ក. បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្តរបស់ខ្លួន ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងវត្តមានសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាអង្គប្រជុំ សរុបប្រមាណ២០០នាក់។
ថ្លែងផ្តើមបើកកិច្ចប្រជុំលោក ហ៊ុន ម៉ានី បានថ្លែង អំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបដែលបានយកអស់កម្លាំងកាយចិត្តចូលរួមធ្វើសកម្មភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន។ ជាពិសេស នៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក. បានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុង យុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ក្រុមគ្រូពេទ្យ ក្នុងការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូរីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា,ចូលរួមសម្របសម្រួលចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ-១៩ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបានបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅ ស.ស.យ.ក. សម្រេចបានសមិទ្ធផលធំជាច្រើន លើការលើកតម្កើនវប្បធម៌ និងសាសនា ការជំរុញការស្វែងយល់ពីប្រវត្តិសាស្ត្រ ការចូលរួមក្នុងវិស័យអប់រំ កីឡាព្រមទាំង សកម្មភាពសង្គម និងមនុស្សធម៌នានាជាច្រើនដែលសកម្មភាពទាំងអស់បានទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់ ថ្នាក់ដឹកនាំប្រទេស ស្ថាប័នជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅផងដែរ។ ស.ស.យ.ក. ក៏បានបន្តដើរតួនាទី ក្នុងការពង្រឹងចំណងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជា ក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងឱកាសទទួលការបណ្តុះបណ្តាល និងការងារតាមរយៈកិច្ចសហប្រតិបត្តិការរវាង ស.ស.យ.ក. និងបណ្ដាស្ថានទូត អង្គការយុវជនបរទេស និងក្រុមហ៊ុនជាដើម។
ស.ស.យ.ក. បញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានកន្លងទៅនេះ មិនអាចសម្រេចបាននោះទេប្រសិនបើគ្មានការចូលរួម និងខិតខំប្រឹងប្រែងពីសមាជិក សមាជិកា គ្រប់រចនាសម្ព័ន្ធនៅទូទាំងប្រទេសដែលបានចំណាយកម្លាំងប្រាជ្ញាស្មារតី កម្លាំងកាយ ចិត្ត ផ្តួចផ្តើម ដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីទាំងអស់នោះដោយទឹកចិត្ត ឆន្ទៈមោះមុត ជាពិសេសដោយឈរលើបុព្វហេតុរួមមួយ គឺដើម្បីមាតុភូមិ។
ស.ស.យក. បានរំលេចសកម្មភាពដ៏មានសារៈសំខាន់មួយទៀត គឺទាក់ទងនឹងសកម្មភាពចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល។
សេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស.ស.យ.ក. បានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ នៅតាមមូលដ្ឋានគ្រប់ច្រកល្ហក គេសង្កេតឃើញវត្តមានយុវជន របស់ស.ស.យ.ក.បានបំពេញ បេសកកម្មយ៉ាងមមាញឹក ក្នុងការងារផ្សព្វផ្សាយ ដោយចូលរួមជាមួយអាជ្ញាធរ មូលដ្ឋានដើម្បីបញ្ជ្រាបការយលដឹងដល់ស្រទាប់មហាជនអំពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ តាមមធ្យោបាយផ្សេងៗ ដូចជាការចែកខិតប័ណ្ណ ចងបដា ការចាក់បញ្ចាំងវីដេអូខ្លី និងសារអប់រំជាសំឡេងជាដើម។ យុវជន ស.ស.យ.ក.ចុះធ្វើសកម្មភាពរហូតដល់ភូមិសាស្ត្រតំបន់ ដាច់ស្រយាលនានា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្ននៅក្នុងការរស់នៅទ្វេដង។
ក្រុមគ្រូពេទ្យរបស់ស.ស.យ.ក. ចំនួន២ក្រុម គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយក្នុងនោះក្រុមគ្រូពេទ្យទាំង២ បាននិងកំពុងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ៦២៦ ២៥២ នាក់ (៣៣៦ ៣៥៨ នាក់ សម្រាប់ដូសទី២) ដោយប្រើប្រាស់កម្លាំងគ្រូពេទ្យស្ម័គ្រចិត្តសរុប ជាង៣ពាន់ នាក់។ ក្នុងនោះ សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តារាជធានី ខេត្ត ប្រមាណ៦ពាន់នាក់ ក៏បាន ចូលរួមជួយសម្របសម្រួលនៅតាមទីតាំងចាក់វ៉ាក់សាំងនានាផងដែរ។ ម្យ៉ាងវិញទៀត សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ក៏បានចូលរួមក្នុងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរនៅមណ្ឌលព្យាបាល សែនសុខ១ ដោយបានទទួលអ្នកជំងឺចូលសម្រាកព្យាបាលជាង៧ពាន់នាក់ និងបានជាសះស្បើយជាង៦ពាន់នាក់ផងដែរ។
នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់គណៈកម្មាធិការកណ្តាលស.ស.យ.ក. បានបង្ហាញឱ្យឃើញថាលើការងារពង្រឹងនិងពង្រីកអង្គការចាត់តាំងស.ស.យ.ក. សម្រេចបានការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនដល់ថ្នាក់មូលដ្ឋាន ដោយ ថ្នាក់ក្រុង ស្រុក ខណ្ឌ សម្រេចបាន១០០% និងថ្នាក់ឃុំ សង្កាត់ បាន៨៥,១៨%។ ដោយឡែកសមាជិក សមាជិកា ទូទាំងប្រទេសមានចំនួនប្រមាណ១៨ម៉ឺននាក់។
មានមតិបូកសរុបទៅកាន់អង្គប្រជុំ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណសារជាថ្មីដល់កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់សមាជិក សមាជិកាគ្រប់រូបក្នុងសកម្មភាពនានារបស់ ស.ស.យ.ក. ដែលការលះបង់ទាំងនេះស្តែងចេញឱ្យឃើញពីទឹកចិត្ត ឆន្ទៈ ស្មារតី និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ សមិទ្ធផលរបស់ស.ស.យ.ក. ដែលសម្រេចបាន មិនត្រឹមតែបានបង្កើតជាការសាទរពីមហាជន និងយុវជនក្នុងស្រុកប៉ុណ្ណោះទេថែមទាំងទទួលបានការទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិផងដែរ។
សម្រាប់ទិសដៅបន្ត ប្រធានស្ថាប័នយុវជនធំជាងគេនៅកម្ពុជារូបនេះ បានផ្តាំផ្ញើដល់ក្បាលម៉ាស៊ីនដឹកនាំទាំងអស់នូវចំណុចគន្លឹះមួយចំនួន ដើម្បីយកពិចារណា និងកែច្នៃយកទៅអនុវត្តលើការងារមួយចំនួនដូចជា ការពង្រឹងទំនាក់ទំនងការងារជាមួយថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព សង្គតភាពការងារ បន្តពង្រឹង និងពង្រីកសមាជិកភាពដោយផ្តោតទាំងលើគុណភាព និងបរិមាណ ក៏ដូចជាតាមដានវឌ្ឍនភាពការងាររបស់ខ្លួនជាប្រចាំ ជាពិសេសក្ដាប់ឱ្យបានស្ថានភាពរបស់សមាជិក សមាជិកានៅមូលដ្ឋាន ដែលអាចជួបប្រទះការលំបាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីស្វែងរកលទ្ធភាពជួយសម្រាលទុក្ខធុរៈ។ ដោយឡែក លោកក៏បានផ្តាំផ្ញើឱ្យសមាជិក សមាជិកាទាំងអស់បន្តចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពក្រុមការងារ។ ការត្រៀមលក្ខណៈពីចម្ងាយសម្រាប់ការងារសង្កេតការណ៍នៃដំណើរ ការបោះឆ្នោត ក៏ត្រូវបានលើកឡើងក្នុងមតិសរុបនេះផងដែរ។
ចុងបញ្ចប់ ស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើដល់សមាជិក សមាជិកទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតដោយត្រូវគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព និងវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រាល់ពេលចុះបំពេញភារកិច្ចរបស់ខ្លួន៕
ដោយៈជម្ពូនុទ