យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពល​រដ្ឋ​ក្នុងស្រុកពួក បានដំណើរការដោយរលួន និងមានល្បឿនលឿន បើ​ធៀបនឹងការចាក់ជូនប្រជាពលរដ្ឋដូសទី១

អត្ថបទដោយ៖
ជា សេឌី

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកពួក ខេត្តសៀមរាប នៅដូសទី២ ដំណាក់កាលទី២ នៅឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីចុងសប្តាហ៍ថ្ងៃ សៅរ៍ ទី ០៧ ខែ សីហា ឆ្នាំ២០២១ បានដំណើរការដោយរលួន និងមានល្បឿនលឿន បើធៀបនឹងការចាក់​ជូនប្រជាពលរដ្ឋដូសទី១ ។

 លោកឧត្តមសេនីយ៍ទោ ជុំ សុវណ្ណារ៉ា មេបញ្ជាការរង បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន ទទួលការងារហ្វឹកហ្វឺន និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវិដ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ដូសទី២នេះ គឺមានភាពល្អប្រសើរ និង មានសន្ទុះលឿនរហ័សជាងកាលពីចាក់ដូសទី១ ព្រោះប្រជាពលរដ្ឋមានការយល់ដឹងច្រើន ហើយក្រុមគ្រូពេទ្យក៏មិនមានភាពស្មុកស្មាញច្រើនដែរ ខណ:ដែលក្រុមគ្រូពេទ្យក៏មានបទពិសោធន៍ល្អរលូន ។  លោកបានបន្ដថា ការចាក់វ៉ាក់សាំងដូសទី២ នេះ ថ្ងៃ ចាក់ជូនប្រជាពលរដ្ឋនៅក្នុងឃុំពួក បានប្រមាណជាង៣ពាន់នាក់ ។ លោកបានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងនៅដូសទី១ មានភាពយឺតយ៉ាវ ដោយប្រជាពលរដ្ឋខ្វះការយល់ដឹងអំពីការបំពេញលិខិតឯកសារសុំចាក់វ៉ាក់សាំង សំខាន់ភាគច្រើនជា ចាស់ជរា ហើយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅដូសទី១នៅក្នុងស្រុកពួក បានចំនួនសរុប ២៦ពាន់៩៧៣នាក់ ។

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺ កូវីដ-១៩ ដូសទី១ ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ សម្រាប់ដូសទី១ អាជ្ញាធរស្រុកបានចាក់ជូនប្រជាពលរដ្ឋបានចំនួន ៣៩ពាន់៧៦៩នាក់ ក្នុងចំណោមផែនការដែលត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋ មានចំនួន៩២ពាន់៩៤១នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅឃុំទាំង១៤ របស់ស្រុកពួក ។ លោកបានបន្ដថា នៅក្នុងចំណោមចំនួន៣៩ពាន់៧៦៩នាក់ដែលបានចាក់វ៉ាក់សាំងនេះ គឺប្រជាពលរដ្ឋនៅតាមបណ្តាឃុំចំនួន១១ ដែលនៅជិតទីប្រជុំជនមួយចំនួនបានមកទទួលបានចាក់ ហើយអ្នកមិនទាន់បានចាក់នឹងត្រូវបន្តទៅចាក់នៅតាមឃុំដែលមានភូមិសាស្ត្រជាប់គ្នា នៅជំហានក្រោយ នេះផងដែរ ។

ក្នុងឱកាសយុទ្ធនាការចាក់វ៉ាក់សាំងនោះដែរ ក៏មានបងប្អូនសប្បុរសជនក្នុងស្រុកពួក បាននាំយកនូវភេសជ្ជះ និង ទឹកបរិសុទ្ធ ជូនដល់ក្រុមការងារ គ្រូពេទ្យ ពិសារក្នុងពេលបំពេញការងារ និង ទឹកបរិសុទ្ធប្រើប្រាស់ជូនបងប្អូនបរិភោគ ក្រោយពីការចាក់វ៉ាក់សាំងរួច ពិសារពេលកំពុងសម្រាកសម្រួលអារម្មណ៍ មុនវិលត្រឡប់ទៅភូមិដ្ឋានវិញ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner