គោលនយោបាយមានកូនតែម្នាក់ក្នុងមួយគ្រួសារ របស់ប្រទេសចិនបង្ករអោយមានអតុល្យភាពយេនឌ័រ
ស្ថិតិប្រទេសចិនបង្ហាញពីការចុះថយនៃចំនួនប្រជាជនភេទស្រីក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយដែលបណ្តាលអោយមានអតុល្យភាពយេនឌ័រនៅក្នុងប្រទេស។
អតុល្យភាពយេនឌ័រនៅក្នុងប្រទេសចិនបច្ចុប្បន្នមានបុរសច្រើនជាងស្ត្រីចំនួន ៣៤,៩ លាននាក់នេះបើយោងតាមទិន្នន័យជំរឿនចុងក្រោយដែលបានចេញផ្សាយកាលពីខែឧសភា។ ជំរឿននេះបានធ្វើឡើងកាលពីឆ្នាំ ២០២០ បានបង្ហាញថា សមាមាត្រភេទរបស់ប្រជាជនចិនសរុបគឺមានបុរស ១០៥.១ នាក់ និងស្រី ១០០ នាក់ដែលប្រហាក់ប្រហែលនឹងមួយទសវត្សរ៍មុន។
ការចុះថយនៃចំនួនស្ត្រីនៅប្រទេសចិនបណ្តាលមកពីគោលនយោបាយកូនមួយក្នុងមួយគ្រួសារ និងទំនៀមទម្លាប់ដែលលើកតម្កើងកូនប្រុសជាងកូនស្រីរបស់ចិន។ បន្ទាប់ពីគោលនយោបាយកូនមួយក្នុងមួយគ្រួសាររបស់ប្រទេសចិនបានអនុវត្តកាលពីឆ្នាំ ១៩៧៩ មកគ្រួសារជនជាតិចិនភាគច្រើនបានព្យាយាមយកកូនប្រុសជាងកូនស្រីដែលជាជំនឿដែលគេយល់ថាកូនប្រុសជាអ្នកស្នងត្រកូលគ្រួសារ។
គ្រួសារមួយចំនួនបានរំលូតកូនរបស់ខ្លួនក្រោយពីដឹងថា ទារកក្នុងផ្ទៃជាកូនស្រី ឬបោះបង់កូននោះចោលក្រោយពីសម្រាលទារកនោះរួច។ តាមការស្រង់សម្តីរបស់សារព័ត៌មាន South China Morning Post អ្នកស្រី Song ដែលសម្រេចចិត្តរំលូតកូនរបស់ខ្លួនក្រោយពីបានដឹងថា ទារកក្នុងផ្ទៃជាកូនស្រីមានអារម្មណ៍ថាខ្លួនមានការសោកស្តាយក្រោយពីទទួលបានដំណឹងថា រដ្ឋាភិបាលបានបន្ធូរបន្ថយការរិតបន្តឹងចំនួនសមាជិកក្នុងគ្រួសារនាពេលខាងមុខ។
តាមការស្រង់សម្តីរបស់ប្រភពដដែលលោកស្រីបាននិយាយថា៖ «ប្រសិនបើពេលនោះមានការសម្រាលការរឹតបន្តឹងនេះ ខ្ញុំប្រហែលជាមិនត្រូវបោះបង់កូនស្រីខ្ញុំទេ។ ខ្ញុំនឹងមិនមានអារម្មណ៍ថាទទួលរងសម្ពាធច្រើនទេ»។
គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានដកចេញនូវគោលនយោបាយកូនមួយក្នុងមួយគ្រួសារកាលពីឆ្នាំ ២០១៦ ហើយកាលពីចុងខែឧសភារដ្ឋាភិបាលបានសម្រេចនឹងអនុញ្ញាតអោយគ្រួសារនីមួយៗអាចមានកូនបានដល់់ទៅ ៣ នាក់។
រឿងរបស់លោកស្រី Song គឺជារឿងទូទៅដែលប្រជាជនចិនបានជួបប្រទះកាលពីមានការអនុវត្តគោលនយោបាយនោះ។ យោងតាមលោក Jiang Quanbao មកពីសាកលវិទ្យាល័យ Xian Jiaotong បានឱ្យដឹងថាចំនួនប្រជាជនភេទស្រីនៅចន្លោះឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១០ មានការថយចុះប្រមាណ ២០ លាននាក់ដោយសារការរំលូតកូន។
លោក Jiang បាននិយាយថា ផលវិបាកដែលនឹងជួបប្រទះគឺសមាមាត្រភេទនៅពេលទារកកើតគឺក្មេងស្រីមានចំនួនតិច។ លោកបានបន្តនិយាយថា បន្ទាប់មកកង្វះក្មេងស្រីសម្រាប់ទំនាក់ទំនងជាមួយបុរសចិននឹងកើតមានឡើងជាបន្តបន្ទាប់។
ជាមួយនឹងការពិបាករកដៃគូក្នុងការរៀបការ កូនរបស់លោកស្រី Song ក៏កំពុងជួបនូវបញ្ហានេះដូចគ្នា។ លោកស្រីរពឹងថានឹងអាចត្រឡប់ទៅស្រុកកំណើតរបស់លោកស្រីវិញ ហើយអាចមើលថែចៅរបស់ខ្លួន ប៉ុន្តែក្តីស្រមៃនេះហាក់ដូចជាមិនអាចសម្រេចបាននោះទេដោយសារកូនប្រុសរបស់លោកស្រីមិនអាចស្វែងរកដៃគូរបស់ពួកគេបាន។
ក្រៅពីប្រទេសចិប ប្រទេសជប៉ុន និងកូរ៉េខាងត្បូងក៏មានអត្រាកំណើតធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលើកទឹកចិត្តពីរដ្ឋាភិបាលសម្រាប់គូស្វាមីភរិយាមានកូនច្រើនក៏ដោយ។

ប្រភព៖ SCMP